សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 19, 2013

មូលនិធិ​សកលដាក់​កំហិត​ឲ្យ​ក្រសួង​សុខាភិបា​ល​ផ្តល់​លុយ​ជិត​៤៧​ម៉ឺន​ដុល្លារក្នុង​រយៈពេល​៣០​ថ្ងៃ​​

មូលនិធិ​សកល​(Global Fund) បានដាក់​កំហិត​ក្រសួង​សុខាភិបាល​ឲ្យ​ផ្តល់ប្រាក់​ប្រមាណ​ជា​៤៧​ម៉ឺន​ដុល្លារ មក​មូលនិធិ​វិញ ក្នុង​រយៈពេល​៣០​ថ្ងៃ បន្ទាប់ពី​រកឃើញ​ថា គម្រោង​លើ​ផ្នែក​សុខភាព​មួយចំនួន មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។
​ក្នុង​លិខិត​មួយ ដែល​ចុះ​កាលបរិច្ឆេត​កាលពី​ថ្ងៃ​ទី​៩​ខែ​ធ្នូ ឲ្យដឹងថា មូលនិធិ​សាកល ស្នើ​ក្រសួងសុខាភិបាល ឲ្យ​ផ្តល់​ប្រាក់​វិញ​ចំនួន​៤១០៧១២​ដុល្លារ ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ ប្រាក់​៤១៤០៤​ដុល្លារ​វិញ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើ​ស្បែក និង​កាមរោគ​(NCHARDS) និង​ប្រាក់​២០៧២៥​ដុល្លារ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​អង្គការ​មេ​ឌី​ខាំ (MEDiCAM)​។​
​លិខិត​របស់​មូលនិធិ​សកល ដែល​បាន​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បានដាក់​កំហិត​ថា អង្គការ​នឹង​ទុកពេល​៣០​ថ្ងៃ​ក្នុង​ការផ្តល់​លុយ​មក​វិញ​តាម​ធនាគារ ដោយ​ព្រមាន​ថា ប្រសិនបើ​មិន​មាន​ការផ្តល់​ថវិកា​ម​ក​វិញ​តាម​ការកំណត់​ទេ លទ្ធផល​មួយ​ចំនួន​អាច​កើតឡើង​។ ចំណុច ដែល​ព្រមាន​នោះ រួម​មាន​នឹងមិន​ដំណើរការ​ចុះ​ហត្ថលេខា​ជាមួយ​កម្ពុជា ទៅលើ​ជំនួយ​លើ​ជំងឺគ្រុនចាញ់​តម្លៃ​១៥​លាន​ដុល្លារ ហើយ​ជំនួយ​ប្រមាណ​ជា​២០៩៧៤២០៥,៧៣​ដុល្លារ នឹង​ត្រូវ​ព្យួរ​ទាំងអស់ ឬ​មួយ​ភាគ​។​មូលនិធិ​សកល ក៏​បាន​ព្រមាន​ថា នឹងមិន​ដំណើរការ​ការចុះហត្ថលេខា​លើ​ការអនុវត្ត​ទី​ពីរ​នៃ​ជំនួយ​សម្រាប់​ជំងឺអេដស៍​តម្លៃ​ប្រហែល​ជា​៥៧៦៦៣០៧៥​ដុល្លារ ប្រសិនបើ​មិន​មាន​ការផ្តល់ថិវកា​មកវិ​ញ តាម​ការដាក់កំហិត​។ មូលនិធិ ក៏​បាន​ព្រមាន​ថា ជំនួយ​សម្រាប់​លើ​ជំងឺគ្រុនចាញ់ ដំណាក់កាល​ទី​ពីរ តម្លៃ​១២៦៣៧៥៣៣ ក៏​នឹង​អាច​ត្រូវ​កាត់បន្ថយ​ដោយ​ប្តូរ​ទៅ​ជា​ការផ្តល់​សេវា​សំខាន់​តែប៉ុណ្ណោះ​។​

