
ស្រីខ្មែររងគ្រោះដែលសាច់ញាតិអះអាងថារងការធ្វើទារុណកម្ម
អាដហុក
ស្រ្តីខ្មែរ ២ នាក់ជាអ្នកបម្រើក្នុងបនល្បែងមួយ នៅទីក្រុង បាងកក ប្រទេស ថៃ ត្រូវថៅកែចាប់បង្ខាំងសម្រាតវាយធ្វើបាបយ៉ាងព្រៃផ្សៃ ជិត ២ សប្តាហ៍ហើយ ព្រោះតែត្រូវចោទថា លួចលុយនៅក្នុងក្លិប ៧ លានបាតនោះ ហើយត្រូវក្រុមគ្រួសារប្តឹងមកសមាគមការពារសិទ្ធិមនុស្ស អាដហុក ខេត្ត បន្ទាយមានជ័យ ឲ្យជួយអន្តរាគមន៍នាំនាងមកស្រុកវិញកាលពីព្រឹកថ្ងៃ ម្សិលមិញ។
លោក ឈុំ សុភាព អាយុ ៤៦ ឆ្នាំ ជាបងថ្លៃស្រ្តីរងគ្រោះមានលំនៅភូមិ ប្រាសាទ ឃុំ អូរប្រាសាទ ស្រុក មង្គលបុរី ខេត្ត បន្ទាយមានជ័យ រៀបរាប់ថា ប្អូនថ្លៃស្រីគាត់ឈ្មោះ ផាត់ សុមេសា ហៅ ស្រី ដែន អាយុ ៣២ឆ្នាំ នៅស្រុកថៃ ហៅ នីតា ជាស្រ្តីមេម៉ាយមានលំនៅភូមិ ផាស៊ីស្រា ឃុំ ឫស្សីក្រោក ស្រុក មង្គលបុរី ខេត្ត បន្ទាយមានជ័យ ត្រូវម្ចាស់បនល្បែងនៅទីក្រុង បាងកក ចាប់សម្រាតឃុំខ្លួន ក្នុងបន្ទប់វាយធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ។
លោកប្រាប់ថា ប្អូនថ្លៃគាត់បាត់ដំណឹងជាងមួយសប្តាហ៍ហើយ ហើយកាលពីថ្ងៃចន្ទគាត់ក៏បានមកប្តឹងនៅស្នាក់ការសមាគម អាដហុក នៅខេត្ត បន្ទាយមានជ័យ ឲ្យជួយអន្តរាគមន៍ធ្វើយ៉ាងណារំដោះពួកគេឲ្យរួចផុតពីអំពើទារុណកម្មនោះ ព្រោះជនរងគ្រោះទាំង ២ នាក់ ត្រូវម្ចាស់បនល្បែងថៃ ចាប់បង្ខាំងសម្រាតនិងវាយធ្វើបាបសាហាវព្រៃផ្សៃខ្លាំងណាស់។
លោកប្រាប់ថា៖ «គេសម្រាតប្អូនស្រីខ្ញុំខ្លួនទទេ នៅសល់តែខោលីអូមួយទេ ព្រមទាំងវាយដំលើរាងកាយផង។ ខ្ញុំគ្រាន់តែដឹងថា គេឃុំនាងដោយសារគេចោទថា ពួកនាងលួចលុយគេ ៧ លានបាតហើយរឿងរ៉ាវយ៉ាងណាៗនោះ ខ្ញុំមិនបានដឹងច្បាស់ដែរទេ។ ខ្ញុំសូមឲ្យ អាដហុក និង រដ្ឋាភិបាលជួយរំដោះប្អូនស្រីខ្ញុំមកវិញផង»។
លោក ស៊ុម ចន្ទគា មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក បន្ទាយមានជ័យ ប្រាប់ថា ស្រ្តីរងគ្រោះទាំង ២ នាក់ នៅចំណុច ផារ៉ាមសាម ភូមិ មូរុងរួយ ផ្លូវ ៦៦ ទីក្រុង បាងកក ត្រូវគេឃុំខ្លួនធ្វើទារុណកម្មហើយ ខាងសមាគមកំពុងតែខ្នះខ្នែង ស្នើទៅ អាដហុក នៅភ្នំពេញ ឲ្យទាក់ទងទៅស្ថានកុងស៊ុលខ្មែរ នៅប្រទេស ថៃ ដែលធ្វើការនៅខេត្តជិតៗកន្លែងកើតហេតុ និងទាក់ទងទៅស្ថានទូតខ្មែរនៅទីក្រុង បាងកក ឲ្យជួយអន្តរាគមន៍រំដោះស្រ្តីរងគ្រោះឲ្យបានឆាប់។
តាមមន្ត្រី អាដហុក រូបនេះ ស្ត្រីរងគ្រោះម្នាក់ទៀតនៅមិនទាន់ដឹងពីអត្តសញ្ញាណនៅឡើយ។
លោកប្រាប់ថា៖ «ខ្ញុំឃើញរូបភាពស្រ្តីរងគ្រោះទាំង ២នាក់ ត្រូវ គេវាយហើមមុខហើមមាត់ ត្រូវគេសម្រាតខ្លួនទទេនៅសល់តែលីអូ ខ្ញុំអាណិតខ្លោចចិត្ត។ ពួកគាត់ក៏ជាមនុស្សដែរ ពួកគាត់មិនត្រូវគេធ្វើបាបបែបនេះទេ ទោះជាមានកំហុសប៉ុនណាក៏ត្រូវធ្វើ ទៅតាមច្បាប់ដែរ។ ខ្ញុំគិតថា ប្រទេស ថៃ ជាប្រទេសគោរពច្បាប់ មិនគួរប្រព្រឹត្តនូវអំពើព្រៃផ្សៃបែបនេះទេ ព្រោះស្រ្តី ត្រូវចាត់ទុកថាជាមាតានៃពិភពលោក»។
លោក ខេង ស៊ុម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ មិនធ្វើអត្ថាធិប្បាយពី បញ្ហានេះទេ កាលពីម្សិលមិញ ដោយសារថា ករណីនេះខាងស្នងការដ្ឋានខេត្តមិនទាន់ទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះនៅឡើយកាលពីម្សិលមិញ៕
No comments:
Post a Comment
yes