
សំណុំរឿងដីវត្តជាង៣ហិកតា ដែលស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយកម្ពុជា។ ការចេញមុខបញ្ចប់បញ្ហារបស់លោក ប៉ា សុជាតិវង្ស និងការចុះទៅផ្ទាល់របស់លោក សម រង្ស៊ី ចង់មិនចង់ វាបានបង្ហាញឲ្យឃើញថា សំណុំរឿងខាងលើនេះមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នយោបាយ។
ជាក់ស្ដែងភាគីរដ្ឋាភិបាល បើទោះបីជាកិច្ចការខាងលើនេះស្ថិតនៅក្រោមវិធានរដ្ឋបាលរបស់ខ្លួន ដែលត្រូវតែដោះស្រាយក៏ដោយ ប៉ុន្តែសកម្មភាពរបស់អាជ្ញាធររាជធានីភ្នំពេទៅលើសំណុំរឿងដីវត្តជាង៣ហិកតានេះ ហាក់ដូចជាមានការដុតដៃដុតជើងយ៉ាងក្លាំងក្លា បើប្រៀបធៀបនឹងសំណុំរឿងស្រដៀងគ្នានេះដទៃទៀតដែលកើតឡើងក្នុងរាជធានីភ្នំពេញ។ ព្រោះបើតាមការស្ដាប់សម្ដីរបស់លោក ឃ្លាំង ហួត អភិបាលខណ្ឌឬស្សីកែវ ទំនាស់ដីវត្តជាង៣ហិកាតនេះ ក៏ធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅមិនស្ងៀមបានដែរ។
បើស្ដាប់សម្ដីរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានិភ្នំពេញ ដែលថ្លែងខណៈពេលដែលលោកចុះទៅកន្លែងកើតហេតុផ្ទាល់នោះ ភាគីរដ្ឋាភិបាលព្រមទទួលស្គាល់កំហុសលើកិច្ចការរដ្ឋបាលរបស់ខ្លួនមួយចំនួន ពិសេសការមិនបានពិភាក្សាគ្នាឲ្យបានត្រឹមត្រូវជាមុនជាមួយប្រជាពលរដ្ឋ។ ចុងក្រោយសំណុំរឿងដីវត្តជាង៣ហិកតានេះ ត្រូវបានបញ្ចប់បន្ទាប់ពីរដ្ឋាភិបាលសម្រេចលុបចោលសេចក្ដីជួនដំណឹង (ស.ជ.ណ) ដែលជាដើមហេតុនៃបញ្ហានោះ និងរក្សាដីនោះជាកម្មសិទ្ធិរបស់រដ្ឋឡើងវិញ។
យ៉ាងណាក៏ដោយបើផ្អែកតាមព្រឹត្តិការណ៍ដែលបានកើតឡើង គឺភាគីគណបក្សប្រឆាំងជាអ្នកចុះទៅ អន្តរាគមន៍មុនភាគីរដ្ឋាភិបាល។ នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែវិច្ឆិកា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានដឹកនាំក្រុមអ្នកតំណាងរាស្ត្ររបស់ខ្លួនមួយចំនួនធ្វើដំណើរទៅកាន់វត្តដែលមានជម្លោះ ដោយបានសន្យានូវចំពោះមុខពលរដ្ឋអ្នកតវ៉ាថា គណបក្សសង្គ្រោះជាតិនឹងស្វែងរកយុត្តិធម៌ជូនពួកគេ។ ជាងនេះទៅទៀតប្រមុខបក្សប្រឆាំង ក៏បានអំពាវនាវឲ្យពលរដ្ឋដែលមិនសុខចិត្តទាំងអស់នោះបន្តការតវ៉ារហូតមានដំណោះស្រាយ។ ដំណោះស្រាយ ដែលកើតឡើងបន្ទាប់ពីមានលុបចោលនូវស.ជ.ណខាងលើនោះ។
ជាការសាទរចំពោះជោគជ័យរបស់ពលរដ្ឋអ្នកតវ៉ាដែលស្ថិតក្នុងភូមិខ្ទរនោះ នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ គណបក្សសង្គ្រោះជាតិ បានចេញនូវសេចក្ដីថ្លែងការណ៍សម្ដែងការអបអរ បន្ទាប់ពីអាជ្ញាធរបានប្រគល់ដីធ្លីវត្តអារាម និងឈាបនដ្ឋា ជូនពលរដ្ឋប្រើប្រាស់ជាទ្រព្យសម្បត្តិរួមឡើងវិញ។ បើតាមគណបក្សសង្គ្រោះជាតិ ជោគជ័យនោះ កើតឡើងពីការចូលរួមយ៉ាងពេញទំហឹងពីសំណាក់លោក សម រង្ស៊ី និងអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងដទៃទៀត ដែលបានទប់ស្កាត់ការប៉ុនប៉ងវាយកម្ទិចឈានបនដ្ឋាន និងការទន្ទ្រានយកដីធ្លីវត្ត ពីសំណាក់ក្រុមហ៊ុនឯកជននោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកាកន្លងទៅនេះ មានព្រឹត្តិការណ៍តវ៉ាមួយបានកើតឡើងនៅក្នុង បរិវេណទីអារាមវត្តពោធិ៍ព្រឹក្ស ស្ថិតក្នុងភូមិខ្ទរ ស្កាត់ព្រែកលៀប ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រវាងប្រជាពលរដ្ឋចំណុះជើងវត្តពោធិ៍ព្រឹក្ស ប្រឆាំងនឹងការឈូសឆាយដីរបស់ក្រុមហ៊ុន អេងកាំង ដែលបានសិទ្ធិវិនិយោគលើដីវត្តពោធិ៍ព្រឹក្សជាង៣ហិកតា។ នៅក្នុងការតវ៉ានោះ អេសស្កាវ៉ាទ័រ និងឧបករណ៍ផ្សេងៗទៀតរបស់ក្រុមហ៊ុនអេងកាំង ត្រូវបានក្រុមអ្នកតវ៉ាសម្រេចដុតបំផ្លាញចោលទាំងកណ្ដាលយប់៕
No comments:
Post a Comment
yes