
កងកម្លាំងនគរបាលរាជធានី ប្រើកាំភ្លើងពិត បាញ់ទៅលើបាតុករ
នៅមុខវត្តស្ទឹងមានជ័យ។ រូបថត ផា លីណា
កើតពីប្រជាពលរដ្ឋ កូនប្រជាពលរដ្ឋ មានប្រពន្ធ-មានកូនប្រជាពលរដ្ឋ វ៉ៃប្រជាពលរដ្ឋ ទាត់ធាក់ប្រជាពលរដ្ឋ និងបាញ់ប្រជាពលរដ្ឋ បើសមត្ថកិច្ចដែលជាប៉ូលិស និងប៉េអឹមហ៊ានធ្វើម្លឹងៗ អ៊ីចឹងប្រពន្ធ ឪពុកម្តាយក្មេករបស់សមត្ថកិច្ចដែលប្រើអំពើហិង្សាទាំងនោះ ក៏មិនរួចខ្លួនដែរចាំតែប្រុងខ្លួនទៅ។ ដូចពាក្យចាស់លោកថា លួចគេធ្លាប់ដៃ ដេកថ្ងៃធ្លាប់ភ្នែក រីឯអ្នកទាត់ធាក់គេក៏ធ្លាប់ជើងដៃដែរ។
ជាក់ស្តែង តាមរយៈប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិកាលពីសប្តាហ៍មុនសមត្ថកិច្ចបានវាយបង្ក្រាប ទៅលើបាតុករដែលជាកម្មកររោងចក្រ SL មានទាំងវាយដោយដំបង ទាត់ផង ធាក់ និងបាញ់ផងហើយទាត់ដោយទាំងព្រះសង្ឃទៀតយ៉ាងចាស់ដៃ។ តើការបង្ក្រាបរបស់សមត្ថកិច្ចនេះ គឺជាមោទនភាពជាតិខ្មែរ? ឬមួយជាកំណែទម្រង់ថ្មី សកម្មភាពចាស់? ហើយក៏ជាការបង្ហាញសាច់ដុំ កំញើញដាក់គណបក្សប្រឆាំង ដែលគ្រោងដឹកនាំមហាបាតុកម្មនៅពេលខាងមុខនេះទៀត?
ព្រឹត្តិការណ៍បង្កឲ្យមានអំពើហិង្សា រវាងកម្មកររោងចក្រ SL និងសមត្ថកិច្ច ធ្វើឲ្យស្ត្រីម្នាក់បាត់បង់ជីវិត ហើយទាំងបាតុករ ទាំងសមត្ថកិច្ចរងរបួសទាំងសងខាង និងព្រះសង្ឃ ក៏ទទួលរងរបួសដោយសារសមត្ថកិច្ចផងដែរ ដូចតាមទ្រឹស្តីកុម្មុយនីស្តថា សូវវាយច្រឡំ កុំឲ្យតែអត់បានវ៉ៃ។ រីឯទូរទស្សន៍ឯកជន ដែលគាំទ្ររដ្ឋាភិបាលខ្លះ បានបង្ហាញតែសកម្មភាពបាតុករចោលដុំថ្មដាក់សមត្ថកិច្ច និងដុតឡាន និងម៉ូតូរបស់សមត្ថកិច្ច តែមិនបានបង្ហាញសមត្ថកិច្ចបាញ់ទាត់ធាក់បាតុករ និងព្រះសង្ឃទេ ហើយរឿងគេទុក្ខសោកគ្រប់គ្នា បែរជាអ្នកអត្ថាធិប្បាយ និយាយបែបកម្សាន្តលេង ដូចទ្រង់សប្បាយ ដូចជាសមត្ថកិច្ចដោះលែងអ្នកត្រូវបានឃុំខ្លួនមកវិញដោយពោលបែប ក្លែមល្បោយថា សមត្ថកិច្ចបានចម្រាញ់អស់ដូចប្រេងអ៊ីចឹង គឺពីជាង ៣០ នាក់មកសល់តែ ២ នាក់ទេដែលត្រូវយកទៅតុលាការ ដើម្បីកាត់ទោស។
