មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR )ធ្វើវិភាគផ្លូវច្បាប់ បង្ហាញនៅថ្ងៃសៅរ៍នេះថា ស្ថាប័នតុលាការ នៅតែរងសម្ពាធនយោបាយពីមន្ត្រីអ្នកមានអំណាច ពេលបំពេញវិជ្ជាជីវៈរបស់ខ្លួន ជាកត្តាជំរុញឲ្យមាននិទណ្ឌភាពនៅកម្ពុជា។
តាមការធ្វើវិភាគផ្លូវច្បាប់របស់(CCHR )កម្រាស់២៥ទំព័រ ចេញផ្សាយថ្ងៃទី២៣ ខែវិច្ឆិកានេះ បានធ្វើវិភាគផ្លូវច្បាប់ទៅលើសំណុំរឿងព្រហ្មទណ្ឌ ដោយវិភាគទៅលើ សំណុំរឿង អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត និង សកម្មជនដីធ្លីអ្នកស្រី យ៉ោម បុប្ផា។
ការវិភាគផ្លូវច្បាប់ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រកឃើញថា តាំងពីសវនាការសាលាដំបូង រហូតដល់សាលាឧទ្ធរណ៍ ករណីលោកឈូក បណ្ឌិត មានភស្តុតាងរឹងមាំ បង្ហាញថា ជនជាប់ចោទឈូក បណ្ឌិត ពិតជាបានកាន់កាំភ្លើង បាញ់កម្មការិនី ៣នាក់នៅក្រុងបាវិតឲ្យរងរបួស មិនសមមានទោសត្រឹម «បង្ករបួសស្នាមដោយអចេតនា» នោះទេ ។ អ្នកវិភាគយល់ថា តុលាការគួរចោទ លោកឈូកបណ្ឌិត ពីបទ «ប៉ុនប៉ងមនុស្សឃាត» ឬ «ហិង្សាដោយចេតនា» ហើយជនល្មើសមិនត្រូវបន្តឲ្យរស់នៅក្រៅឃុំនៅឡើយ។
ចំណែក សំណុំរឿងសកម្មជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា វិញ(CCHR ) រកឃើញថា តុលាការដាក់ពន្ធនាគារជាង១ឆ្នាំ ដោយមិនមានភស្តុតាងច្បាស់លាស់។ វិភាគផ្លូវច្បាប់ដដែលបន្ថែមថា ទាំងនេះបានបង្ហាញពីនិទណ្ឌភាព ចំពោះអ្នកមានអំណាចនៅកម្ពុជាបន្តកើតមាន ដោយសារតុលាការកម្ពុជា ស្ថិតនៅក្រោមសម្ពាធអ្នកមានអំណាច។ ការបង្ហាញវិភាគផ្លូវច្បាប់របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានេះ ធ្វើឡើងដើម្បីចូលរួមប្រារព្ធទិវាបញ្ចប់និទណ្ឌភាពអន្តរជាតិ ឆ្នាំ២០១៣។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា នេះមិនមែនមានករណី២ នោះទេ នៅមានករណីជាច្រើនទៀត រួមមាន ករណីបាញ់សម្លាប់លោក ជា វិជ្ជា ការសម្លាប់អ្នកកាសែត ១១នាក់ ករណីជះទឹកអាស៊ីតរបស់លោកស្រី ជា រដ្ឋា ការបំពានដីធ្លីពីអ្នកមានអំណាច និងការរំលោភបំពានផ្លូវភេទជាដើម។
លោកថា បញ្ហាទាំងអស់នេះ តុលាការមិនទាន់បានចាប់ជនដៃដល់ មកផ្តន្ទាទោសនោះទេ ទាំងនេះបានបង្ហាញពីភាពបរាជ័យទាំងស្រុង របស់ប្រព័ន្ធតុលាការនៅកម្ពុជា។ មជ្ឈមណ្ឌលសិទ្ធិមនុស្សនៅថ្ងៃនេះ ផងដែរបានបញ្ចាំង ខ្សែភាពយន្ត នរណាសម្លាប់ ជា វិជ្ជា នៅទីស្នាក់ការរបស់ខ្លួន វេលាម៉ោង ២និង៣០នាទីរសៀល ដើម្បីបង្ហាញពីនិទណ្ឌភាពនៅកម្ពុជា៕
No comments:
Post a Comment
yes