

សហគមន៍ដីធ្លីរៀបចំបាយសីនៅមុខតុលាការកំពូល
(រូបថត ណាត សុភាព)
សហគមន៍មានទំនាស់ដីធ្លីប្រមាណ ២០០នាក់ មកពីសហគមន៍ចំនួន៣ នៅរាជធានីភ្នំពេញ បានចាប់ផ្តើមហែក្បួនជុំវិញតុលាការកំពូល នៅម៉ោង៣និង៣០នាទីថ្ងៃអង្គារនេះ ដើម្បីធ្វើពិធីរំដោះគ្រោះ និងបួងសួងឲ្យតុលាការដោះលែងសកម្មជនដីធ្លី អ្នកស្រីយ៉ោម បុប្ផា។
ប្រជាសហគមន៍ដែលមានទំនាស់ដីធ្លីរៀបចំពិធីហែក្បួននៅរសៀលនេះ មកពីសហគមន៍បឹងកក់ បុរីកីឡា និងសហគមន៍ថ្មគោល។ ក្បួនហែនេះ ដើរជុំវិញតុលាការកំពូលបីជុំ អ្នកមានទំនាស់ដីធ្លីមានសំលៀកបំពាក់ពណ៌ស ដើរដោយ ជើងទទេ មានកាន់បាយសី សូត្រធម៌ និងទូងស្គរ ដើម្បីបន្ទន់ចិត្តចៅក្រមឲ្យដោះលែង អ្នកស្រី យ៉ោម បុប្ឆា។
តុលាការកំពូល គ្រោងបើកសវនាការលើបណ្តឹងសារទុក្ខរបស់អ្នកស្រី យ៉ោម បុប្ផា នៅថ្ងៃទី២២ ខែវិច្ចិកា។ អ្នកស្រីយ៉ោម បុប្ផា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់សរុប៦០លានរៀល ចោទពីបទ ប្រើហិង្សាដោយចេតនា វាយអ្នករត់ម៉ូតូឌុបពីរនាក់ឲ្យរងរបួស។ ក្រោយមកត្រូវបានសាលាឧទ្ទណ៍ប្តូរបទចោទ ទៅជាបទ ផ្តួចផ្តើមឲ្យមានហិង្សាវិញ ក្រោយពីរកមិនឃើញកំហុស និងសម្រេចឲ្យទទួលទោស២ឆ្នាំ ដោយព្យួរទោសមួយឆ្នាំ និងពិន័យជាប្រាក់២០លានរៀល៕
No comments:
Post a Comment
yes