សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 17, 2013

នគរបាល​ម្នាក់​​ត្រូវ​បញ្ឈរជើង​ក្រោយ​ចូល​រួម​ពិធី​សំណេះសំណាល​របស់​បក្ស​ប្រឆាំង

ស្នងការ​នគរបាល កំពង់ឆ្នាំង ៦១០
ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង

មន្ត្រី​នគរបាល​រដ្ឋបាល​ឃុំ​កំពង់ហាវ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​ម្នាក់ ត្រូវ​បាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ហៅ​ទៅ​បញ្ឈរ​ជើង ក្រោយ​ពី​មន្ត្រី​រូប​នោះ​បាន​ទៅ​ចូល​រួម​ពិធី​សំណេះសំណាល​រវាង​តំណាងរាស្ត្រ​និង​ម្ចាស់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ភូមិ​កែងតាសុក ឃុំ​កំពង់ហាវ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់​ទុក​សកម្មភាព​នេះ​ថា ជា​ការ​រើសអើង​ផ្នែក​នយោបាយ និង​ផ្ទុយ​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ។
ការិយាល័យ​ផ្នែក​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​បញ្ឈរ​ជើង​ប៉ូលិស​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កំពង់ហាវ​ម្នាក់ មាន​ឋានៈ​ជា​ពលបាលឯក​ឈ្មោះ ថន ថេត ដោយ​ចោទ​ថា មន្ត្រី​រូប​នោះ បាន​អវត្តមាន​ច្រើន​ដង ខុស​វិន័យ​របស់​នគរ​បាល​ជាតិ។ ទោះ​ជា​យ៉ាង​ណា​ការ​បញ្ឈរជើង​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មន្ត្រី​រូប​នោះ បាន​ទៅ​ចូល​រួម​កម្មវិធី​សំណេះសំណាល និង​ហូប​នំបញ្ចុក​រួម​គ្នា​ជា​មួយ​សកម្មជន និង​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​ជា ៣០០​នាក់ មក​ពី​ទូទាំង​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

