
លោក យុត្ថារ៉ា ឆានី និងអ្នកនាង ចន ច័ន្ទលក្ខិណា
រូបថត ឈឹម ស្រីនាង
ក្រោយពីពាក្យបណ្ដឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ពីសំណាក់អ្នកនាង ចន ច័ន្ទលក្ខិណា និងមេធាវីរបស់នាង បានដាក់ចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីលែងលះស្វាមី លោក យុត្ថារ៉ា ឆានី និងក្រោយពីអ្នកទាំងពីរ បានចូលទៅកាន់តុលាការ ទាញហេតុផលផ្ទាល់មាត់កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ រួចមកទីបំផុតនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ តុលាការបានសម្រេចប្រកាសសាលក្រមលែងលះជាផ្លូវការហើយ រវាងបណ្ដឹងលែងប្ដីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ពោលគឺត្រូវចែកផ្លូវគ្នាទៅតាមច្បាប់ ចាប់ពីថ្ងៃនេះតទៅ។
ប្រភពព័ត៌មានទម្លាយចេញពីសំណាក់មន្ត្រីតុលាការបានឲ្យដឹងថា តុលាការបានសម្រេច ប្រកាសសាលក្រមលើបណ្ដឹងលែងលះនេះជាផ្លូវការនៅចំពោះមុខមេធាវី អ្នកនាង ចន ច័ន្ទលក្ខិណា ហើយសាលក្រមមាន៣ចំណុចធំៗ គឺទី១ កូនស្រីម្នាក់ដែលជាចំណងដៃមង្គលការ រយៈពេលជិត២០ឆ្នាំ ត្រូវបានទៅលើលោក យុត្ថារ៉ា ឆានី ជាអ្នកបីបាច់ថែរក្សាបន្ត។ ទី២តម្រូវឲ្យបែកចែកទ្រព្យសម្បត្តិរកស៊ីរួមគ្នា ជាពីរចំណែកស្មើៗគ្នា និងទី៣ តម្រូវឲ្យអ្នកទាំងពីរ អនុវត្តសាលក្រមលែងលះ ចាប់ពីថ្ងៃនេះតទៅ។
ពាក់ព័ន្ធនឹងការប្រកាសសាលក្រមលែងលះនេះ លោក យុត្ថា រ៉ាឆានី បានថ្លែងទាំងភ្ញាក់ផ្អើលថា លោកមិនបានដឹងរឿងអ្វីទាល់តែសោះ ពីសាលក្រម លែងលះនេះ ហើយបើអ្នកកាសែតដឹងជាងលោក សូមឲ្យគេចុះផ្សាយយ៉ាងម៉េចក៏ចុះផ្សាយទៅចុះ។ លោក យុត្ថារ៉ា ឆានី និយាយទាំងសម្ដីញាប់ៗបែបភ្ញាក់ផ្អើលថា៖ «សាលដីកាអីទៀតហើយ...! ខ្ញុំអត់ដឹងទេ ខ្ញុំកំពុងតែជាប់រវល់ បើគេដឹងជាងខ្ញុំឲ្យគេចុះទៅណា ខ្ញុំសុំបន្តិច..! ខ្ញុំកំពុងជាប់រៀបចំឆាក»។
ដោយឡែក តារាសម្ដែងអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាដើមបណ្ដឹង ក្នុងសំណុំរឿងលែងលះប្ដី រហូតប្រកាស សាលក្រមជាស្ថាពរនៅពេលនេះ មិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅល្ងាចថ្ងៃទី២៨នេះ ខណៈទូរស័ព្ទចូល តែគ្មានអ្នកទទួល។
ប៉ុន្តែឪពុកបង្កើតនាង ចន ច័ន្ទលក្ខិណា បានប្រាប់ភ្នំពេញប៉ុស្តិ៍ ទាំងអារម្មណ៍គ្រោតគ្រាតថា៖ «រឿងនោះមិនមែនជាការពិត ដូចអ្វីដែលលេចឮនោះទេ កូនខ្ញុំ និងឆានីនៅរស់នៅជាមួយ គ្នាធម្មតា។ កាលពីបីបួនថ្ងៃមុន លក្ខិណា ទៅសម្តែងនៅម៉ាឡេស៊ី ឆានី ប្តីនាងក៏ទៅជាមួយដែរ គេជូនប្រពន្ធគេទៅហ្នឹងមិនមានអ្វីជាបញ្ហាដូចអ្នកថា និងព័ត៌មាននោះឡើយ មិនមានទេ»។
