សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 21, 2013

តើ​ខ្មែរ​ពិត​ជា​ខ្សាច់​រាយ​មួយ​ចាន​ដែល​មិន​អាច​រួប​រួម​គ្នា​បាន​ឬ?

131121_02
មេ​ដឹក​នាំ​ជាន់​ខ្ពស់​គណ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​​​ នៅក្នុង​ជំនួប​​
មួយ​កាល​ពី​​​ថ្ងៃ​ទី ១៧ ខែ​កញ្ញា​។ រូបថត ហេង ជីវ័ន
កុំ​ធ្វើ​ការងារ​ព្រោះ​ចង់​ល្បី​តែ​ធ្វើ​ការងារ ដើម្បី​បុព្វហេតុ​ពិត​ប្រាកដ​ទើប​មិន​អស់​សង្ឃឹម ព្រោះ​មិន​ល្បី​ទើប​រឹងមាំ​ព្រោះ​ការងារ​មាន​គោលដៅ​។ ការ​ទុក​ការងារ​ជា​សិល្បៈ​គឺជា​សកម្មភាព​ក្រុម​មនុស្ស​ដែល​ចង់​ល្បី តែ​ទី​បំផុត​សុទ្ធ​តែ​មិន​បាន​ការ​ព្រោះ​ទង្វើ​មិន​សុទ្ធ ការងារ​គ្មាន​គំនិត មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​។ ធ្វើ​ការងារ​ពិត​ប្រាកដ​កុំ​ខ្លាច​គេ​មិន​ដឹង ផ្ទុយ​មក​វិញ​បើ​ធ្វើ​ការងារ​បាន​ច្រើន ហើយ​គេ​នៅ​តែ​មិន​ដឹង​នោះ​ទើប​អស្ចារ្យ។
មាតា​កម្ពុជា ត្រូវ​ការ​អ្នក​មាន​សមត្ថភាព ក្លាហាន​មាន​គុណធម៌​មួយ​ក្រុម ដើម្បី​ពូត​ខ្សាច់​រាយ​មួយ​ចាន ឲ្យ​ទៅ​ជា​ថ្ម​រឹង​មួយ​ដុំ ដើម្បី​ទាមទារ​អត្ត​សញ្ញាណ​នៃ​ពូជ​សាសន៍​ដ៏​អស្ចារ្យ ដែល​កសាង​មហា​អាណាចក្រ​អង្គរ​ត្រឡប់​មក​វិញ ទាមទារ​ភាព​អៀន​ខ្មាស​របស់​ប្រជាជន​ខ្មែរ​ត្រឡប់​មក​វិញ។ មាន​តែ​ភាព​ក្លាហាន តែ​គ្មាន​គំនិត​គឺ​ប្រាកដ​ជា​ចាញ់។ ចេះ​តែ​ទប់​មិន​វាយ​គឺ​ប្រាកដ​ជា​ចាញ់​។ មាន​ចិត្ត​ក្លាហាន មាន​គំនិត​តែ​មិន​យល់​ការ គឺ​ប្រាកដ​ជា​ចាញ់។ ចេះ​ទប់​ចេះ​វាយ តែ​មិន​យល់​កាលៈទេសៈ​គឺ​ប្រាកដ​ជា​ចាញ់។ អ្នក​ខ្លាំង​ត្រូវ​មាន​មូលហេតុ បើ​ខ្លាំង​មិន​ត្រូវ​រឿង គឺជា​មនុស្ស​ល្ងង់ ធ្វើ​ការងារ​អាង​តែ​កម្លាំង គឺ​រស់​មិន​បាន​យូរ​។ អ្នក​ខ្លាំង ដែល​មិន​ស្គាល់​ខ្លួន​ឯង​មិន​គួរ​ឲ្យ​ខ្លាច​ទេ ផ្ទុយ​ទៅ​វិញ​មនុស្ស​តូច​ទាប​តែ​ដឹង​ចំណុច​ខ្លាំង​ចំណុច​ខ្សោយ​ខ្លួន​ឯង ច្បាស់ ទើប​គួរ​ឲ្យ​ភ័យ។