លោក ថន ថេត មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កំពង់ហាវ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ថា ការ​បញ្ឈរជើង​លោក​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា មក​នេះ គឺ​ជា​រឿង​ដ៏​អយុត្តិធម៌​មួយ​សម្រាប់​រូប​លោក ពី​ព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ច្បាប់​ឡើយ។
លោក​សង្ស័យ​ថា លោក​អធិការ​ស្រុក​កំពង់លែង ឈ្មោះ ប៉ាល់ ជឿន គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​នេះ ពីព្រោះ​កន្លង​មក​លោក និង​លោក​អធិការ​ស្រុក​រូប​នេះ​ធ្លាប់​មាន​ទំនាស់​ពាក្យ​សម្ដី​នឹង​គ្នា ទាក់ទង​នឹង​រឿង​កាត់​ប្រាក់​ខែ និង​សំលៀក​បំពាក់​របស់​លោក ទើប​នៅ​ពេល​ដែល​ឃើញ​រូប​លោក​មាន​សកម្មភាព​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ស្រាប់​តែ​យកលេស​នេះ ឬ​លេស​នោះ​ដើម្បី​ចោទ​ប្រកាន់​តែម្ដង។
លោក ថន ថេត៖ «ខ្ញុំ​គ្រាន់តែ​ប្រាប់​ដែរ ខ្ញុំ​ថា ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ទោះ​បី​ជា​គណបក្ស​ណា​ក៏ដោយ មិន​បាច់​ហៅ​ខ្ញុំ​ទៅ​យាម​កន្លែង​គណបក្ស​ទេ ហើយ​គណបក្ស​ប្រជាជន​ខ្ញុំ​យាមៗ​ឡើង​ឆ្អែត​ក្នុង​ព្រៃ​ភ្នំ​ឯ​នោះ ខ្លាច​ខ្មោច​ក៏​ខ្លាច​ដែរ ដល់​ថ្ងៃ​ហ្នឹង​ចូល​ជប់​លៀង​សង្គ្រោះ​ជាតិ ដែល​មិត្តភ័ក្ដិ​គេ​ហៅ​ទៅ​ហូប​នំបញ្ចុក​សោះ ហើយ​ហៅ​ខ្ញុំ​ទៅ​ធ្វើ​អ៊ីចឹង​វា​មាន​ភាព​អយុត្តិធម៌»
លោក​បញ្ជាក់​ថា លោក​ទើប​តែ​ទទួល​បាន​ព័ត៌មាន​ថា អធិការ​ស្រុក​កំពង់លែង បាន​បញ្ជា​ទៅ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កំពង់ហាវ ឲ្យ​បូក​សរុប​អវត្តមាន​របស់​លោក ដើម្បី​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ដាក់​បន្ទុក​លើ​រូប​គាត់ ក៏​ប៉ុន្តែ​មាន​មន្ត្រី​ប៉ូលិស​ជា​ច្រើន​ផ្សេង​ទៀត​បាន​អវត្តមាន​ច្រើន​ជាង​លោក​រាប់​សិប​ដង ក៏​ប៉ុន្តែ​គេ​មិន​អើពើ​ឡើយ។
វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អធិការ​ស្រុក​កំពង់លែង លោក ប៉ាល់ ជឿន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ដោយ​លោក​ប្រាប់​ថា កំពុង​តែ​ជាប់​រវល់។
ទោះ​ជា​យ៉ាង​ណា ប្រធាន​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក សោម វាសនា មាន​ប្រសាសន៍​ថា ការ​បញ្ឈរ​ជើង​មន្ត្រី​នគរបាល​ឈ្មោះ ថន ថេត ព្រោះ​តែ​បញ្ហា​អវត្តមាន​ច្រើន និង​ឈប់​សម្រាក​គ្មាន​ច្បាប់​ទម្លាប់ គឺ​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​អ្វី​ឡើយ៖«អ៊ីចេះ​បង! មាន​របាយការណ៍​របស់​អធិការ​នគរបាល​ស្រុក​មួយ​រាយការណ៍​ពី​ការ​អវត្តមាន​របស់​គាត់ ប្រាំបី ប្រាំបួន​ខែ​ហ្នឹង​វា​ជាង ២០​ថ្ងៃ​ហើយ​បង។ ចង់​ឲ្យ​គាត់​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ ចាំ​មើល​ដែល​លោក​ស្នងការ​អញ្ជើញ​មក​ខ្ញុំ​នឹង​សុំ​យោបល់​គាត់»
បេក្ខជន​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក គី វណ្ណដារ៉ា មាន​ប្រសាសន៍​ថា ការ​ចូល​រួម​របស់​មន្ត្រី​ប៉ូលិស​ដែល​ត្រូវ​បាន​គេ​បញ្ឈរជើង​នោះ គឺ​គាត់​ស្លៀកពាក់​ស៊ីវិល និង​ចូល​រួម​កម្មវិធី​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ធម្មតា ដូច្នេះ​សកម្មភាព​របស់​សមត្ថកិច្ច​ធ្វើ​ឡើង​នៅ​ពេល​នេះ គឺ​មាន​ការ​រើសអើង​គណបក្ស​នយោបាយ និង​ផ្ទុយ​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​នៅ​កម្ពុជា លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា ការ​ចូល​រួម​របស់​មន្ត្រី​សមត្ថកិច្ច​ក្នុង​សកម្មភាព​នយោបាយ​ជា​មួយ​គណបក្ស​ណា​មួយ​នោះ គឺ​មិន​ខុស​ច្បាប់​នោះ​ទេ៖ «ប្រសិន​បើ​វា​ខុស​ផ្នែក​រដ្ឋបាល​អា​ហ្នឹង វា​មិន​ធ្វើ​មិន​ត្រឹម​ត្រូវ​អី វា​អត់​បញ្ហា​ទេ តែ​បើ​សិន​ជា​មាន​មូលហេតុ​នយោបាយ​រើសអើង​គណបក្ស​ជា​ការ​មិន​ត្រឹម​ត្រូវ​ទេ ដែល​ត្រូវ​តែ​ដូរ​អា​ផ្នត់​គំនិត​ចេញ»
មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​ឃុំ​កំពង់ហាវ លោក ថន ថេត កំពុង​តែ​ជួប​បញ្ហា​ជីវភាព​ក្នុង​គ្រួសារ ដោយ​មាន​កូន​ចំនួន ៥​នាក់​រស់នៅ​ក្នុង​បន្ទុក។ លោក​ស្នើ​សុំ​ឲ្យ​មន្ត្រី​ថ្នាក់​លើ​ជួយ​រក​យុត្តិធម៌​ដោយ​ជំរុញ​ឲ្យ​អធិការ​ស្រុក​កំពង់លែង បើក​ប្រាក់​បៀវត្សរ៍​ចំនួន ១​ខែ ដែល​បាន​កាត់​ពី​គាត់​កាល​ពី​ចុង​ឆ្នាំ​២០១២ កន្លង​ទៅ ហើយ​បញ្ឈប់​ការ​រើសអើង ឬ​ចោទ​ប្រកាន់​រូប​គាត់​ថា ជា​សកម្មជន​គណបក្ស​ប្រឆាំង​ជាដើម៕

No comments:

Post a Comment

yes