ជាមួយការផ្តល់ចម្លើយផ្ទុយស្រឡះពីព័ត៌មានលេចឮនោះ ឪពុកនាង ចន ច័ន្ទលក្ខិណា លោក ចន វណ្ណឌី ក៏បានលើកឡើងបែបជាចម្ងល់ដែរថា៖ «ខ្ញុំឆ្ងល់ណាស់កូនៗនៅជាមួយគ្នាធម្មតា ម៉េចក៏ព័ត៌មានចេះតែផ្សាយថា នាងឈ្លោះគ្នា ប្តឹងលែងលះប្តី តើព័ត៌មាននេះបានពីណាបើគ្រួសារគេមិនមានអ្វីផងនោះ»។
បន្ថែមពីការអះអាង នេះ លោក ចន វណ្ណឌី ជាឪពុកនាង ចន ច័ន្ទ លក្ខិណា ក៏បានបញ្ជាក់ថា៖ «កូនឆានី ធ្វើការនៅបាយ័ន ចុះតាមខេត្ត ធ្វើកម្មវិធីតន្ត្រីស្រុកខ្មែរ មានកន្លះខែទៅដល់បីខែទើបមកផ្ទះជួបមុខប្រពន្ធកូនម្តងក៏មាន។ ចំណែក លក្ខិណា នាងនៅផ្ទះការងារសិល្បៈក៏រវល់ដែរ ណាមួយនាងក៏រវល់ការគ្រប់គ្រងហាង ពួកគេមិនសូវបានជួបមុខគ្នាមែន តែខ្ញុំប្រាប់ថា ចំណងស្នេហ៍ប្តីប្រពន្ធកូនខ្ញុំមិនមានអ្វីប្រែប្រួលដូចព័ត៌មានគេនិយាយនិងយកទៅសរសេរនោះទេ»។
ឆ្លើយនឹងសំណួរដែលភ្នំពេញប៉ុស្តិ៍សួរថា ចំណងស្នេហ៍កូនអ៊ំមាន រស់នៅក្នុងសម្ព័ន្ធភាពធម្មតា ម៉េចបានជាព័ត៌មានចេញពីមន្ត្រីតុលាការថា អ្នកនាង ចន ច័ន្ទលក្ខិណា បានទៅដាក់ពាក្យលែងប្តី និងអមជាមួយមេធាវីធ្លាប់បានចូលទាញហេតុផលផ្ទាល់មាត់ម្តងកាលពីថ្ងៃទី៣១ ខែតុលាមុននេះ។
ឪពុកនាង ចន ច័ន្ទលក្ខិណា បានឆ្លើយដោយខ្លីថា៖ «រឿងនោះជារឿងគេចេះតែប្រឌិត យកចេញជាព័ត៌មាន និងបានព័ត៌មានលក់ដាច់ ចំណែកឯការពិត កូនខ្ញុំទាំងពីរមិនមានអ្វីកើតឡើងដូចគេនិយាយទេ។ ដូចដែលខ្ញុំបានប្រាប់មុននេះថា មិនមានជម្លោះណាឈានដល់ការប្តឹងលែងប្តីនោះទេ»។
ផ្ទុយពីការអះអាងរបស់ឪពុកបង្កើត កាលពីប៉ុន្មានថ្ងៃមុននេះពេលដែលអ្នកនាង ចន ច័ន្ទលក្ខិណា មកពីប្រទេសម៉ាឡេស៊ីវិញ នាងបានទទួលស្គាល់ថា ចន ច័ន្ទលក្ខិណា បានទទួលស្គាល់ការប្តឹងសុំលែងលះប្តីនោះគឺជាការពិត ប៉ុន្តែអ្នកនាងបានបដិសេធការប្តឹងលែងប្តីនោះ មិនមានពាក់ព័ន្ធនឹងស្នេហាត្រីកោណជាមួយបុរសពាក់ផ្កាយណាម្នាក់ ឡើយ ដោយអ្នកនាងបានលើកឡើងយ៉ាងដូច្នេះថា ការបែកបាក់ ឬមិនបែកបាក់ជាមួយស្វាមី របស់អ្នកនាង ជារឿងជីវិតឯកជន ផ្នែកផ្ទៃក្នុងគ្រួសារប៉ុណ្ណោះ គ្មានពាក់ព័ន្ធទៅនឹងមេទ័ពពោះម៉ាយ ឬបុគ្គលណាផ្សេងជាអ្នកទី៣ ចូលជ្រៀតជ្រែកឡើយ។
អ្នកនាង ចន ច័ន្ទលក្ខិណាក៏បានបញ្ជាក់ផងដែរថា៖ «គឺកើតចេញពីការរស់នៅមិនចុះសម្រុងជាមួយគ្នាយូរមកហើយ ទើបយើងជ្រើសរើសយកការចែកផ្លូវគ្នានេះ»។
ទាក់ទងនឹងការចេញសាលក្រម ភ្នំពេញ ប៉ុស្ដិ៍បានព្យាយាមទាក់ទងលោកចៅក្រម ម៉េង តូនី ដែលទទួលធ្វើការលើបណ្ដឹងនេះដែរ ប៉ុន្តែទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន៕
No comments:
Post a Comment
yes