ព្រឹត្តការណ៏ដ៏យ៉ុងខ្នងរបស់សមត្ថកិច្ចធ្វើមកលើបាតុកររោងចក្រ SL
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចដោះលែងជនសង្ស័យ២៩នាក់ ដែលបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីហិង្សាជាមួយសមត្ថកិច្ចកាលពីព្រឹកថ្ងៃអង្គារ នៅក្បែរស្ពានស្ទឹងមានជ័យ តែឃុំខ្លួនពីរនាក់ ដោយសង្ស័យថាបានប្រើហិង្សាក្នុងពេលមានការប៉ះទង្គិច។
ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក អេង សោភា ប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃពុធនេះថា ក្រោយពីការស៊ើបសួរជនសង្ស័យ៣១នាក់ ដែលបានចាប់ខ្លួន យុវជន២នាក់ ត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធនឹងករណីហិង្សាជាមួយកម្លាំងសមត្ថកិច្ច ដោយនឹងត្រូវបញ្ជូនទៅតុលាការ។ ជនសង្ស័យទាំងពីរ ត្រូវចោទពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងប្រើហិង្សាលើកម្លាំងសមត្ថកិច្ច។ លោកបញ្ជាក់ថា ជនសង្ស័យពីរនាក់ ដែលត្រូវចោទនោះ មិនមែនជាកម្មកររោងចក្រSLទេ។
លោក អេង សោភា បន្តថា ក្នុងចំណោមជនសង្ស័យ២៩នាក់ ដែលត្រូវដោះលែង កម្មករSL មានតែ១នាក់ប៉ុណ្ណោះ ក្រៅពីនោះសុទ្ធតែជាអ្នកធ្វើដំណើរ ម៉តូឌុប និងពលរដ្ឋនៅតំបន់នោះ។
ជនសង្ស័យម្នាក់ អាយុ១៥ឆ្នាំ មានមុខរើសអេតចាយ និងម្នាក់ទៀត អាយុ១៩ឆ្នាំ មុខរបរជាអ្នករត់រម៉ក់ដឹកខ្សាច់។ អ្នកទាំងពីរ រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ស្នងការរងរាជធានីភ្នំពេញ លោក ជួន ណារិន ប្រាប់VODនៅព្រឹកថ្ងៃពុធនេះ ក្នុងហេតុការណ៍ប៉ះទង្គិចនោះ ខណៈដែលប៉ូលិសចំនួន៥នាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង លោក បានបញ្ជូនកម្លាំងសមត្ថកិច្ចរបស់ខ្លួន ចំនួន៥០នាក់ ដោយប្រើប្រាស់តែអាវុធបាញ់ផ្សែង និងគ្រាប់សិប្បនិម្មិតតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា គ្រាប់ពិត ដែលបាញ់សម្លាញ់ស្ត្រីម្នាក់ឲ្យស្លាប់នោះ គឺអាចបណ្តាលមកពីជនទី៣ ឆ្លៀតឱកាសបង្កចលាចល ៖ “ខ្ញុំបញ្ជូន កម្លាំងរបស់ខ្ញុំទៅ៥០នាក់នោះ ប្រើប្រាស់តែអាវុធបាញ់ផ្សែង និងគ្រាប់សិប្បនិម្មិតទេ សុទ្ធតែកាណុងវែងៗ គ្រាន់ប្រាប់ថា ចំពោះខ្ញុំដឹងនាំទៅនេះ គឺកម្លាំងខ្ញុំអត់មានប្រើប្រាស់អាវុធពិតទេ ដូច្នេះនៅកន្លែងនោះ គឺមានភាពអនាធិបតេយ្យច្រើន ហើយសូម្បីតែយើងឃាត់មកនេះ ក៏មិនមែនជាបាតុករកម្មករSL ដែរសុទ្ធតែជនទីបី ដែលមកបំផ្លិចបំផ្លាយទ្រព្យសម្បត្តិរដ្ឋ”។
ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះ គ្រាប់បែកផ្សែង រថយន្តពន្លត់អគ្គិភ័យ និងគ្រាប់កាំភ្លើង ត្រូវបានប្រើ ដើម្បីបង្ក្រាបក្រុមបាតុករ។ចំណែកកម្មករ បានប្រើដុំថ្មចោលលើសមត្ថកិច្ចវិញ និងបានដុតបំផ្លាញរថយន្តពីរគ្រឿង និងម៉ូតូពីរគ្រឿងរបស់សមត្ថកិច្ច។
សេចក្តីថ្លែងការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយកាលពីថ្ងៃអង្គារ ឲ្យដឹងថា ក្នុងព្រឹត្តិការណ៍នៃការប៉ះទង្គិចនោះ ជនឱកាសនិយមមួយក្រុម ដែលមិនមែនជាកម្មករ បានឆ្លៀតញុះញង់បញ្ឆេះបង្កឲ្យមានអំពើហិង្សាមលើសមត្ថកិច្ច ដោយគប់ដុំថ្ម បាញ់ទឹកចំពាមគ្រាប់ដែក និងវាយដុតបំផ្លាញមធ្យោបាយ ព្រមទាំងហ៊ុំព័ទ្ធ ចាប់ខ្លួនកងកម្លាំងសមត្ថកិច្ចចំនួន៥នាក់ នៅវត្តស្ទឹងមានជ័យ។សេចក្តីថ្លែងការណ៍បន្តថា ស្ថិតក្នុងស្ថានភាពបែបនេះ ចាប់បង្ខំឲ្យកងកម្លាំងមានសមត្ថកិច្ច ត្រូវប្រើប្រាស់វិធានការសមស្រប ដើម្បីការពារខ្លួន រាំងស្កាត់អំពើហិង្សាកុំឲ្យរីករាលដាល និងការពារសន្តិសុខ សុវត្ថិភាពជូនកម្មករ ដែលធ្វើបាតុកម្មដោយសន្តិវិធី។
កាលពីព្រឹកថ្ងៃអង្គារ កម្មករជាង១ពាន់នាក់ ភាគច្រើនជាបុរស មកពីរោងចក្រSL ដែលមានទីតាំងនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ គ្រោងហែក្បួនទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្បែរវិមានឯករាជ្យ ប៉ុន្តែក្បួនដង្ហែនេះ ត្រូវបានរារាំងត្រង់ចំណុចស្ពានស្ទឹងមានជ័យ ត្រើយខាងលិច ដោយសមត្ថកិច្ចប្រមាណ៣០០នាក់ ប្រដាប់ដោយខែល ដំបងឆក់។ ការរារាំងនេះ រហូតធ្វើឲ្យមានការប៉ះទង្គិចគ្នា៕

No comments:
Post a Comment
yes