គេ​ធ្វើ​ផែនការ ៥ យ៉ាង ដើម្បី​ឲ្យ​ខ្មែរ​ក្លាយ​ទៅ​ជា​ខ្សាច់​រាយ​មួយ​ចាន​តែ​កូន​ល្ងង់ មិន​យល់​ការ​មិន​គិត​កិច្ច​ការ​ធំ គិត​តែ​កាប់​សម្លាប់​ជិះ​ជាន់​ធ្វើ​ទុក្ខបុកម្នេញ​បង​ប្អូន​ឈាម​ឯង ក្នុង​គ្រួសារ​ទៅ​វិញ​។ មហិច្ឆតា​វាតទី​និយម របស់​នគរ​ជិត​ខាង​យើង ដើម្បី​រំលាយ​ស្រុក​ខ្មែរ​មិន​មែន​ជា​រឿង​និទាន​ទេ ក៏​ប៉ុន្តែ​ជា​ផែនការ​យុទ្ធសាស្ត្រ​ប្រាកដ​និយម តាំង​តែ​ពី​ដើម​រហូត​ដល់​ពេល​នេះ ពី​ព្រោះ​ភ័ស្តុតាង​ប្រវត្តិសាស្ត្រ​ច្បាស់​នឹង​ភ្នែក ដី​ខ្មែរ​សុរិន ១២ ខេត្ត នៅ​ខាង​លិច ដី​កម្ពុជា​ក្រោម ២១ ខេត្ត​នៅ​ខាង​កើត បាន​បាត់​បង់​រួច​ទៅ​ហើយ ប៉ុន្តែ​ផែនការ​ឥណ្ឌូចិន មិន​ទាន់​បញ្ចប់​ត្រឹម​នេះ​ទេ តែ​វា​កំពុង​បន្ត​យ៉ាង​សកម្ម​តាំង​ពី​បារាំង​បាន​ដក​ចេញ​ពី​ឥណ្ឌូចិន​មក​ម៉្លេះ​ ដោយ​គេ​អនុវត្ត​ផែនការ ៥ ឆ្នាំ​ម្តងៗ ចំនួន ៥ ផែនការ​ជា​បន្ត​បន្ទាប់ ដើម្បី​បន្ទន់​ឆ្អឹង​ខ្មែរ ហើយ​លេប​ខ្មែរ​ទាំង​មូល​តែ​ម្តង។
ទី១.រណសិរ្ស​យោធា​ពោល​គឺ​ការ​ពិត ខ្មែរ​ក្រហម គ្មាន​ថ្ងៃ​ដែល​អាច​ឡើង​កាន់​អំណាច​បាន​ទេ​ប្រសិន​បើ​ខាង​កើត​មិន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​លុយ ទាំង​សព្វាវុធ​ទាំង​ទាហាន​ដល់​ក្រុម​កុម្មុយនីស្ត​ខ្មែរ​ក្រហម ដែល​បង្កើត​ឡើង​ដោយ​ហូជីមិញ​តាំង​ពី​ឆ្នាំ ១៩៥១ មក​ម៉្លេះ ខ្មែរ​ក្រហម​ជា​ខ្មែរ​តែ​ដើរ​តាម​គំរូ​បដិវត្តន៍ ចិន-វៀតណាម។ ថ្នាក់​កម្មាភិបាល​ខ្មែរ​ក្រហម គឺ​មាន​មនុស្ស​បី​ប្រភេទ ក.យុវជន​ខ្មែរ​គ្មាន​ការ​អប់រំ​រត់​ចូល​ព្រៃ​ម៉ាគី (ព្រៃ​តស៊ូ) ខ.យុវជន​ខ្មែរ​វៀតមិញ​ដែល​ខាង​កើត​យក​ទៅ​លាង​ខួរ​ក្បាល​តាំង​ពី​ទសវត្សរ៍ ទី៤០ ចំនួន ៤០០០ នាក់ គ.យុទ្ធជន​ខាង​កើត​ដែល​ចេះ​ភាសា​អក្សរសាស្ត្រ​វប្បធម៌​សង្គមធម៌ ខ្មែរ​យ៉ាង​ច្បាស់ ត្រូវ​បាន​បញ្ជូន​មក​ចូល​ជួយ​ក្រុម​ខ្មែរ​ក្រហម​តាំង​ពី​ឆ្នាំ ៥០ ដូច​នេះ​នយោបាយ​ខ្មែរ​ក្រហម​គឺ​ដើរ​តាម​ផ្លូវ​គូស​វាស​ពី​ខាង​ក្រៅ​ហើយ មិន​ខុស​ពី​ទីងមោង​ដែល​ត្រូវ​គេ​លើក​បន្តុប ដើម្បី​អនុវត្ត​នយោបាយ​ឲ្យ​ខ្មែរ​ស្អប់​ខ្មែរ​កាប់​សម្លាប់​ឈាម​ឯង កាត់​ដៃ​កាត់​ជើង​ចាក់​ក​បង្ហូរ​ឈាម​ឲ្យ​ខ្សោះ បង្អត់​អាហារ ឈឺ​គ្មាន​ថ្នាំ​គ្មាន​ក្រដាស​ប្រាក់ សម្លាប់​សេដ្ឋកិច្ច​រំលាយ​វប្បធម៌ កម្ទេច​បញ្ញាវន្ត​ដុត​ផ្ទះ​ចោល​បង្ខំ​ឲ្យ​កណ្តុរ​កន្លាត​រត់​ចេញ​ពី​ផ្ទះ​ទៅ​ពឹង​គេ។
៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ​មក​ដល់ ជា​ពេល​វេលា​ល្អ សម្រាប់​កងទ័ព​ខាង​កើត ១២ កងពល បាន​វាយ​ចូល​ភ្នំពេញ ដាក់​ជំនាញ​ការ​គ្រប់​គ្រង​ប្រើ​ទាហាន​គាប​សង្កត់ លើក​បន្តុប​មនុស្ស​មួយ​ក្រុម​ឲ្យ​ដឹកនាំ​ប្រទេស​ខ្មែរ ក្នុង​ទម្រង់​យុទ្ធសាស្ត្រ​សេះ​ត្រូសង្ស (Trojan Horse) រូបភាព​ខ្មែរ​តែ​ខ្លឹមសារ​បរទេស​។ តើ​នេះ​គឺជា​រឿង​យល់​សប្តិ​ចៃដន្យ​ឬ​យ៉ាង​ណា?
ទី២.រណសិរ្ស​នយោបាយ តើ​ជំនាញ​ការ​បរទេស​តាម​ក្រសួង​ថ្នាក់​ជាតិ​ដក​ចេញ​ទៅ​វិញ​ឬ​នៅ? ប៉ុន្តែ​ដើម្បី​អាច​គ្រប់​គ្រង​នគរ​មួយ​ត្រូវ​បាន​គេ​គ្រប់​គ្រង​ក្បាល​ម៉ាស៊ីន​រដ្ឋ និង​កាន់​កាប់​ម៉ាស៊ីន​បក្ស កិច្ចការ ទី១ គឺ រៀបចំ​ឲ្យ​មាន​មនុស្ស​គេ​ជា​បណ្តាញ​បក្ស នៅ​គ្រប់​ទី​កន្លែង​ក្រសួង មន្ទីរ គ្រប់​ខេត្ត​ក្រុង ឲ្យ​កាន់​ការងារ​រដ្ឋ ជំនួស​រាជការ​ជំនាញ​ការ​ជា​អ្នក​សម្រេច​ការងារ​ហើយ​មន្ត្រី​ខ្មែរ បាន​ត្រឹម​លើក​បក្ស​ឲ្យ​ធំ​ជាង​រដ្ឋ បក្ស​មាន រដ្ឋ​ក្រ មន្ត្រី​ធាត់ រាស្ត្រ​ស្គម ចំណែក​កិច្ចការ ទី២ គឺ​លើក​បន្តុប ជួយ​ជ្រោម​ជ្រែង​ក្រុម​ដឹក​នាំ​មួយ​ក្រុម ដែល​មាន​សិទ្ធិ​អំណាច​សម្រេច​កិច្ចការ​ធំៗ កាន់​គោល​នយោបាយ​ជាតិ​ធំៗ ត្រួត​មើល​ការងារ​រដ្ឋ​ធំៗ ក្រោម​យុទ្ធសាស្ត្រ ៣ សម្លាប់ ៤ មធ្យោបាយ គឺ ក.សម្លាប់​ជាតិ​សាសន៍​ក្នុង​ប្រទេស​នោះ​ទាំង​ផ្ទាល់ ទាំង​ប្រយោល​ទាំង​ភ្លឺ​ទាំង​ងងឹត ខ.សម្លាប់ សេដ្ឋកិច្ច​និង​កម្ទេច​ធនធាន​ធម្មជាតិ គ.សម្លាប់​ស្មារតី​ជាតិ​និយម នៃ​ពូជ​សាសន៍​ក្នុង​ប្រទេស​នោះ តាម​រយៈ​មធ្យោបាយ ៤ យ៉ាង។
