
(រូបភាពពី របាយការណ៍នៃក្រុមកិច្ចការពិសេសសិទ្ធិមនុស្ស)
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ជំរុញរដ្ឋាភិបាល និងអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការស៊ើបអង្កេតជាបន្ទាន់ លើករណីក្រុមហ៊ុន ទ្រី ភាព ដែលត្រូវបានរបាយការណ៍ស៊ើបអង្កេតមួយចោទថា កំពុងកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើខុសច្បាប់ទៅលក់ក្រៅប្រទេស។
ការជំរុញនេះ ធ្វើឡើងក្រោយពី លោក ទ្រី ភាព ម្ចាស់ក្រុមហ៊ុន ទ្រីភាព គ្រុប បានចេញមុខឆ្លើយតបទៅនឹងរបាយការណ៍របស់ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានដើមអម្ពិលថា ក្រុមហ៊ុនរបស់លោក បច្ចុប្បន្ននេះ មានផ្ទៃដី ត្រឹមតែ ២១.០០០ហិកតាប៉ុណ្ណោះ ហើយផ្ទៃដីទាំងនេះ គឺដាំដំណាំកសិ-ឧស្សាហកម្មកៅស៊ូ និងម្រេច ខុសពីរបាយការណ៍ដែលលើកឡើងថា ក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ច រហូតដល់ទៅជិត ៧ម៉ឺនហិកតា។ លោក ទ្រី ភាព បានច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ទាំងឡាយ ដែលថា ក្រុមហ៊ុន បានដឹកជញ្ជូនឈើខុសច្បាប់ ហើយលោក បានប្រគល់ផ្ទៃដី មិនទាន់ឈូសឆាយ ជាង ១ម៉ឺនហិកតា ជូនរាជរដ្ឋាភិបាលវិញ ដើម្បីយកទៅធ្វើជាតំបន់អភិរក្សបរិស្ថាន។
តំណាង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ចាត់ទុកថា ការដែលក្រុមហ៊ុន ទ្រី ភាព ចេញមុខប្រកាសប្រគល់ដីសម្បទាន ១ម៉ឺនហិកតា ត្រលប់មករដ្ឋាភិបាលវិញ ដោយពុំមានការអភិវឌ្ឍន៍អ្វីនោះ គឺបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុននោះ អនុវត្តការងារ ផ្ទុយពីកិច្ចសន្យាជាមួយរាជរដ្ឋាភិបាល ដែលទាមទារឲ្យរដ្ឋាភិបាល គប្បីស៊ើបអង្កេតករណីនេះ ៖
ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ខកចិត្តចំពោះរដ្ឋាភិបាល ដែលមិនមានចំណាត់ការលើរឿងនេះ ថែមទាំងលើកទឹកចិត្តដល់ក្រុមហ៊ុននេះ បន្តសកម្មភាពខុសច្បាប់។ លោក ព្រមានថា បើរដ្ឋាភិបាលនៅតែបន្តលម្អៀងទៅកាន់ក្រុមហ៊ុន មិនចាត់វិធានការទៀតនោះ បណ្តាញសហគមន៍ព្រៃឈើ នឹងធ្វើសកម្មភាពតវ៉ាជាមួយក្រុមហ៊ុន ទ្រី ភាព ហើយដាក់ពាក្យបណ្តឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីរកយុត្តិធម៌ ៖
របាយការណ៍ស៊ើបអង្កេតក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយម្សិលមិញនេះ បង្ហាញថា ឧកញ៉ា ទ្រី ភាព បានចំណាយលុយប្រចាំខែ១លានដុល្លារ បង់ឲ្យក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដឹកឈើពីស្រុកខ្មែរទៅលក់នៅប្រទេសវៀតណាម ឬចិន។
ករណីនេះ ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី លោក ហ៊ីង ប៊ុនហៀង ថាលោក មិនបានដឹងពីររឿងនេះឡើយ។ ចំណែកឯ ជំនួយការលោកឧកញ៉ា ទ្រី ភាព គឺលោក អ៊ុក កុសល ចាត់ទុករបាយការណ៍ស៊ើបអង្កេតនោះថា ជារបាយការណ៍មិនត្រឹមត្រូវ ៖
របាយការណ៍ស៊ើបអង្កេតនេះ ឲ្យដឹងថា ក្រុមហ៊ុន ទ្រី ភាព ត្រូវបានរដ្ឋាភិបាល ផ្តល់សិទ្ធិប្រមូលទិញឈើពីគ្រប់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដែលមាន ២៧តំបន់នៃខេត្តចំនួន ១២ គ្របដណ្តប់ដោយព្រៃឈើ ក្នុងនោះ មានគម្រោងអភិវឌ្ឍន៍ និងគម្រោងសម្បទានសេដ្ឋកិច្ច។ ក្រុមហ៊ុន ទ្រី ភាព ទទួលដីសម្បាទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចំនួន ៦៨០៨៨ហិកតា នៅក្នុងខេត្តចំនួន១២ តាមរយៈការបំបែកឈ្មោះជាក្រុមហ៊ុនតូចៗ ដោយក្រុមហ៊ុនខ្លះ បានយកឈ្មោះអ្នកស្រី ម៉ៅ ម៉ុម ដែលជាភរិយារបស់លោក ទ្រី ភាព មកឈរឈ្មោះ៕
No comments:
Post a Comment
yes