ប្រជាពលរដ្ឋស្រុកស្រែអំបិលដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន
ស្ករសកោះកុងឡើងតវ៉ានាពេលកន្លងមក។ ម៉ៃ វីរៈ
វិនិយោគិនក្នុងវិស័យភេសជ្ជៈរបស់ក្រុមហ៊ុនដ៏ធំឈ្មោះ Pepsi Co បានដាក់សំណើសេចក្តីសម្រេចរបស់ម្ចាស់ភាគហ៊ុនមួយចំនួន ដើម្បីជំរុញឲ្យក្រុមហ៊ុននេះធ្វើការពន្យល់ចំពោះករណីរំលោភបំពានដីធ្លីក្នុងប្រទេសកម្ពុជា។
ម្ចាស់ភាគហ៊ុនចំនួន ១៤ រួមជាមួយនឹងអង្គការ Oxfam កំពុងបង្កើនសម្ពាធទៅលើក្រុមហ៊ុន Pepsi Co បន្ទាប់ពីមានការសន្យារបស់ក្រុមហ៊ុន Coca-Cola កាលពីពេលមុននៅខែនេះថា «គ្មានការអត់ឱន» ចំពោះការរំលោភបំពានយកដីធ្លី។
ការស៊ើបអង្កេតរបស់អង្គការ Oxfam កាលពីខែមុនបានរកឃើញថា ក្រុមហ៊ុន Pepsi Co ក្រុមហ៊ុន Coca-Cola ក្រុមហ៊ុនAssociated British Foods (ABF) និងសាខាទិញសិទ្ធិរបស់ខ្លួន បានពាក់ព័ន្ធនឹងនៅក្នុងការរំលោភបំពានយកដីធ្លីហិង្សាក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Pepsi Co និង ក្រុមហ៊ុន ABF មិនទាន់បានឆ្លើយតបចំពោះការចោទប្រកាន់ដែលធ្វើឡើងនៅក្នុង របាយការណ៍របស់អង្គការ Oxfam នេះនៅឡើយទេ។
នៅក្នុងរបាយការណ៍ នេះ អង្គការ Oxfam បានលើកឡើងអំពីករណីរំលោភយកដីធ្លីឆ្នាំ ២០០៦ ក្នុងស្រុក ស្រែអំបិល ខេត្ត កោះកុង ថា ក្រុមហ៊ុនពីររបស់ក្រុមហ៊ុនស្ករស Kon Kaen Sugar Co. Ltd របស់ ថៃ ដែលលក់ស្ករទៅសាខាទិញសិទ្ធិដែលផលិតផលិតផលឲ្យក្រុមហ៊ុន Coca-Cola និង ក្រុមហ៊ុន PepsiCo គឺជាអ្នកត្រូវទទួលខុសត្រូវចំពោះការបណ្តេញប្រជាជន ចំនួន ៤៥៦ គ្រួសារចេញពីសម្បទានដីរបស់ពួកគេ។
អ្នកស្រី Judy Beals អ្នកគ្រប់គ្រងយុទ្ធនាការសម្រាប់កម្មវិធីយុទ្ធនាការនៅពីក្រោយ ម៉ាកសញ្ញារបស់អង្គការ Oxfam បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «សម្ពាធកំពុងកើនឡើងលើក្រុមហ៊ុន Pepsi Co ឲ្យដោះស្រាយបញ្ហាការពិតនៃចង្វាក់ផ្គត់ផ្គង់របស់ខ្លួន»។
អ្នកស្រីបានបន្តថា៖ «ក្រុមហ៊ុនកំពុងតែទុកឲ្យខ្លួនឯងបើកចំហចំពោះហានិភ័យដ៏ធំ ប្រសិនបើខ្លួនបរាជ័យមិនដោះស្រាយបញ្ហាជម្លោះដីធ្លីនៅក្នុងតំបន់ដែលខ្លួនទិញគ្រឿងផ្សំ។ ក្រុមហ៊ុន Coca-Cola បានកំណត់អត្តសញ្ញាណរួចហើយចំពោះហានិភ័យទាំងនេះហើយបានធ្វើការសន្យាថានឹងដោះស្រាយវា។ សំណួរដែលវិនិយោគិនគួរសួរគឺថា៖ ហេតុអ្វី ក្រុមហ៊ុន Pepsi Co រហូតមកដល់ពេលនេះនៅពីក្រោយ?»
ក្រុមហ៊ុន Pepsi Co មិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយភ្លាមៗទេ។
សេចក្តីសម្រេចរបស់ម្ចាស់ភាគហ៊ុនមួយចំនួនទាំងនោះនឹងត្រូវបោះឆ្នោតនៅសន្និបាតប្រចាំឆ្នាំរបស់ក្រុមហ៊ុន Pepsi Co នៅដើមឆ្នាំក្រោយ។
អ្នកស្រី Beals បានថ្លែងបន្តថា៖ «ក្នុងនាមជាម្ចាស់ភាគហ៊ុន យើងចង់ដឹងថា តើក្រុមហ៊ុន Pepsi Co កំពុងធ្វើអ្វីដើម្បីធានាថា អ្នកផ្គត់ផ្គង់របស់ខ្លួនប្រព្រឹត្តក្នុងលក្ខណៈទទួលខុសត្រូវនិង ការពារមិនឲ្យមានបញ្ហាជម្លោះដីធ្លីនៅបន្ទាប់ពីតម្លៃកិត្តិយស និងប្រតិបត្តិអាជីវកម្មរបស់ខ្លួន»។
ដោយសរសើរចំពោះសំណើសេចក្តីសម្រេចនេះ ប្រជាជនជាង ២៥០ ០០០ នាក់ បានចុះហត្ថលេខាលើញត្តិគាំទ្រយុទ្ធនាការរបស់អង្គការ Oxfam និងបានយកញត្តិនេះទៅប្រគល់ឲ្យរោងចក្ររបស់ក្រុមហ៊ុននេះនៅ សហរដ្ឋ អាមេរិក។
ការនាំចេញស្កររបស់កម្ពុជាបានឈានដល់ ១៣ លានដុល្លារក្នុងឆ្នាំ ២០១១ ហើយប្រហែល ៩០ ភាគរយនៃការនាំចេញទាំងនេះគឺទៅសហភាពអឺរ៉ុប ក្រោមគំនិតផ្តួចផ្តើមពាណិជ្ជអនុញ្ញាតឲ្យនាំចូលទំនិញគ្រប់ប្រភេទលើកលែងតែអាវុធដែលជាការនាំចូលរួចពន្ធពីប្រទេសក្រីក្របំផុតក្នុងពិភពលោក៕
No comments:
Post a Comment
yes