មធ្យោបាយ ទី១.សម្លាប់​ក្រោម​រូបភាព​សង្គ្រោះ សំដៅ​ដល់​ការ​ជួយ​រំដោះ​ឆ្នាំ ១៩៧៩ ទី២.បំពុល ក្រោម​រូបភាព​បំប៉ន​សំដៅ​ដល់​រោង​បារ៍​គ្រប់​ទី​កន្លែង​ស្រី​ស្រា​ល្បែង ទី៣.បំផ្លាញ​ក្រោម​រូបភាព កសាង ជ្រក​ក្រោម​ស្លាក​អភិវឌ្ឍ​តែ​កាប់​បំផ្លាញ​ព្រៃឈើ​ជីក​កកាយ​រ៉ែ ទី៤.កម្ទេច​ខ្លឹមសារ​ពិត​នៃ​ធម៌ ក្រោម​រូបភាព​ធ្វើ​បុណ្យ ប្រែ​ក្លាយ​វត្ត​អារ៉ាម​ទៅ​ជា​មន្ទីរ​បក្ស​មេ​វត្ត​គឺ​មេ​បក្ស​សង្ឃ ហាម​ឃាត់​សង្ឃ​មិន​ឲ្យ​ចូល​រួម​ជួយ​សង្គម​ក្រោម​លេស​វិន័យ​សាសនា​ប្រជែង​គ្នា​ទេសនា​ធ្វើ​បុណ្យ​យក​ស័ក្តិ​លើក​មុខ​តម្កើង​រូបភាព តែ​មិន​យល់​ខ្លឹម​ធម៌​ពិត​មិន​ដឹង​ធាតុ​បុណ្យ​ច្បាស់ សង្ឃ​មិន​ចំ​សង្ឃ បាយ​បិណ្យ​ជា​បាយ​បាត្រ​។ តើ​នេះ​គឺជា​រឿង​យល់​សប្តិ​ចៃដន្យ?
ទី៣ .រណសិរ្ស​សេដ្ឋកិច្ច​ក្រុមហ៊ុន​យន្តហោះ​របស់​រដ្ឋ Royal Cambodia មាន​តែ​មិន​មើល​ថែទាំ សុខ​ចិត្ត​ទុក​ឲ្យ​ស្លាប់ ហើយ​ទៅ​បង្កើត Cambodia Angkor Air ចូល​ហ៊ុន​ជាមួយ​ខាង​កើត​មាន​តែ​ឈ្មោះ​ខ្មែរ តែ​យន្តហោះ​ប្រតិបត្តិ​ការ​គេ​។ ក្រុមហ៊ុន​ទូរស័ព្ទ​ប្រទេស​ជិត​ខាង​មួយ ចូល​ស្រុក​ខ្មែរ ៦ ខែ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​ខាត​លុយ​រាប់​លាន​បិទ​ទ្វារ​ជា​បន្ត​បន្ទាប់ ដែល​ក្រុមហ៊ុន​នេះ ជា​ក្រុមហ៊ុន​ទូរស័ព្ទ​នៃ​ក្រសួង ការពារ​ជាតិ​របស់​ប្រទេស​គេ ដោយ​ឮ​គេ​ថា​ក្រុមហ៊ុន​នេះ មាន​បំពាក់​ម៉ាស៊ីន​ចារកម្ម​យោធា​ពីរ​គ្រឿង​ទុក​ស្តាប់​សំឡេង​។ សេវា​ក្រុមហ៊ុន​នេះ មាន​តម្លៃ​ថោក​ខ្លាំង ចែក​លេខ​សេរី​ឲ្យ​នគរបាល ទាហាន សិស្ស​និស្សិត​មន្ត្រី​រាជការ។ យក​ដី​សម្បទាន​រាប់​ម៉ឺន​ហិកតា បញ្ចូល​អតីត​យោធិន​មក​គ្រប់​គ្រង​មួយ​គ្រួសារ​មួយ​ហិកតា កុងត្រា​ពី ៧០ ទៅ ៩០ ឆ្នាំ ធ្វើ​កសិ​ឧស្សាហកម្ម​គ្រប់​គ្រង​ដង្ហើម​សេដ្ឋកិច្ច​កសិករ​ខ្មែរ ប្រែ​ក្លាយ​ម្ចាស់​ដី ទៅ​ជា​កញ្ជះ​ស៊ី​ឈ្នួល​គេ បរទេស​ជា​ថៅកែ​រក​ស៊ី​ផង​ធ្វើ​នយោបាយ​លេប​ដី​ផង។ ផលិត​ទំនិញ​ថោក នាំ​ចូល​មក​លក់​ថោក​ជាង​ទំនិញ​ក្នុង​ស្រុក​ដើម្បី​សម្លាប់​សហគ្រាស​តូច​តាច​ក្នុង​ស្រុក​ឲ្យ​រលំ​។ ធ្វើ​កិច្ច​ព្រម​ព្រៀង​ព្រំដែន​ទឹក​ប្រវត្តិសាស្ត្រ​បន្ថែម​ក្តោប​ដង្ហើម សមុទ្រ​លាត​សន្ធឹង​កំពង់ផែ អូកែវ។ តើ​នេះ​គឺជា​រឿង​យល់​សប្តិ​ឬ​ចៃដន្យ?
