
ពលរដ្ឋដែលទៅទស្សនាប្រាសាទព្រះវិហារធ្វើការបួងសួងមុខបារមី
លោកតាឌី។ រូបថត ហេង ជីវ័ន
ខណៈមន្រ្តីការទូតកម្ពុជាទុកពេលឲ្យសមភាគីថៃធ្វើការបកស្រាយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធនឹងតំបន់ជម្លោះប្រាសាទ ព្រះវិហារ ការជជែកគ្នារវាងប្រទេសទាំងពីរស្តីពីទីតាំងជាក់លាក់នៃព្រំដែនថ្មីនៅកំពុងស្ថិតក្នុងការរង់ចាំនៅឡើយ។
ប៉ុន្តែខណៈការកំណត់ខណ្ឌសីមានៃបន្ទាត់ថ្មីទំនងនឹងមិនត្រូវបានកំណត់នាពេលឆាប់ៗ ប្រជាជនកម្ពុជាជាច្រើននៅតំបន់ប្រាសាទព្រះវិហារនឹងស្វែងរកនរណាម្នាក់ទៀតដើម្បីការពារដីកំណើតរបស់ខ្លួននោះគឺ បារមី តាឌី។
តាមរឿងព្រេងនិទាន តាឌី គឺជាមេបញ្ជាការយោធាខ្មែរក្រោយសម័យអង្គរ ដែលមានតួនាទីការពារប្រាសាទព្រះវិហារពីការឈ្លានពានរបស់ ប្រទេស ថៃ ដែលកាលនោះហៅថា សៀម។
ដោយមិនអាចតទល់នឹងកម្លាំងវាយប្រហារនិងប្រហែលជាអាចចាញ់ តាឌី ត្រូវគេនិទានថា បាន លោតចុះនៅតំបន់ជ្រលងជ្រោះដ៏ខ្ពស់នៅប្រាសាទព្រះវិហារ ដែលតុលាការយុត្តិធម៌អន្តរជាតិ បានប្រគល់មកឲ្យកម្ពុជាកាលពីសប្តាហ៍មុន ដើម្បីកេណ្ឌទ័ពខ្មោចការពារទឹកដី ហើយបានធ្វើឲ្យគាត់ក្លាយជាវីរបុរសរបស់ប្រជាជននៅក្នុងតំបន់នោះ។
លោកបណ្ឌិត រស់ ចន្ត្រាបុត្រ អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា៖ «វាជារឿងព្រេងដ៏មានប្រជាប្រិយក្នុងចំណោមប្រជាជននៅខេត្ត ព្រះវិហារ»។
លោកបានបន្តថា៖ «គាត់មិនអាចបញ្ឈប់ការសម្រុកចូលរបស់សៀម គាត់គ្មានជម្រើសដទៃទៀត ដើម្បីការពារមាតុប្រទេស ដូច្នេះគាត់បានលោតចុះ។ ខ្ញុំបានលោតចុះទៅដើម្បីកេណ្ឌទ័ពខ្មោចបិសាចឲ្យមកជួយការពារ ប្រទេសកម្ពុជា»។
លោក រស់ ចន្ត្រាបុត្រ បានសន្មតថា៖ «ជំនឿរបស់ប្រជាជនកម្ពុជាគឺថា ខ្មោច តាឌី នឹងការពារពួកគេពេលនោះ»។
បើទោះជា តាឌី ត្រូវបាននិទានតគ្នាថា បានរស់នៅនិងប្រយុទ្ធការពារទឹកដីនៅក្នុងសតវត្សរ៍ទី ១៤ និង ១៥ ក៏ដោយ ក៏លោក រស់ ចន្ត្រាបុត្រ បញ្ជាក់ថា គាត់ទំនងជា «តួអង្គប្រឌិតដោយបានបង្កើតប្រឌិតញាណ»។
ប៉ុន្តែបើទោះជាដូច្នេះក៏ដោយរឿងព្រេងរបស់ តាឌី នៅតែខ្លាំងដូចភ័ស្តុតាងបង្ហាញនៅទីសក្ការៈមួយចំនួនរបស់គាត់នៅខេត្ត ព្រះវិហារ រួមទាំងនៅកំពូលភ្នំដែលគេនិយាយថា គាត់លោតចុះផង។ សូម្បីមកដល់សព្វថ្ងៃនេះ ដោយមិននិយាយពីទាហាន ប្រជាជនមូលដ្ឋានធ្វើការបន់ស្រន់សូមឲ្យ តាឌី ធ្វើការការពារកម្ពុជាពីការឈ្លានពានរបស់ថៃ។
អ្នកស្រី សេង គន្ធចាន់ ដែលជាអ្នកមើលថែបដិមា តាឌី នៅប្រាសាទ ព្រះវិហារ បានថ្លែងថា៖ «យើងតែងតែឲ្យប្រជាជនមកគោរពបដិមានេះ ជាពិសេសនៅថ្ងៃពេញបរមី»។
ដោយខុសពីកន្លែងសក្ការៈតូចមួយនៅភ្នំ ទ្រព្យ ទីកន្លែងសក្ការៈរបស់អ្នកស្រី គន្ធចាន់ គឺមានបដិមាសំរឹទ្ធកម្ពស់បីម៉ែត្រ ជាមួយនឹងការដុតធូបទៀននិងបារី។