បន្ទាប់ពីសម្មភាពនោះចប់ អង្គការសិទ្ធិមនុស្ស ដែលធ្វើការជាមួយសហជីព កម្មករខ្លះ និងបក្សប្រឆំាង ក៏បានថ្កោលទោសចំពោះសមត្ថកិច្ចដែលបង្ក្រាបបាតុករដោយប្រើអំពើហិង្សា តាមរយៈការប្រើប្រាស់អាវុធពិត ឧស្ម័នបង្ហូរទឹកភ្នែក ដំបងឆក់ ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួស។ តែពុំមានស្ថាប័នណាមួយមានប្រតិកម្មប្រឆាំងនឹងបាតុករ ដែលប្រើអំពើហិង្សាទៅលើសមត្ថកិច្ច ដែលធ្វើឲ្យរងរបួសនោះទេ។
តាមពិតទៅ រាល់បញ្ហាសុទ្ធតែមានគន្លឹះ ដើម្បីដោះស្រាយអាចធ្វើទៅបានទាំងអស់តែអ្វីដែលដោះស្រាយមិនចេញ នោះគឺពាក់ព័ន្ធទៅនឹងទំនាស់ផលប្រយោជន៍។ រោងចក្រនៅស្រុកខ្មែរ គឺភាគច្រើនសុទ្ធតែជាប់ពាក់ព័ន្ធទៅនឹងសែស្រឡាយអ្នកធំ ឬក៏អ្នកធំទាំងនោះ មានភាគហ៊ុននៅក្នុងរោងចក្រទាំងនោះ យ៉ាងហោចណាស់ ក៏មានអ្នកឈរឈ្មោះថ្នាក់ទីប្រឹក្សាថ្នាក់ដឹកនាំណាម្នាក់ ដែលមានឋានៈជា «ឯកឧត្តម ឬលោកជំទាវ» ដែលគ្មានការិយាល័យដែរ យកឋានៈទៅរកស៊ី ហើយបើរោងចក្រណាដែលមិនពាក់ព័ន្ធអ្នកធំៗ គឺព្រលឹមឡើងមិនទាន់ទេ បើកភ្នែកឡើង ឃើញមានមន្ត្រីជំនាញខាងគោះរកលុយគេទាំងព្រឹកក៏មានដែរ រោងចក្រមួយៗ ធុញទ្រាន់នឹងបញ្ហាទាំងនេះណាស់តែមិនដឹងធ្វើយ៉ាងម៉េច មិនយូរទេ គឺរោងចក្រនោះបិទទ្វារឯង។
ម្លោះហើយយ៉ាងហោចណាស់ពេលខ្លះ ថៅកែសុខចិត្តជួលក្រុមហ៊ុនសន្តិសុខណា ដែលមានខ្នងបង្អែកគ្រាក់ៗ យកមកទប់ និងជួយស្រាយបញ្ហា។ ដូចយើងឃើញជាទូទៅទៅហើយ នៅពេលដែលមានទំនាស់វិវាទគ្នារវាងថៅកែ និងកម្មករ គឺមិនដែលក្រុមហ៊ុនសន្តិសុខ និងសមត្ថកិច្ចណាទៅវាយដំ ថៅកែទេ គឺមានតែវាយដំច្រំធាក់កម្មករហ្នឹងហើយដោយសារយកលុយគេអ៊ីចឹងសុខចិត្តធ្វើ គ ធ្វើថ្លង់ ធ្វើបាបតែខ្មែរគ្នាឯង ដែលជាកម្មករទេ។ ដូចករណីរោងចក្រ SL នេះ គឺដោះមិនចេញរយៈ ៣ ខែកន្លងមកហើយ នៅពេលដែលស៊ើបៗ យ៉ាងហោចណាស់ឃើញមានសែ «ហ» ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនសន្តិសុខការពាររោងចក្រនោះដែរ បើលេងអ៊ីចឹងៗ បានអីដោះចេញ បើខ្នងក្រុមហ៊ុនសន្តិសុខក្រាស់ម្លឹងៗប៉ុណ្ណឹងបានហៅសមត្ថកិច្ច ធ្វើជាខែល ទៅបង្ក្រាបបានដូចចិត្ត ហើយការដែលមានផ្ទុះអំពើហិង្សាកើតមានឡើង កាលពីថ្ងៃ ទី១២ ខែ វិច្ឆិកា មុននេះ មកពីសមត្ថកិច្ច មិនបានចូលមកដោះស្រាយទេ គឺធ្វើដូចកាលពីដើមខែនេះ គឺមកបំបែកហ្វូងបាតុកម្មតែម្តងនៅសួនច្បារ ហ៊ុន សែន ក្បែរព្រះបរមរតនកោដ្ឋ សម្តេចឪ អ៊ីចឹងគ្រាន់តែឃើញសមត្ថកិច្ចមក គឺដឹងតែពីត្រូវដំបងឆក់ ឬក៏ទាត់ធាក់ទៀតហើយ ដូច្នេះមានតែបាតុករ ត្រៀមដុំថ្មមុន ដើម្បីតទល់គ្នា។