ទី៤.រណសិរ្ស​សង្គម បំពុល​ក្រោម​រូបភាព​បំប៉ន តាម​រយៈ​ការ​ពង្រីក​រោង​បារ៍ បន​ស្រី​ស្រា​ល្បែង​ដោយ​បង្កើត​ហាង​ពេស្យាចារ ជនជាតិ​ខាង​កើត​គ្រប់​ទី​កន្លែង​ពង្រីក​ហាង​ស៊ី​ផឹក បំពុល​យុវជន​ខ្មែរ​បង្កើត​ក្លិប​ល្បែង​តាម​ព្រំដែន​ប្រើ​ប្រាស់​ហាង​កាហ្វេ​ជា​ប្រភព​យក​ការណ៍​ប្រមូល​ព័ត៌មាន​សង្គម​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​ស្រមោល​គឺ​សមាគម​ជនជាតិ​ខាង​កើត ២៤ ខេត្ត​ក្រុង មើល​ថែរក្សា​យក​ចិត្ត​ទុក​ដាក់​ទំនុក​បម្រុង​លើក​ស្ទួយ​ការពារ​ជនជាតិ​គេ និគម​ជន​គេ។ តើ​នេះ​គឺជា​រឿង​យល់​សប្តិ ចៃដន្យ?
អាច​មាន​មនុស្ស​យល់​ថា វា​មិន​អាច​ទៅ​រួច​ឬ​ថា​វា​ជា​ការ​យល់​សប្តិ​ការ​រវើរវាយ​របស់​អ្នក​ពន្ធ ប៉ុន្តែ​ប្រវត្តិសាស្ត្រ បាន​កើត​ឡើង​រួច​ទៅ​ហើយ ហើយ​ចូរ​ចាំ​ថា អ្វីៗ​ដែល​កើត​ឡើង ក្នុង​នយោបាយ មិន​មែន​កើត​ឡើង​ដោយ​ការ​យល់​សប្តិ​ទេ គឺ​សុទ្ធ​តែ​កើត​ឡើង​ពី​ការ​រៀបចំ​ទុក​ជា​មុន​។ យក​ចរន្ត​សម្ភារ​និយម​របស់​សង្គម ធ្វើ​ជា​ចំណុច​ខ្លាំង​ប្រើ​ប្រាស់​ការ​បែក​បាក់​សាមគ្គី​ជាតិ​ខ្មែរ ជា​ចំណុច​ខ្សោយ​វាយ​ក្រៅ​បំបែក​ក្នុង រុញ​ទូក​បណ្តោយ​ទឹក​ឲ្យ​តម្លៃ​សម្ភារ​ខ្ពស់​ជាង​មនុស្ស​បែង​ចែក​មាន​ក្រ បណ្តុះ​ជំងឺ​អាត្មានិយម យក​រួច​ខ្លួន មិន​ខ្វល់​ពី​អ្នក​ណា​នៅ​ក្នុង​សង្គម​ឡើយ។
ទី៥.រណសិរ្ស​វប្បធម៌ អប់រំ​សុខភាព ពោល​គឺ អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​ជាង​គេ​បំផុត ក្នុង​លោក​នេះ គឺ​មនុស្ស​ល្ងង់​។ ឫស​គល់​រឹងមាំ​ខ្លាំង​ក្លា​របស់​ជាតិ​មួយ​គឺ​នៅ​នឹង​វប្បធម៌ ឫសកែវ​នៃ​វប្បធម៌ គឺ​នៅ​នឹង​សង្គមធម៌ អ្នក​កសាង​សង្គមធម៌ គឺ​មនុស្ស​ខ្មែរ ប្រើ​ប្រាស់​មធ្យោបាយ​អប់រំ បណ្តុះ​បណ្តាល​គំនិត​សាប​ព្រោះ​វប្បធម៌ ភាសា​អក្សរសាស្ត្រ ប្រពៃណី​ទំនៀម​ទម្លាប់ ទស្សនវិជ្ជា