សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 22, 2013

សង្គម​ស៊ីវិល​៖ដល់ពេល​ដែល​តុលាការ​ត្រូវ​ដោះលែង​អ្នកទោស​មនសិការយ៉ោមបុប្ផា​


សង្គម​ស៊ីវិល លើកឡើងថា​ ដល់ពេល​ដែល​តុលាការ​ត្រូវ​ដោះលែង​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ ​អ្នកស្រី យ៉ោម បុប្ផា  ដែល​ជាប់ចោទ​ពី​បទ​ផ្តួច​ផ្តើម​ឲ្យ​មាន​ហិង្សា វាយ​អ្នករត់​ម៉ូតូ​ឌុប​​ពីរ​នាក់​ឲ្យ​រងរបួស​នោះ ឲ្យមាន​សេរីភាព​ឡើងវិញ​ហើយ​។​
​ការលើកឡើង​របស់​សង្គម​ស៊ីវិល ធ្វើ​ឡើង​មុន​២​ថ្ងៃ​ដែល​តុលាការ​កំពូល បើក​សវនាការ​លើ​បណ្តឹង​ទាស់​របស់ ​អ្នកស្រី យ៉ោម បុប្ផា នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​​នេះ​។
​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត  មានប្រសាសន៍ថា ដំណាក់កាល​នេះ តុលាការ​កំពូល​គួរ​តែ​​ដោះ​លែង ​អ្នកស្រី យ៉ោម បុប្ផា ដើម្បី​​បង្ហាញ​ពី​ឯករាជ្យភាព​របស់​​ខ្លួន តាម​ការប្រកាស​ធ្វើកំណែទម្រង់​ប្រព័ន្ធ​យុតិ្ដធម៌​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​។ លោក​ថា ការកាត់​ទោស​របស់​សាលាដំបូង និង​សាលា​ឧទ្ធរណ៍​​កន្លងមក មិន​មាន​ភស្តុតាង​ទេ​ ៖ "ចោទ​គេ​ថា​ជា​អ្នក​បញ្ជា​បាន វា​ទាល់​តែ​ចាប់​ជន​ដៃ​ដល់​នៅ​ក្នុង​ករណី​ហ្នឹង យក​មក​សួរ ហើយ​មានការ​ឆ្លើយ​ មានការ​​បង្ហាញ​ភស្តុ​តាង​ត្រឹម​ត្រូវ ទើប​អាច​​ចោទ​ប្រកាន់​អ្នកស្រីយ៉ោម​ បុប្ផា និង​ប្តី​ពី​បទ​ផ្សំ​គំនិត​បាន តែ​ក្នុងករណី​នេះ គឺ​ជន​ដែល​ប្រ​ព្រឹត្ត​ រក​មិន​ទាន់​ឃើញ មិនទាន់​ចាប់​​បាន ទៅ​ចោទ​អ្នក​ស្រី​យ៉ោម បុប្ផា និង​ប្តី​ថា​​ជា​អ្នក​ផ្តើម​​គំនិត សួរ​ថា​តើ​ភស្តុ​​តាង​​ត្រង់​ណា​​ដែល​វា​ស៊ីសង្វាក់គ្នា"។

​ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា យល់ថា ប្រសិន​បើ​តុលាកា​កំពូល​ពិតជា​កាត់ក្តី​ដោយ​ឈរ​លើ​គោលការណ៍​ឯករាជ្យ​មែន​នោះ អ្នកស្រី យ៉ោម បុប្ផា នឹង​បាន​រួច​​ទោស​។​ ប៉ុន្តែ​លោក​គួរតែ​បើក​ការស៊ើបអង្កេត​ពី​ការកាត់ក្តី​របស់​សាលាដំបូង និង​សាលា​ឧទ្ធរណ៍​ឡើងវិញ​។ លោក​ថា បើ​ទោះជា​កម្ពុជា មិនទាន់មាន​ច្បាប់​ដាក់​ទោស​លើ​ចៅក្រម និង​ព្រះរាជអាជ្ញា ដែល​សម្រេចក្តី​ខុស តែ​រដ្ឋាភិបាល​គួរ​ជា​អ្នកទទួលខុសត្រូវ​លើ​ការផ្តល់​សំណង​ដល់​ជនរងគ្រោះ​ ៖ "នេះ​បើ​សិន​ជា​តុលាការ​កំពូល​នឹង​សម្រេច​ក្តី​​ដោយ​ឈរ​លើ​មូលដ្ឋាន​ឯក​រាជ្យ ឈរ​លើ​មូល​ដ្ឋាន​ច្បាប់​ពិត​ប្រាកដ អ្នក​ស្រី យ៉ោម បុប្ផា ត្រូវ​តែ​រួច​ខ្លួន ហើយ​រដ្ឋ​ត្រូវ​តែ​ចេញ​សង​ទៅ​លើ​ជំងឺ​ចិត្ត ទៅ​​​លើ​ការ​ខូច​ខាត​​របស់​អ្នក​ស្រី​យ៉ោម បុប្ផា ដែល​​ត្រូវ​បាន​តុលាការ​រាជ​ធានីភ្នំពេញ និង​​សាលា​ឧទ្ធរណ៍​ ​សម្រេច​ឃុំ​ខ្លួន​កន្លង​មក​នេះ"។
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អះអាងថា ករណី​អ្នកស្រី យ៉ោម បុប្ផា ជា​រឿង​ព្រហ្មទណ្ឌ មិនមែន​ជា​រឿង​បញ្ហា​ដីធ្លី​នោះ​ទេ ដូច្នេះ​មិន​អាច​សម្រប​សម្រួល​បានទេ​។ ប៉ុន្តែ​អភិ​បាល​​រាជធានី​ភ្នំពេញ បាន​ហៅ​ប្តី​អ្នកស្រី យ៉ោម បុប្ផា ទៅ​សម្របសម្រួល​ដើម្បី​ឲ្យ​ក្រុម​អ្នករត់​ម៉ូតូឌុប​ដក​ពាក្យបណ្តឹង និង​ឈាន​​ដល់​ការដោះលែង​សកម្មជន​ដីធ្លី​រូបនេះ​ដោយ​តុលា​ការ​​កំពូល​។​
នាយក​លេខាធិការ​រដ្ឋា​ន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ បាន​ហៅ ការលើកឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ នេះ​ថា គឺ​មិន​បាន​ថ្លឹងថ្លែង​ឲ្យបាន​ច្បាស់​ពី​ករណី​ អ្នកស្រី យ៉ោម បុប្ផា និង​លោក ឈូក បណ្ឌិត​។ លោក​ថា ពេលនេះ ជា​ពេល​ដែល​តុលាការ​កំពូល​ត្រូវ​បង្ហាញ​ពី​កំណែរ​ទម្រង់​ប្រព័ន្ធ​យុតិ្ដធម៌​នៅ​កម្ពុជា​ហើយ​។​
​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា តុលាការ​កំពូល​ទំនងជា​ដោះលែង អ្នកស្រី យ៉ោម បុប្ផា ក្រោម​រូបភាព​ជា​ការ​កាត់​តម្រឹម​​ទោស ឬ​បង្វែរ​សំណុំ​រឿង​​នេះ​ឲ្យ​ឧទ្ធរណ៍​ស៊ើបអង្កេត​ឡើងវិញ​ ៖ "បើ​សិន​ជា​ដោះលែង​ក្នុង​រូប​ភាព​ណា​ក៏​ដោយ ក៏​យើង​ស្វា​គមន៍ ក៏​ប៉ុន្តែ​មិន​ទាន់​ឆ្លុះ​បញ្ចាំងពី​ដំណើរ​ការ​​កែ​ទម្រង់​ប្រ​ព័ន្ធ​តុលាការ​​មួយ ​ដែល​អាច​មានប្រសិទ្ធ​ភាព​នៅ​ឡើយ​ទេ ហើយ​ចំពោះ​ខ្ញុំ​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​តែ​ដោះ​ស្រាយ រឿង​​ករណីធំដែរ​ ព្រោះ​អី​បើ​សិន​ជា​មិន​អញ្ចឹង​ទេ ករណី​ដូច​ជា​លោកស្រី​យ៉ោម បុប្ផា ករណី​អយុត្តិ​ធម៌​ដូច​ជា​លោក​ស្រី​ហ្នឹង គឺ​នឹង​មាន​បន្ត​បន្ទាប់​រហូត"។
​អង្គការ​ប្រឆាំង​ការធ្វើ​ទារុណកម្ម​ពិភពលោក (OMCT) និង​អង្គការ​លើកលែងទោស​អន្តរជាតិ​(Amnesty International) អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះ​លែង​​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់ អ្នកស្រី​ យ៉ោម បុប្ផា ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ ដោយ​ចាត់ទុក​អ្នកស្រី​ជា​អ្នកទោស​មនសិការ​។ អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាល​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ ហើយ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប​ ៦០​លាន​រៀល ចោទ​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​វាយ​អ្នករត់ម៉ូតូឌុប​ពីរ​នាក់​ឲ្យ​រងរបួស​។ តែ​ក្រោយមក​ត្រូវបាន​សាលាឧទ្ទណ៍​ប្តូរ​បទ​ចោទ​ទៅ​ជា​បទ​ផ្តួចផ្តើម​ឲ្យមាន​ហិង្សាវិញ ក្រោយ​ពី​រក​មិនឃើញ​កំហុស និង​សម្រេច​ឲ្យ​ជនជាប់ចោទ ទទួលទោស​២​ឆ្នាំ ដោយ​ព្យួរទោស​មួយឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២០​លាន​រៀល​៕

No comments:

Post a Comment

yes