
គំនរឈើជាច្រើនកំណាត់ស្តុកក្នុងឃ្លាំងក្រុមហ៊ុនដីសម្បទាន
រូបថត សហការី
បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីពលរដ្ឋ អង្គការ អាដហុក ខេត្ត រតនគិរី បានធ្វើការស៊ើបអង្កេតនិងរកឃើញឈើប្រណីតរាប់ពាន់ដុំនៅក្នុងឃ្លាំងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច និងកំពុងដឹកតាមទូកចេញនៅក្នុងស្រុក លំផាត់។
ពលរដ្ឋចំនួន ១២៤ គ្រួសារកាលពីថ្ងៃ ទី១៣ ខែ វិច្ឆិកា កន្លងមកនេះ បានដាក់ពាក្យបណ្តឹងទៅសមាគម អាដហុក ខេត្ត រតនគិរី សុំអន្តរាគមន៍បន្ទាន់ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃ លំផាត់ ហើយបានដឹកចូលទៅកាន់ដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ឈ្មោះ ដូនពេញ (អាហ្គីកូ ខូអិលធីឌី) និង ហ័ងអាញ លំផាត់។
លោក ឆាយ ធី អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្ស អាដហុក ខេត្ត រតនគិរី បានឲ្យដឹង ថា អាដហុក និងអ្នកភូមិ ២០នាក់ បានចុះទៅស៊ើបអង្កេតនិងបានរកឃើញឈើធ្នង់ និងនាងនួន រាប់ពាន់កំណាត់ត្រូវក្រុមហ៊ុនស្តុកទុក និងកំពុងរៀបដាក់ទូកដើម្បីដឹកចេញ។
លោក ធី បញ្ជាក់ថា៖ «ឈើធ្នង់ទាំងនេះត្រូវគេកាប់និងដឹកចេញពីដែនជម្រកសត្វព្រៃ លំផាត់ ខុសច្បាប់ និងមានការឃុបឃិត ជួយការពារពីមន្ត្រីបរិស្ថានដែនជម្រកសត្វ លំផាត់។ គេស្តុកក្នុងឃ្លាំងពីរបម្រុងដឹកចេញ។ យើងក៏ឃើញម៉ាស៊ីន រ៉ៃ ០៨ គ្រឿង ក្នុងក្រុមហ៊ុន ដូនពេញ ដែរ»។ លោកបន្តថា មានឈើធ្នង់រាប់រយដុំមួយគំនរទៀត បានរកឃើញនៅទន្លេ ស្រែពក ក្នុងភូមិ ថ្មី ឃុំ ជ័យឧត្តម ស្រុក លំផាត់ ពេលកម្មករកំពុងតែរៀបដឹកចេញតាមទូក។
លោក ឆាយ ធី ថ្លែងថា៖ «កម្មករថា ឈើធ្នង់ទាំងនោះជារបស់ឧកញ៉ា ទ្រី ភាព ពួកគេកំពុងដឹកយកទៅដាក់ឡាន»។
លោក ជីម ធាក មេឃុំ ជ័យឧត្តម ឲ្យដឹងថា ពិតជាមានការកាប់ឈើក្នុងដែនជម្រកសត្វព្រៃនោះមែន ហើយកន្លងមកមន្រ្តីដែនជម្រកមិនឲ្យអាជ្ញាធរឬកម្លាំងនគរបាលចូលដែនជម្រកនោះទេ។
លោកប្រាប់ថា៖ «គេកាប់តាំងពីឆ្នាំ ២០១២ មក ដោយគ្មានអ្នកទប់ស្កាត់ទេ។ យើងសង្ស័យថា ក្រុមហ៊ុនឃុបឃិតគ្នាជាមួយនឹងមន្ត្រីដែនជម្រក ទើបគេអាចកាប់ឈើបាន»។
ប៉ុន្តែ លោក គង់ ស្រ៊ុន អភិបាលស្រុក លំផាត់ អះអាងថា លោកបានចុះពិនិត្យផ្ទាល់បន្ទាប់ពីដឹងថាមានការកាប់ឈើក្នុងដែនជម្រកនោះ ហើយបានរកឃើញថា មានម៉ាស៊ីន រ៉ៃ ៨ គ្រឿងតែគេមានច្បាប់អនុញ្ញាត ហើយម៉ាស៊ីន ៣ ខូចប្រើមិនបាន។
លោកបន្តថា៖ «ខ្ញុំទៅមើលហើយ ឈើនោះគេកាប់ក្នុងដីក្រុមហ៊ុន មិនមែនក្នុងដែនជម្រកទេ ព្រោះក្រុមហ៊ុនបានទទួលដីសម្បទានពីរដ្ឋ»។
សមាគម អាដហុក បាននិងកំពុងធ្វើការស្រាវជ្រាវបន្តទៀតលើករណីកាប់ឈើនេះ៕
No comments:
Post a Comment
yes