សិល្បៈ​ផ្ទុយ​មក​វិញ​ចង់​រំលាយ​ជាតិ​សាសន៍​មួយ ត្រូវ​បំផ្លាញ​ឫសគល់​វប្បធម៌ ចង់​កម្ទេច​ឫសគល់​វប្បធម៌ ត្រូវ​បំពុល​មនុស្ស​ខ្មែរ​ឲ្យ​ទន់​ខ្សោយ​ចង់​ធ្វើ​ឲ្យ​ខ្មែរ​ទន់​ខ្សោយ គឺ​ត្រូវ​បំផ្លាញ​មូលដ្ឋាន​គ្រឹះ​អប់រំ បើ​ដំបូល​សាលា​ធ្លុះ​ធ្លាយ ដំបូល​ជាតិ​ក៏​បែក​បាក់។
បណ្តុះ​ពូជ​តែ​គ្មាន​ខ្លឹម​បង្កើត​រូបភាព តែ​គ្មាន​សារ​ជាតិ មាន​ពណ៌​តែ​គ្មាន​រស់​ជាតិ​មិន​ឲ្យ​រៀន​ប្រវត្តិសាស្ត្រ​ជាក់ស្តែង បង្រៀន​តែ​ត្រូវ​មិន​បង្រៀន​ខុស មិន​ចាំ​មេរៀន​អតីតកាល បំភ្លេច​ដូនតា​មើល​ងាយ​ម្តាយ​ឯង បែង​ចែក​ល្អ​អាក្រក់​មិន​បាន​កំណត់​សត្រូវ​និង​មិត្ត​មិន​ដាច់​ស្រេច​ជាតិ​សាសន៍​ដែល​មិន​ស្គាល់​ខ្លួន​ឯង ជា​ជាតិ​សាសន៍​ដែល​ទន់​ខ្សោយ​បាត់បង់​អំនួត​ជាតិ មើល​ងាយ​ពូជ​សាសន៍​ខ្លួន​ឯង បែក​បាក់​សាមគ្គី​គ្មាន​ការ​ឯកភាព​ជាតិ។
បើ​មើល​តាម​រឿង​រ៉ាវ​ថ្មីៗ​ខ្លះៗ​កន្លង​ទៅ​បក្ស​កាន់​អំណាច​ចង់​ដោះដៃ ស្រាយ​ចំណង​លោត​ចុះ​ពី​លើ​ខ្នង​ក្រពើ​រត់​ទៅ​អោប​ចិន​ក្នុង​រូបភាព​ទំនាក់​ទំនង​ដៃ​គូរ​យុទ្ធសាស្ត្រ​ស៊ីជម្រៅ ដោយ​ចាប់​ផ្តើម​ធ្វើ​ការងារ​បី​ធំ ជា​មុន ទី១.ឈប់​ជួល​យន្តហោះ Cambodia Angkor Air មួយ​គ្រឿង​តម្លៃ ៩០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ទៅ​ជួល​យន្តហោះ​ចិន​មួយ​គ្រឿង​ក្នុង​តម្លៃ​ដូច​គ្នា សម្រាប់​ក្រុម​មេ​ដឹក​នាំ​ខ្មែរ​ហោះ​ហើរ​ទៅ​ធ្វើ​ការងារ​ក្នុង​ពិភពលោក ធ្វើ​នេះ​គឺ​ដើម្បី​សុវត្ថិភាព​មេ​ដឹក​នាំ ទី២.ទិញ​ផ្កាយ​រណប មួយ​គ្រឿង​តម្លៃ ៤០០ លាន​ដុល្លារ​មក​ពី ចិន ប្រើ​ប្រាស់​សម្រាប់​ទូរគមនាគមន៍​របស់​រដ្ឋ​ដើម្បី​ផ្តាច់​ព័ត៌មាន​ពី ក្រុមហ៊ុន​ទូរស័ព្ទ​ និង​អ៊ីនធឺណិត នេះ​ដើម្បី​ឯករាជ្យ​ម្ចាស់​ការ​ព័ត៌មាន​ដោយ​ខ្លួន​ឯង។ ទី៣.