រីឯសមត្ថកិច្ចវិញ គឺមើលទៅឃើញក្រឡាចំណេញនយោបាយផង អ៊ីចឹងវាយបង្ក្រាបឲ្យចាស់ដៃបាតុកម្មនេះទៅដើម្បីបង្អើលបាតុករ ដែលធ្លាប់ចូលរួមបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិផង ហើយបក្សប្រឆាំងមួយនេះគ្រោងនឹងធ្វើមហាបាតុកម្មក្នុងពេលឆាប់ៗនេះដើម្បីទាមទាររឿងភាពមិនប្រក្រតីក្នុងការបោះឆ្នោត កន្លងទៅ។ ម្លោះហើយក៏ជាឱកាសមួយដែរ ដែលសមត្ថកិច្ច មានគំនុំតាំងពីកាលថ្ងៃបោះឆ្នោតមកម៉្លេះ ដែលបានផ្ទុះហិង្សា នៅមុខវត្ត ស្ទឹងមានជ័យ នេះនិងជាពេលមួយដែលសមត្ថកិច្ច អាចចូលវ៉ៃ ទាត់ធាក់ព្រះសង្ឃគង់នៅទីនោះ ដើម្បីគំរាមកុំឲ្យព្រះសង្ឃ ចូលរួមបាតុកម្មជាមួយនឹងបក្សប្រឆាំងផង តាមរបៀបអារ ក មាន់មួយ គំរាមស្វា ១០០ អ៊ីចឹង។
សំណួរសួរថា ហេតុអ្វី បានជាមិនបង្ក្រាបតាំងពីកម្មករធ្វើដំណើរពីមុខរោងចក្រ ឬចាំមកដល់មុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាំបាច់អីទុកមកដល់មុខវត្ត ស្ទឹងមានជ័យ បានបង្ក្រាប? ចំណុចនេះ ហើយ ហាក់បីដូចជាផែនការរៀបចំទុកមុនរបស់សមត្ថកិច្ចក្នុងការបង្ក្រាប ដែលបង្កឲ្យមានហិង្សាផ្ទុះឡើង នៅទីតាំងមុខវត្ត ស្ទឹងមានជ័យ។ ទីបំផុត នៅថ្ងៃ ទី ១៥ ខែ វិច្ឆិកា រាជរដ្ឋាភិបាល ដែលមានចំណារពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យរោងចក្រ SL ទទួលយកតំណាងកម្មករ ១៩ នាក់ចូលធ្វើការវិញដើម្បីបញ្ចប់វិវាទ។
ចំណុចគួរឲ្យកត់សម្គាល់នោះ គឺថា មានបញ្ហាមួយចំនួនតាំងពីតូចតាចមក ដោះស្រាយមិនចេញទេ ព្រោះពេលខ្លះអ្នកពាក់ព័ន្ធនៅក្នុងរោងចក្រខ្នងធំៗពេក ហួសដែនសមត្ថកិច្ចរបស់ក្រសួង ការងារ និងក្រសួងពាក់ព័ន្ធផ្សេងៗទៀតធ្វើការសម្របសម្រួលរវាងថៅកែ និងកម្មករនោះ គឺទុកទាល់តែទុំជោរ ដោះមិនចេញបានរត់រកលោកនាយករដ្ឋមន្ត្រីជួយ។
ហេតុអ្វីបានជារឿងរ៉ាវកំប៉ិកកំប៉ុកអង្ករកំប៉ុងសោះចាំបាច់ទៅដល់ថ្នាក់នាយករដ្ឋមន្រ្តីបានដោះស្រាយបាននោះ?
