
កុមារកំពុងធ្វើការក្នុងសិប្បកម្មឡឥដ្ឋមួយនៅស្រុកមុខកំពូល
ខេត្តកណ្តាល។ រូបថត ហុង មិនា
ប្រមាណជា ១០ ភាគរយនៃកុមារកម្ពុជាចន្លោះពីអាយុ ៥ ឆ្នាំទៅ ១៧ ឆ្នាំ គឺជា «កម្មករកុមារ» ដោយធ្វើការងាររកកម្រៃ ហើយដែលត្រូវបានចាត់ទុកថា ខុសច្បាប់ឬមិនស័ក្តិសមនឹងសមត្ថភាពពួកគេខណៈកុមារសឹងតែ ២៤ ម៉ឺននាក់កំពុងធ្វើការងារក្នុងស្ថានភាពគ្រោះថ្នាក់។ នេះបើតាមរបាយការណ៍មួយដែលប្រកាសផ្សាយកាលពីម្សិលមិញ។
របាយការណ៍ការងារកុមារកម្ពុជាឆ្នាំ ២០១២ ដែលចងក្រងដោយវិទ្យាស្ថានស្ថិតិជាតិ ក្រសួង ផែនការ និងអង្គការពលកម្មអន្តរជាតិ បានឲ្យដឹងថា ប្រទេសកម្ពុជាមានកម្មករកុមារប្រមាណ ៤២៩ ពាន់នាក់ហើយ ៣៨៣ ពាន់នាក់ ក្នុងចំណោមពួកគេរស់នៅតំបន់ជនបទ។
បើតាមរបាយការណ៍នេះចំនួនពាក់កណ្តាលនៃកម្មករកុមារទាំងនោះបានបោះបង់ការសិក្សាឬ មិនបានចូលសាលារៀន។ កម្មករកុមារប្រមាណជា ២៣៦ ពាន់នាក់កំពុងធ្វើការងារដែលមានលក្ខណៈគ្រោះថ្នាក់ហើយពួកគេភាគច្រើននៅតំបន់ជនបទ។
របាយការណ៍នេះបន្តឲ្យដឹងថា៖ «កុមារចំនួន ៥ នាក់ក្នុងចំណោមកុមារ ៩ នាក់ ស្ថិតនៅក្នុងការងារគ្រោះថ្នាក់»។
ថ្លែងនៅក្នុងពិធីប្រកាសរបាយការណ៍នេះ កាលពីម្សិលមិញលោក Bijoy Raychaudhuri នាយកគម្រោងសម្រាប់កម្មវិធីលុបបំបាត់ពលកម្មកុមាររបស់អង្គការ ពលកម្មអន្តរជាតិ បានថ្លែងថា ការសិក្សានេះគឺជាការសិក្សាលើកទីមួយនៅក្នុងប្រទេសកម្ពុជា គិតចាប់តាំងពីឆ្នាំ ២០០១ មក។
លោក Raychaudhuri ថ្លែងបន្តថា៖ «រឿងមួយដែលយើងរកឃើញកម្ពុជាដែលមានសេដ្ឋកិច្ចជាលក្ខណៈជនបទ ភាគច្រើនបំផុតនៃការងារកុមារគឺនៅក្នុងវិស័យកសិកម្មនិងការធ្វើការងារនៅក្នុងប្រភេទ អាជីវកម្មក្រៅប្រព័ន្ធ..ពួកគេភាគច្រើនស្ថិតនៅក្នុងវិស័យក្រៅ ប្រព័ន្ធ»។
លោក Raychaudhuri បានថ្លែងបន្តថា ខណៈកុមារជាច្រើនធ្វើការងារដែលអនុញ្ញាតដោយច្បាប់ «កុមារប្រហែល ៥៧ ភាគរយ ក្នុងចំណោមកុមារដែលកំពុងធ្វើការងារគឺស្ថិតនៅក្នុងការងារដែលគប្បីត្រូវលុបបំបាត់»។
«នេះជាសារច្បាស់លាស់មួយដែលរបាយការណ៍នេះបង្ហាញឲ្យឃើញ»។
និយមន័យនៃ «ពលកម្មកុមារ» ដែលប្រើដោយអ្នកនិពន្ធនៃរបាយការណ៍នេះគឺមានលក្ខណៈទូលំទូលាយ។ ប្រសិនបើកុមារម្នាក់អាយុ ៥ ឆ្នាំទៅ ១១ ឆ្នាំពាក់ព័ន្ធគ្រាន់តែរយៈពេលមួយម៉ោងនៃ «សកម្មភាពសេដ្ឋកិច្ច» ក្នុងមួយសប្តាហ៍នោះត្រូវចាត់ទុក «ជាកម្មករកុមារ»។ កុមារអាយុ ១២ឆ្នាំ ទៅ ១៤ឆ្នាំ ដែលធ្វើការងារលើសពី ១២ម៉ោង ក្នុងមួយសប្តាហ៍ឬធ្វើការងារនៅក្នុងស្ថានភាពគ្រោះថ្នាក់ ត្រូវចាត់ទុកថាជា «ពលកម្មកុមារ»។ កុមារអាយុ ១៥ឆ្នាំ ទៅ ១៧ឆ្នាំ ដែលត្រូវបានច្បាប់អនុញ្ញាតឲ្យធ្វើការងារនឹងត្រូវចាត់ទុកថាជា «កម្មករកុមារ» ប្រសិនបើពួកគេធ្វើការងារច្រើនជាង ៤៨ ម៉ោង ក្នុងមួយសប្តាហ៍ឬធ្វើការងារនៅក្នុងស្ថានភាពគ្រោះថ្នាក់៕
No comments:
Post a Comment
yes