ពី​មួយ អាណត្តិ ទៅ​មួយ​អាណត្តិ ជា​ពិសេស នីតិកាល ទី៥ នេះ បាន​កាត់​ដៃ​កាត់​ជើង​មន្ត្រី​ធំៗ​មួយ​ចំនួន ដែល​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង។ តើ​ប្រទេស​ដែល​ខឹតខំ​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​លេប​ត្របាក់​កម្ពុជា ព្រម​លែង​កម្ពុជា​ដែរ​ឬ​ទេ? គេ​ហាក់​ដូច​ជា​ដឹង​ថា មិន​អាច​ទប់​កម្ពុជា​និង​ប្រជែង​ជាមួយ​ចិន​បាន​ទេ។
បើ​ពិត​ជា​ចង់ ធ្វើ​ការងារ​ធំ​ពិត​ប្រាកដ​មែន ការងារ​ដ៏​សំខាន់​ជាង​គេ​បំផុត គឺ​កសាង​មេ​ដឹក​នាំ​ខ្លាំង​មួយ​ក្រុម បណ្តុះ​ឧត្តម​សេនីយ៍​ខ្លាំង​មួយ​កង និង​បង្ហាត់​ទ័ព​ខ្លាំង​មួយ​បន្ទាយ​ជា​មុន​សិន មុន​ចេញ​ច្បាំង ពីព្រោះ​ក្នុង​សង្គ្រាម​គ្មាន​ទ័ព​ណា ដែល​ច្បាំង​មិន​ដែល​ចាញ់​នោះ​ទេ មាន​តែ​ទ័ព​ខ្លាំង​ពិត​ប្រាកដ​ទេ​ដែល​អាច​ឈ្នះ​សមរភូមិ​ច្រើន​ជាង​គេ។ ហេតុ​អ្វី​ក៏​មាន​មនុស្ស​មាន​ជំងឺ​តួឯក​និយម​ច្រើន​ម៉្លេះ​ដែល​យល់​ថា មាន​តែ​ខ្លួន បក្ស​ខ្លួន ពួក​ខ្លួន ក្រុម​ខ្លួន​ទេ ជា​វីរបុរស ជា​អ្នក​ស្នេហា​ជាតិ​? ហេតុ​អ្វី​មិន​ទុក​ប្រៃ​ទុក​សាប ទុក​រឹង​ទុក​ទន់​ទៅ​ម្ខាង ហើយ​យក​ត្រឹម​តែ​ទឹក មក​លាយ​គ្នា ឲ្យ​ទៅ​ជា​មហា​ទឹក​ឲ្យ​រាស្ត្រ​ដែល​កំពុង​ស្រេក​ទឹក​បាន​ផឹក​មួយ​នគរ​ទៅ? ឃើញ​ច្បាស់​នឹង​ភ្នែក​បែប​នេះ​ទៅ​ហើយ​តើ​នៅ​មាន​កូន​ល្ងង់​ណា​ហាន​លើក​ដៃ​សម្លាប់​ឈាម​ឯង​ទៀត​ទេ? ចង់​ដោះស្រាយ​បញ្ហា​ដ៏​ធំ​នេះ មិន​អាច​អំនួត​តក់​ក្រហល់ ការងារ​ច្របូក​ច្របល់ គ្មាន​យុទ្ធសាស្ត្រ​បាន​ទេ។ តើ​ខ្មែរ​ពិត​ជា​ខ្សាច់​រាយ​មួយ​ចាន ដែល​មិន​អាច​រួប​រួម​គ្នា​បាន​មែន​ឬ? មាន​តែ​ខ្មែរ​រួប​រួម​គ្នា​ទេ ទើប​ខ្មែរ​ខ្លាំង។ តើ​យើង​អាច​រួប​រួម​ឈាម​យើង​ដើម្បី​ម្តាយ​ដ៏​កំសត់​របស់​យើង​បាន​ទេ?
និស្សិត​ក្មេង​វត្ត កូន​អ្នក​ស្រែ សូរ សមយុទ្ធ Sosamyuth@gmail.com ខេត្ត កំពង់ឆ្នាំង

No comments:

Post a Comment

yes