
ជនជាតិវៀតណាម ទាំងពីរនាក់នេះបានចូលមកកាប់ឈើនៅដីខ្មែរ
ចំណុចប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកអូរថ្មដា ក្នុងស្រុកអូរយ៉ាដាវ
ខេត្តរតនគិរី កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣
ក្រុមសហគមន៍ជនជាតិដើមភាគតិច អ្នកអភិរក្សព្រៃឈើនៅតំបន់ជាប់ព្រំដែនប្រទេសវៀតណាម ក្នុងខេត្តរតនគិរី អះអាងថា ពលរដ្ឋវៀតណាម នៅតែបន្តចូលមកលួចអាររំលំឈើមានតម្លៃក្នុងព្រៃសហគមន៍ ហើយដឹកជញ្ជូនឆ្លងដែនទៅកាន់ប្រទេសវៀតណាម។
ប្រជាពលរដ្ឋសហគមន៍ជនជាតិដើមចារ៉ាយ រស់នៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ចោទប្រកាន់តម្រួតព្រំដែនខ្មែរថា ជាអ្នកបើកដៃឲ្យពលរដ្ឋវៀតណាម ចូលមកកាប់ឈើក្នុងដីខ្មែរបំពានច្បាប់។
ការចោទប្រកាន់នេះ ធ្វើឡើងនៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា បន្ទាប់ពីអ្នកល្បាតព្រៃសហគមន៍មួយក្រុម បានប្រទះឃើញពលរដ្ឋវៀតណាម ២នាក់ ប្រដាប់ដោយម៉ាស៊ីនកាត់ឈើមួយគ្រឿង កំពុងអាររំលំឈើក្នុងព្រៃមួងតូម ជិតប៉ុស្តិ៍ការពារព្រំដែនអូរថ្មដា កាលពីរសៀលថ្ងៃទី២៥ កន្លងទៅ។
តំណាងសហគមន៍ លោក រម៉ាស់ ស្វាន់ មានប្រសាសន៍បញ្ជាក់ថា ជនជាតិវៀតណាម អ្នកលួចកាប់ឈើព្យាយាមប្រើកាំបិតតដៃជាមួយសហគមន៍ ហេតុនេះក្រុមសហគមន៍មិនអាចឃាត់ខ្លួនពួកគេបានទេ គឺរឹបអូសបានតែម៉ាស៊ីនកាត់ឈើមួយគ្រឿង នាំមកប្រគល់ជូនមេភូមិ។ លោកបន្តថា មួយថ្ងៃបន្ទាប់ពីសហគមន៍រឹបអូសម៉ាស៊ីនកាត់ឈើ មន្ត្រីប៉ូលិសព្រំដែនប៉ុស្តិ៍ថ្មដា ចំនួន បួននាក់ ដឹកនាំដោយប៉ូលិសឈ្មោះ ពិត បាននាំជនជាតិវៀតណាម ម្នាក់មកសម្រុះសម្រួលសុំយកម៉ាស៊ីនកាត់ឈើទៅវិញ ជាថ្នូរនឹងបង់ប្រាក់ពិន័យជូនសហគមន៍ ប៉ុន្តែសហគមន៍មិនយល់ព្រម៖ «អត់ទេ អត់មានដីវៀតណាម ទេ ដីខ្មែរយើង ៦គីឡូម៉ែត្រពីព្រំវៀតណាម មក។ គេទៅល្បាតព្រៃគេ ឃើញគេចាប់យកមក។ គេថាអ្នកប៉ុស្តិ៍ហ្នឹងហើយ គេឲ្យពួកខ្ញុំចូលមកកាប់ សុំពីប៉ុស្តិ៍ហ្នឹងហើយ»។
ប្រធានភូមិឡំ លោក សេវ លីន មានប្រសាសន៍បញ្ជាក់ថា សហគមន៍បានរាយការណ៍ជូនលោកពីករណីនេះហើយ ប៉ុន្តែលោកមិនទាន់ស្វែងរកអត្តសញ្ញាណពិតប្រាកដរបស់មន្ត្រីប៉ូលិសប៉ុស្តិ៍ ដែលមកសម្របសម្រួលយកម៉ាស៊ីនពីសហគមន៍នៅឡើយ៖ «គេថាមាន ប៉ុន្តែមិនដឹងឈ្មោះពីណាទេ។ ខ្ញុំសួរវៀតណាម ហ្នឹង វៀតណាម គេថាខ្ញុំអត់ដឹងដែរ ព្រោះគេទើបចូលថ្មី»។
