
លោក រ៉ុង ឈុន ប្រធានសហជីពសហភាពសហជីពកម្ពុជា(CCU)
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធនេះ ប្រកាសថា សហភាពសហជីពកម្ពុជា(CCU) របស់លោក រ៉ុង ឈុន មិនមែនជាសហជីពស្របច្បាប់ ខណៈប្រធានសហជីពនេះ កំពុងប្រមូលផ្តុំកម្មករធ្វើបាតុកម្មទូទាំងប្រទេស ទាមទារដំឡើងប្រាក់ឈ្នួល១៦០ដុល្លារ។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថា សហជីពរបស់លោក រ៉ុង ឈុន ពុំមាននិតិសម្បទាគ្រប់គ្រាន់ ដើម្បីបានការទទួលស្គាល់តាមផ្លូវច្បាប់ពីក្រសួងនោះទេ ដូច្នេះសហ ជីពនេះមិនស្របច្បាប់ឡើយ។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា សហជីពនេះមិនមែនតំណាងឲ្យសំឡេងរបស់កម្មករនោះទេ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា សហជីពរបស់លោក បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០៦ តែលោកទទួលស្គាល់ថា ក្រសួងការងារ មិនបានចុះបញ្ជីការឲ្យសហជីព ដែលលោកចាត់ទុកថាជាការរើសអើង។ លោកបន្តថា សហជីពការងាររបស់លោក គឺស្របទៅនឹងអនុសញ្ញាអង្គការពលកម្មអន្តរជាតិ(ILO) ដែលមានកម្មករកំពុងគាំទ្រ។
ការប្រកាសរបស់ក្រសួងនេះធ្វើឡើងបន្ទាប់ពី ប្រធានសហភាពសហជីពកម្ពុជា(CCU) លោក រ៉ុង ឈុន កាលពីថ្ងៃទី២៣ខែធ្នូ បានប្រកាសឲ្យកម្មករទាំងអស់ត្រៀមខ្លួនធ្វើមហាបាតុកម្មជាទ្រង់ទ្រាយធំទូទាំងប្រទេស បើការសម្រេចរបស់ក្រុមប្រឹក្សាការងារលើប្រាក់ឈ្នួលអប្បបរមារ ផ្ទុយពីសំណើររបស់សហជីពនោះ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិតេយ្យកម្មករកាត់ដេរកម្ពុជា (C-CAWDU) លោក អាត់ ធន់ មានប្រសាសន៍ថា សហជីពលោក រ៉ុង ឈុន គឺស្របច្បាប់ ព្រោះសហជីពទាំងអស់មានភារៈកិច្ចបំពេញការងាររបស់ខ្លួនតាមការស្នើរសុំពីកម្មករ ហើយការតវ៉ាទាំងនោះស្របទៅនឹងអនុសញ្ញាអង្គការពលកម្មអន្តរជាតិ៕
No comments:
Post a Comment
yes