សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 15, 2013

HRWស្នើ​ឲ្យ​ជប៉ុន​ដាក់​គំនាប​ដល់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​បោះ​ឆ្នោត

ប្រែត អាដាម (Brad Adams) ៦១០
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំ​
មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch) 
លោក ប្រែត អាដាម (Brad Adams) ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី 
នា​ទីក្រុង​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​
ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch = HRW) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ជំរុញ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) ត្រូវ​ទាមទារ​ជា​សាធារណៈ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត នៅ​ពេល​លោក​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ភ្នំពេញ​រយៈពេល​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ លោក ប្រែត អាដាម (Brads Adam) មាន​ប្រសាសន៍​ថា ប្រទេស​ជប៉ុន ជា​ប្រទេស​ម្ចាស់​ជំនួយ​ដ៏​ធំ​មួយ​នៅ​កម្ពុជា ប៉ុន្តែ​ប្រទេស​នេះ​នៅ​មិន​ទាន់​បង្ហាញ​ជំហរ​ណា​មួយ​ជុំវិញ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នៅ​ឡើយ។
លោក​បន្ត​ថា នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីនហ្សូ អាបេ មាន​ឥទ្ធិពល​នៅ​កម្ពុជា ដោយសារ​តែ​ជំនួយ​របស់​ជប៉ុន។ ដូច្នោះ​ហើយ ប្រទេស​នេះ​ត្រូវ​តែ​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត នៅ​ពេល​លោក​ជួប​ជា​លក្ខណៈ​ទ្វេ​ភាគី​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក ប្រែត អាដាម៖ «រាជ​រដ្ឋាភិបាល​ជប៉ុន មិន​បាន​ស្នើ​ឲ្យ​គណបក្ស​នយោបាយ​ស្វែង​រក​ដំណោះស្រាយ​នយោបាយ និង​ការ​ផ្សះផ្សា​ជាតិ។ ជប៉ុន មិន​បាន​ជជែក​ឲ្យ​ចំ​ប្រធាន​បទ​ឡើយ ដោយសារ​តែ​វិស័យ​ការទូត​បរទេស​ជប៉ុន តែង​តែ​រក្សា​ភាព​ស្ងប់ស្ងាត់។ ប៉ុន្តែ ខ្ញុំ​គិត​ថា ជប៉ុន បាន​ផ្តល់​លុយ និង​ការ​គាំទ្រ​ឲ្យ​កម្ពុជា ច្រើន។ ដូច្នោះ​ហើយ ជប៉ុន មាន​សិទ្ធិ​ដើម្បី​និយាយ»។
សេចក្តី​ថ្លែងការណ៍​អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បន្ត​ថា ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ត្រូវ​បាន​បំផ្លាញ​ដោយ​ភាព​មិន​ប្រក្រតី បណ្ដាល​ឲ្យ​ការ​បោះ​ឆ្នោត​នេះ​មិន​មាន​ភាព​យុត្តិធម៌ និង​សេរី។ អង្គការ​នេះ​បន្ត​ថា លោក អាបេ ត្រូវ​តែ​គោរព​សេចក្តី​ថ្លែងការណ៍​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២៨ មករា ដែល​បាន​សន្យា​ថា វិស័យ​ការទូត​ជប៉ុន អាស្រ័យ​ទៅ​នឹង​មូលដ្ឋាន​នៃ​សិទ្ធិ​សេរីភាព លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន និង​នីតិរដ្ឋ។
សេចក្តី​ថ្លែងការណ៍​បន្ត​ថា រដ្ឋាភិបាល​ជប៉ុន កន្លង​មក តែង​ទំនាក់​ទំនង​នឹង​រដ្ឋាភិបាល​ដែល​រំលោភ​សិទ្ធិ​មនុស្ស ដោយ​មិន​បាន​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ឡើយ។ ដូច្នោះ លោក អាបេ មាន​ឱកាស​នៅ​កម្ពុជា ដើម្បី​បង្ហាញ​ថា ជប៉ុន ពិត​ជា​គោរព​តាម​ពាក្យ​សម្ដី​របស់​ខ្លួន​ទាក់ទង​ទៅ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស។
អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ ចង់​ឃើញ​ថា លោក អាបេ ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ ដោយ​មាន​កិច្ច​សហការ​ជា​ជំនួយ​ពី​សហគមន៍​បរទេស ជួប​ជាមួយ​មេ​ដឹក​នាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​ការ​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​កាន់​តែ​ប្រសើរ ធានា​ថា ជំនួយ​អភិវឌ្ឍន៍​នឹង​ជំរុញ​ឲ្យ​មាន​ការ​ធានា​ការពារ​សិទ្ធិ​មនុស្ស។
អង្គការ​នេះ​បន្ត​ថា ប្រសិន​បើ​ជប៉ុន បន្ត​ធ្វើ​ព្រងើយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ការ​រំលោភ​សិទ្ធិ​មនុស្ស​នឹង​បន្ត ហើយ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​នឹង​បាត់​បង់​សិទ្ធិ​មនុស្ស​ក្នុង​ការ​ជ្រើស​រើស​មេ​ដឹក​នាំ តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។
តំណាង​រាស្ត្រ​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​អាច​ស្តាប់​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ ដើម្បី​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត​ឡើយ។ លោក​បន្ត​ថា ជប៉ុន នឹង​មិន​ស្តាប់​សំណើ​របស់​អង្គការ​សិទ្ធិ​មនុស្ស​ឡើយ៖ «វា​ចង់​និយាយ​អ្វី​និយាយ​ទៅ​អា យូមែន រ៉ៃត៍ វច្ឆ៍ ហ្នឹង​ណ ខ្ញុំ​មិន​ឈឺ​ក្បាល​អ្វី​ទេ។ ខ្ញុំ​យក​ភាសា យូមែន រ៉ៃត៍ វច្ឆ៍ មក​វិនិច្ឆ័យ​យ៉ាង​ម្ដេច​ខ្ញុំ​មិន​យល់​ទេ»។
គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​អាច​កំណត់​ពេល​វេលា​បន្ត​ការ​ចរចា​គ្នា​ជា​ថ្មី​ម្តង​ទៀត​បាន​ឡើយ ក្រោយ​ពេល​បរាជ័យ​ការ​ជួប​ចរចា​ក្រុម​ការងារ​កាល​ពី​ដើម​ខែ​វិច្ឆិកា មក។ គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​បដិសេធ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត៕

No comments:

Post a Comment

yes