នេះ គឺជាករណីថ្មីមួយទៀត ដែលសហគមន៍បានរាយការណ៍ និងចាប់បានវត្ថុតាងពីពលរដ្ឋវៀតណាម ចូលមកកាប់ឈើលើដីខ្មែរ។ ករណីដូចគ្នានេះ បានកើតមានជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០១៣។ ស្នងការប៉ូលិសខេត្តរតនគិរី លោក រ៉ាយ រ៉ៃ មានប្រសាសន៍បញ្ជាក់ថា លោកមិនទាន់បានទទួលសេចក្តីរាយការណ៍ពីករណីនេះទេ៖ «ថ្មដា វាមានពីរបីថ្មដា មិនដឹងថ្មដា ចំណុចណាចាំមើលខ្ញុំសួរសិន ចាំមើលខ្ញុំទាក់ទងសិន អត់ដឹងទេខ្ញុំ»។
ទោះជាយ៉ាងនេះក៏ដោយ មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក (Adhoc) ខេត្តរតនគិរី លោក ឆាយ ធី ទទួលស្គាល់ថា លោកក៏បានទទួលទូរស័ព្ទពីប៉ូលិសការពារព្រំដែន សុំសម្របសម្រួលករណីនេះ។ លោកបន្តថា នេះជាករណីបំពានច្បាប់ ហេតុនេះស្ថាប័នលោកបានអន្តរាគមន៍ទៅអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការក្នុងបញ្ហានេះ៖ «ម្សិលមិញ គ្នាវាម្នាក់អមដំណើរដោយមន្ត្រីវរការពារព្រំដែន ៤នាក់ មកសុំធ្វើការដោះស្រាយម៉ាស៊ីន ហើយម៉ោង ២រសៀលថ្ងៃនេះ គេហ៊ានរហូតគេចូលមកដីខ្មែរ ហើយសុំម៉ាស៊ីនមកដោយខ្លួនឯង»។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា អ្នកសារព័ត៌មានប្រចាំខេត្តរតនគិរី បីរូប គឺអ្នកកាសែតកោះសន្តិភាព កាសែតនគរធំ និងកាសែតកម្ពុជាថ្មី ត្រូវបានតម្រួតព្រំដែនវៀតណាម ឃាត់ខ្លួននៅចំណុចក្បែរប៉ុស្តិ៍ប៉ូលិសការពារព្រំដែនភូមិឡំ ខណៈអ្នកសារព័ត៌មានទាំងនោះព្យាយាមទៅថតរូបភាពទីតាំងស្តុកឈើមួយ ដែលវៀតណាម ប្រមូលឈើពីដីខ្មែរទៅស្តុកនៅទីនោះ។ អ្នកកាសែតទាំងនោះត្រូវតម្រួតវៀតណាម បង្ខំឲ្យលុបរូបភាពក្នុងម៉ាស៊ីនថតរូប និងរូបវីដេអូចោលអស់ ទើបធ្វើកំណត់ហេតុប្រគល់អ្នកកាសែតទាំងបីមកតម្រួតព្រំដែនខ្មែរវិញ។
នៅរសៀលថ្ងៃដដែលនេះ អាជ្ញាធរខេត្តបានចាត់វិធានការភ្លាម ចាប់ជនជាតិវៀតណាម ពីរនាក់ ដែលបានចូលមកជួបសហគមន៍ ដើម្បីសុំដោះស្រាយយកម៉ាស៊ីនកាត់ឈើវិញ បន្ទាប់ពីមន្ត្រីសមាគមអាដហុក សុំកិច្ចអន្តរាគមន៍ឲ្យឃាត់ខ្លួនពួកគេ។ អធិការប៉ូលិសស្រុកអូរយ៉ាដាវ លោក ម៉ា វិចិត្រ មានប្រសាសន៍បញ្ជាក់ថា ជនជាតិវៀតណាម ទាំងពីរ និងវត្ថុតាងម៉ាស៊ីនកាត់ឈើ ត្រូវបញ្ជូនមកស្នងការដ្ឋានប៉ូលិសខេត្ត ដើម្បីសាកសួរ និងដោះស្រាយតាមច្បាប់៕
No comments:
Post a Comment
yes