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងរួចមកហើយថា រាជរដ្ឋាភិបាលថ្មីនេះ លោកឈប់យកខ្លួនពាំងហើយ ដោះស្រាយខ្លួនឯងទៅ បើដោះមិនចេញទេ មានតែដកចេញ។ រឿងបញ្ហាឲ្យតែមានការអីបន្តិចទៅនាយករដ្ឋមន្ត្រីបែបនេះ (លោកនាយករដ្ឋមន្ត្រី កំពុងប្រឈមនឹងការងារប្រទេសជាតិធំៗ ដែលត្រូវដោះស្រាយ) ហើយសមត្ថកិច្ច ប្រើហិង្សាបែបនេះ ហើយបានចូលរួមធ្វើឲ្យបក្សកាន់អំណាចបាត់បង់ ២២ កៅអីអាណត្តិ ទី៥ នេះ ព្រោះប្រជាពលរដ្ឋឥឡូវយល់ដឹងពីសិទ្ធិ និងស្អប់ខ្ពើមអំពើហិង្សាណាស់ បើរាជរដ្ឋាភិបាលនៅតែបន្តសកម្មភាពចាស់កំណែទម្រង់ថ្មីបែប បង្ក្រាបហិង្សាបែបនេះ គឺអាណត្តិក្រោយកាន់តែធ្ងន់ធ្ងរទៅទៀត។
ម្យ៉ាងវិញទៀតបើរដ្ឋាភិបាល នៅតែបន្តដោះស្រាយបែបហិង្សារំលោភសិទ្ធិមនុស្សទៅលើកម្មករខ្មែរ គ្នាឯងយ៉ាងនេះ គឺធ្វើឲ្យមានផលប៉ះពាល់ចម្បងៗ៖ ទី១) អ្នកបញ្ជាទិញ (Buyers) គេអាចបញ្ឈប់បញ្ជាទិញពីរោងចក្រកាត់ដេរណា ដែលមានការរំលោភសិទ្ធិមនុស្ស។ ឧទាហរណ៍៖ ដូចករណីក្រុមហ៊ុន កូកាកូឡា បានព្រមានកាលពីសប្តាហ៍មុននេះថា បញ្ឍប់បញ្ជាទិញស្ករអំពៅប្រទេសណារំលោភ សិទ្ធិមនុស្សលើគម្រោងអភិវឌ្ឍន៍អំពៅនោះ។
ទី២) ការដោះស្រាយដោយប្រើអំពើហិង្សាបែបនេះ គឺប៉ះពាល់ដល់មុខមាត់ប្រទេស និងប្រជាជាតិខ្លួនឯង។ នៅពេលខ្លះ ប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរទៅក្រៅប្រទេសម្តងៗខ្មាសគេ នៅពេលគេសួរថា អ្នកមកពីណា? ខ្ញុំមកពីប្រទេសកម្ពុជា «I am from Cambodia»។ ពេលនោះជនបរទេស គេវិនិច្ឆ័យទុកជាមុនថា ជាមនុស្សខាំតែគ្នាឯង ពូកែបានតែគ្នាឯង ដូចរបប ប៉ុល ពត និងសម័យបច្ចុប្បន្ននេះ។
ពេលខ្លះគេ មិនចង់និយាយរកផង ដោយសារឃើញតែហិង្សាដាក់គ្នា យូរឆ្នាំមកហើយ។ ឯណា ទៅពាក្យថា មោទនភាពជាតិខ្មែរ ឬក៏ខ្ញុំមានមោទនភាពណាស់ដែលបានកើតមកជាខ្មែរនោះ? មានន័យថាយ៉ាងម៉េច? ខ្មាសគេ ធាតុពិតគ្មានទេ គឺមានតែនៅលើសម្បកកំប៉ុងប៊ីយែរទេ។
ទី៣) បើរាជរដ្ឋាភិបាលនៅតែដោះស្រាយបែបយកហិង្សាមកបង្ក្រាបបែបនេះ គឺបញ្ហានៅតែមិនត្រូវបញ្ចប់នោះទេ គឺអាចរីករាលដាល ពីរោងចក្រមួយ ទៅរោងចក្រមួយ កាន់តែធំ រវាងកម្មករ និងសមត្ថកិច្ច។ យូរៗទៅឃើញមុខគ្នាលែងបាន គឺឲ្យតែជួបគ្នា ដឹងតែហិង្សាដាក់គ្នាឲ្យតែដាច់ប៉ែក ដូចនៅភាគខាងត្បូងប្រទេសថៃ គឺផ្ទុះហិង្សាដាក់គ្នារហូតរវាងពួកនិយមជ្រុលមូស្លិម និងសមត្ថកិច្ច មិនចេះចប់មិនចេះហើយទេ។ ហេតុដូចនេះ ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវដោះស្រាយរកឫសគល់នៃបញ្ហាជាក់ស្តែង ជាពិសេសបញ្ហាទំនាស់ផលប្រយោជន៍ដែលជាចំណុចគន្លឹះនោះ គឺធ្វើយ៉ាងណាដើម្បីបំបាត់អំពើហិង្សា ដែលពិភពលោកស្អប់ខ្ពើម៕
No comments:
Post a Comment
yes