
ក្រុមព្រះសង្ឃកំពុងបំបួសដើមឈើ ដើម្បីកុំឲ្យមានការកាប់បំផ្លាញ
ក្នុងតំបន់ស្ទឹងអារ៉ែង។ រូបថត សហការី
សម្ព័ន្ធអង្គការសង្គមស៊ីវិលមួយ បានផ្ញើរលិខិតមួយជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំឲ្យបញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅស្ទឹងជ័យអារ៉ែង នៅក្នុងខេត្តកោះកុង និងសុំឲ្យប្រែក្លាយតំបន់នេះជាតំបន់អេកូទេសចរណ៍ធម្មជាតិវិញ។
លិខិតនោះបានលើកឡើងថា គម្រោងនេះ នឹងចំណាយថវិកាយ៉ាងច្រើន ប៉ុន្តែកម្លាំងថាមពលអគ្គិសនី ទទួលបានគឺទាប ខណៈដែលមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ព្រៃឈើ សត្វព្រៃ ជីវចម្រុះ និងសង្គមយ៉ាងខ្លាំង។
ក្រុមហ៊ុន China Southern Power Grid បានបង្ហាញនូវគម្រោងទំនប់កម្លាំង ១០៩ មេហ្គាវ៉ាត់នេះ នៅក្នុងឆ្នាំ ២០១០ ហើយក្រោយមកបានបញ្ឈប់វិញ។ ក្រុមហ៊ុនមួយទៀតគឺ China Guodian Corporation បានទទួលយកគម្រោងភ្លាមៗ ប៉ុន្តែ សេចក្តីលម្អិតអំពីសំណើ សាងសង់នោះមិនច្បាស់ទេ។ តំណាងក្រុមហ៊ុននៅ ភ្នំពេញ នៃក្រុមហ៊ុនរដ្ឋរបស់ចិនឈ្មោះ Sinohydro Corporation Limited ជាក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីធំបំផុតនៅលើពិភពលោកបាន ថ្លែងពីថ្ងៃចន្ទថា ក្រុមហ៊ុនឥឡូវនេះចូលរួមក្នុងគម្រោងស្ទឹង ជ័យអារ៉ែង ប៉ុន្តែថា លោកមិនអាចផ្តល់ព័ត៌មានលម្អិតជាងនេះទេ។
ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានជាក់លាក់ចំពោះក្រុមហ៊ុន ដែលនឹងមកជំនួសនោះ គឺមិនទាន់មានប្រកាសជាផ្លួវការដោយរាជរដ្ឋាភិបាលកម្ពុជានូវឡើយទេ។
នៅក្នុងលិខិតរបស់អង្គការសង្គមស៊ីវិលនោះបានបង្ហាញថា ប្រសិនបើសាងសង់ ប្រជាជនប្រមាណ ៣៨៩ គ្រួសារ (១.៦៤២ នាក់) និងព្រៃឈើប្រហែលជា ២០.០០០ ហិកតា នឹងរងផលប៉ះពាល់។ជាងនេះទៅទៀត ថនិកសត្វ ប្រមាណ៥៧ ប្រភេទ,បក្សី ៩៣ប្រភេទ, ល្មូន ៥៥ប្រភេទ (រួមទាំងក្រពើភ្នំ) ឧរុង្គសត្វ ២៩ប្រភេទ និងត្រី ៤៣ប្រភេទ ( រួមទាំងត្រីនាគ ) និងត្រូវបានគំរាមកំហែង ដោយសារការសាងសង់ទំនប់នេះ។
ម្យ៉ាងវិញទៀត បើពិនិត្យទៅលើដំណើរនិងនីតិវិធីនៃការវាយតម្លៃហេតុផលប៉ះពាល់ បរិស្ថាននិងសង្គមដំបូង គឺនៅមានភាពខ្វះចន្លោះប្រហោង នៃការចូលរួមរបស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ក្នុងការសម្រេចចិត្ត ពោលគឺមានតែចំនួនប្រជាពលរដ្ឋមួយចំនួនតូចតែប៉ុណ្ណោះ ដែលបានចូលរួមពិភាក្សាជាមួយតំណាងក្រុមហ៊ុន ពោលគឺប្រជាពលរដ្ឋមិនអាចបង្ហាញនូវយោបល់ ការព្រួយបារម្ភ និងសំណូមពរពាក់ព័ន្ធនឹងគម្រោងសាងសង់ទំនប់បានឡើយ។
ទំនប់វារីអគ្គិសនី ស្ទឹងជ័យ អារ៉ែងនេះគ្រោងនឹងសាងសង់ក្នុងភូមិ ព្រែកស្វាយ ឃុំថ្មបាំង ស្រុកថ្មបាំង ខេត្ដកោះកុង ចំណាយទឹកប្រាក់សរុប ៣២៧ លាន ដុល្លារអាមេរិក និងត្រូវការពេល ៤,៥ ឆ្នាំ។ តំបន់នេះ មានប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិច "ជង" រស់នៅច្រើន ជាពិសេស គឺស្ត្រី និងកុមារ ដែលអាចនឹងទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារពួកគាត់រស់នៅផ្ទាល់ និងជិតស្និទ្ធទៅលើធនធានធម្មជាតិក្នុងតំបន់នេះ។
តាមការសិក្សារបស់ក្រុមអង្គការសង្គមស៊ីវិលបានបង្ហាញដែរថា តំបន់ដែលគ្រោងនឹងសាងសង់ទំនប់ គឺជាតំបន់ដែលមានសក្តានុពលផ្នែកធម្មជាតិកម្រមួយ បន្ទាប់ពីព្រៃអាម៉ាហ្សូន Amazon ដែលមិនអាចរកបាននៅតាមបណ្តាប្រទេសនានាក្នុងអាស៊ីភាគ អាគ្នេយ៍។
តំបន់ឆាយអារ៉ែង ជាតំបន់ដែលមានសម្រស់ស្រស់ស្អាត សំបូរទៅដោយព្រៃឈើ រុក្ខជាតិ ជីវចំរុះ សត្វព្រៃកម្រដែលជិតនឹងផុតពូជ ដែលមិនអាចកាត់ថ្លៃបាន ហើយជាតំបន់មួយដែលស័កិ្តសមបំផុត ក្នុងការបង្កើតជាតំបន់ទេសចរណ៍តាមបែបធម្មជាតិ ដែលនឹងបង្កើនចំណូលថវិកាជាតិ និងប្រជាពលរដ្ឋនៅទីនោះផងដែរ។ក្រុមអង្គការសង្គមស៊ីវិល សូមស្នើសុំលោក មេត្តាធ្វើការពិចារណាក្នុងការដាក់តំបន់នេះ ជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជនជាតិដើមភាគតិច បានរស់នៅពឹងលើសម្បត្តិធម្មជាតិនេះ និងសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយរបស់ពួកគាត់។
No comments:
Post a Comment
yes