​របាយការណ៍​មួយ​ចេញ​ដោយ​មូលនិធិ​សកល ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៣ បង្ហាញថា មន្ត្រីជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ​(CNM) និង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើ​ស្បែក និង​កាមរោគ​(NCHARDS) ដែល​ស្ថិតនៅក្រោម​ចំណុះ​ក្រសួង​សុខាភិបាល ព្រមទាំង​អង្គការ​មេ​ឌី​ខាំ​ជា​បណ្តាញ​អង្គការក្រៅរដ្ឋាភិបាល​ដ៏​ធំ​មួយ បាន​ចូលរួម​ក្នុង​បណ្តាញ​ប្រព្រឹត្ត​អំពើ​ពុករលួយ​មួយ ថែមទាំង​ទាមទារ​លើស​ការចំណាយ​ជាក់ស្តែង​ដល់​ទៅ​ពីរ ឬ​បី​ដង​ទៀត​ផង​។​
​របាយការណ៍​នេះ បាន​ស៊ើបអង្កេត​លើ​ប្រាក់​ជំនួយ​របស់​មូលនិធិ ចំនួន​ជាង​៨០​លាន​ដុល្លារ​អាមេរិក ដែល​ផ្តល់​មក​ឲ្យ​ស្ថាប័ន​ចំណុះ​ក្រសួង​សុខាភិបាល រកឃើញ​នូវ​ភស្តុតាង​សំខាន់ៗ​ជាច្រើន ដែល​បញ្ជាក់ថា ការដេញថ្លៃ​មួយចំនួន​មាន​ភាពមិនប្រក្រតី ការ​កិបកេង​ប្រាក់​ជំនួយ និង​ការប្រើប្រាស់​ប្រាក់​ជំនួយ​ខុស​គោលដៅ​។​
​របាយការណ៍ បន្តថា អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ លោក ឌួង សុជាតិ និង​សហការី​ម្នាក់ បាន​ទទួល​ប្រាក់​សា​គុណ​ចំនួន​ជិត ៥​សែន​ដុល្លារ ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​មុង​ឈ្មោះ វេស​តើ​ហ្គាត ហ្វ្រេន​សិន (Vestergaard Frandsen) របស់​ប្រទេស​ស្វីស និង​ក្រុមហ៊ុន Sumitomo របស់​ប្រទេស​សិង្ហ​បុរី​។ របាយការណ៍​ថា ប្រាក់​សា​គុណ​ជូន​មន្ត្រី​ទាំងនេះ​ជា​ថ្នូរ​នឹង​កិច្ចសន្យា​ជាមួយ​ក្រសួង សុខាភិបាល​។​
VOD មិនទាន់​អាច​ទាក់ទង​លោក ម៉ម ប៊ុនហេង ដើម្បី​សុំ​ការអត្ថាធិប្បាយ​លើ​បញ្ហា​នេះ បាន​នៅឡើយ​ទេ​។
​អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ លោក ឌួង សុជាតិ ធ្លាប់​ប្រាប់​VOD​ថា របាយការណ៍​មូលនិធិ​សកល ដែល​ចោទប្រកាន់​ថា អំពើពុករលួយ​បាន​កើតឡើង ក្នុង​ដំណើរការ​ដេញថ្លៃ​នោះ គឺ​ត្រូវបាន​បោះពុម្ព​តែមួយ​ចំហៀង​ប៉ុណ្ណោះ មិន​បាន​លើកឡើង​ពី​សកម្មភាព​ទាំងស្រុង​នោះទេ​។ លោក​ថា ការពិត​នោះ ការដេញថ្លៃ​ធ្វើឡើង​យ៉ាង​ត្រឹមត្រូវ និង​ថោក​បំផុត ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​ទាំង​ពីរ​នោះ ទទួលបាន​សិទ្ធិ​ផ្គត់ផ្តង់ ហើយ​លោក​មិន​បាន​កេងប្រវ័ញ្ច ឬ​ទទួល​ប្រាក់កម្រៃ​ជា​ថ្នូរ​នៃ​កិច្ចសន្យា​ពី​ក្រុមហ៊ុន​ទាំងនោះ​ទេ ៖ "​ឯកសារ​ដេញ ថ្លៃ​ដែល​ទទួលស្គាល់​ដោយ​មូលនិធិ​សកល​ខ្លួនឯង​ហ្នឹង ដែលថា មាន​នីតិវិធី​ត្រឹមត្រូវ​ហើយ ចុះ​មក​ពិនិត្យ ឈរ​មើល​ការដេញថ្លៃ​ហ្នឹង​គាត់​អត់​ព្រម​ផ្សាយ ផ្សាយ​តែមួយ​ចំហៀង​ដល់​ពេល​ចឹង​ធ្វើឲ្យ​ម្នាក់​យល់ច្រឡំ​ថា ខ្ញុំ​នេះ​គឺ ទទួល​លុយ​គេ តាមពិត​ដេញថ្លៃ​ហ្នឹង​ត្រឹមត្រូវ​ហើយ​ថោក មែនទែន យើង​ដេញ​ពី​តម្លៃ​ថ្លៃ​មក​ទាប អញ្ចឹង​ទៅ​ជា​ថា ខ្ញុំ​នេះ​កេញប្រវ័ញ្ច យក​លុយ​ប្រាក់ចំណេញ ដែល​អ្នក​ច្រឡំ ថា ឲ្យតែ​កុំ​ម៉ុយ​ស្យុង សុទ្ធ​តែ​ប្រាក់​បំប៉ោង តាមពិត​ប្រាក់​ហ្នឹង​ចុះថ្លៃ​មែនទែន " ។​
​កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ក្រសួង​សុខាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​ថា ក្រសួង​មិន​បានដឹង​ពី​សកម្មភាព​របស់​បុគ្គ​ល​ពុករលួយ​ទាំងអស់​ក្នុង​ពេល អនុវត្ត​គម្រោង ដែល​ប្រើប្រាស់​មូលនិធិ​សកល​ឡើយ​។ ក្រសួង​ទម្លាក់កំហុស​លើ​ភាគី​ទាំងអស់​ដែល​ពាក់ព័ន្ធ​ថា ជា​អ្នកទទួលខុសត្រូវ​ដោះស្រាយ​បញ្ហា​នេះ​៕

No comments:

Post a Comment

yes