អ្នកស្រី គន្ធចាន់ បានថ្លែងថា៖ «មូលហេតុដែលប្រជាជនជាច្រើនជឿបដិមានេះគឺថា កាលពីឆ្នាំ ២០០៨ គាត់មកពន្យល់សបិ្តប្រាប់អ្នកស្រុកថានឹងមានសង្គ្រាម ហើយថៃនឹងបាញ់មកលើយើង»។ អ្នកស្រីបន្តថា គាត់ក៏បានពន្យល់សប្តិខ្ញុំផងដែរ។ «ខ្ញុំយល់សបិ្តថា ផ្សារឆេះ ប៉ុន្តែគ្មាននរណាម្នាក់រងរបួស។ ដូច្នេះ ខ្ញុំបានប្រាប់ប្តីខ្ញុំឲ្យទៅរើទ្រព្យសម្បត្តិចេញពីផ្សារ។ នៅថ្ងៃបន្ទាប់ផ្សារក៏ឆេះមែន»។
ទំនិញរបស់អ្នកស្រី គន្ធចាន់ ត្រូវបានបាត់បង់នៅថ្ងៃនោះ ប៉ុន្តែប្តីរបស់គាត់ដែលជាឆ្មាំព្រំដែន បានជឿយ៉ាងខ្លាំង ហើយសូម្បីតែ លោក ឌី ផេន ដែលធ្លាប់ជាប្រធានការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា‑ថៃ ក៏ជឿអំពីសប្តិរបស់អ្នកស្រី គន្ធចាន់ ដែរ។ លោក ឌី ផេន មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេពីម្សិលមិញ។
ទាហានម្នាក់ឈ្មោះ ដេង ហាប បានទៅកន្លែងទីសក្ការៈនេះដែរមុនការចេញសេចក្តីសម្រេចរបស់ ICJ ដោយបួងសួងសុំកុំក៏ឲ្យមានការប៉ះទង្គិចគ្នា។
លោកថ្លែងពីរថ្ងៃបន្ទាប់ពីការចេញសាលដីកាថា៖ «ខ្ញុំបានមកបន់ស្រន់នៅទីនេះពីព្រោះខ្ញុំចង់បានសន្តិភាព។ ខ្ញុំបន់ស្រន់រាល់ពេលដែលខ្ញុំឆ្លងកាត់ទីនេះ»។
លោកបន្តថា៖ «ថ្ងៃនេះ ខ្ញុំមកអរគុណដួងព្រលឹងរបស់គាត់ ពីព្រោះយើងបានឈ្នះ ICJ ប៉ុន្តែខ្ញុំនៅតែបន់ស្រន់សូមកុំឲ្យមានសង្គ្រាម»។
លោក ដេង ហាប មិនមែនជាទាហានតែម្នាក់ដែលគោរព តាឌី ទេ ប៉ុន្តែ ក៏មានទាហានដទៃៗច្រើនទៀតដែរ។ បើតាមទាហានម្នាក់ទៀតគឺលោក ប្រាង ឆន ដែលនៅប្រចាំការនឹងប្រាសាទព្រះវិហារតាំងពីឆ្នាំ ២០០៨ បានឲ្យដឹងថា៖ «ទាហានទាំងអស់នៅទីនេះជឿលើបារមី តាឌី»។
លោកបន្តថា៖ «ប្រសិនបើខ្ញុំទៅច្បាំង ហើយខ្ញុំបន់បារមីគាត់ឲ្យការពារខ្ញុំឲ្យមានសុវត្ថិភាព គ្មាននរណាម្នាក់រងរបួសទេ»។ លោកបន្ថែមថា៖ «ប្រហែលជាបារមី តាឌី ទៅបញ្ចុះបញ្ចូលតុលាការ» ដោយធ្វើឲ្យកម្ពុជាទទួលបានជោគជ័យនៅ ICJ។
បើតាមលោក ឆន ពួកថៃក៏បន់ស្រន់ តាឌី សុំឲ្យមានសន្តិភាពដែរបើទោះជា តាឌី មិនមែនជាជនជាតិថៃក៏ដោយ។
សូម្បីតែមេបញ្ជាការផ្កាយពីរ លោក ស្រី ឌឹក ដែលជាមេបញ្ជាការកងពលទទួលបន្ទុកព្រះវិហារ បានថ្លែងកាលពីម្សិលមិញថា លោកក៏បន់ស្រន់ តាឌី ដែរ។
លោកថ្លែងថា៖ «វាជាធម្មតាទេ ដែលយើងធ្វើការបន់ស្រន់អ្នកតាដោយសារខ្ញុំជាខ្មែរ ខ្ញុំត្រូវតែជឿលើបារមីនៅកន្លែងដែលខ្ញុំរស់នៅដូច្នេះនៅព្រះវិហារ ប្រជាជនជឿបារមី តាឌី ដូច្នេះខ្ញុំត្រូវតែជឿគាត់ដូចគ្នាដែរ»។
ជំនឿវាជារឿងមួយ ប៉ុន្តែទោះយ៉ាងណា លោកបានថ្លែងថា នៅពេលលោកទៅចរចាជាមួយសមភាគីថៃ គឺវាមានតែគោលនយោបាយរបស់រដ្ឋាភិបាលប៉ុណ្ណោះដែលលោកគោរពតាម៕


No comments:
Post a Comment
yes