Friday, December 27, 2013

បទ​យកការណ៍​៖កម្មករ​​រិះ​គន់​ថាជន​ជាតិ​វៀតណាម​​មាន​សិទ្ធិ​ច្រើនជាង​ជនជាតិ​ខ្មែរ​ក្នុង​វិស័យ​កាត់ដេរ​​

កម្មករប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ តវ៉ាទាមទារ​ប្រាក់
ឈ្នួល​១៦០​ដុល្លារ កាលពីថ្ងៃពុធ (រូបថត ញឹម សុខន)

ជន​ជាតិ​ចិន ជន​ជាតិ​វៀតណាម ឲ្យ​តែ​មកធ្វើ​ការ​នៅ​ក្នុង​រោង​ចក្រ​​​​ស្រុក​ខ្មែរ គេ​មាន​​អាទិ​ភាពជាងខ្មែរ​​​យើង ​ជាក់​ស្តែង​ដូច​ថា កម្មករ​ខ្មែរ​យើង​ធ្វើ​ការ​រយៈ​១០​​ឆ្នាំ​អី​អញ្ចឹង នៅ​​តែ​កូន​ចៅ​​គេ គេ​ទើប​តែ​មក​ដល់​ស្រុក​ខ្មែរ ​ក៏​គេ​ធ្វើ​មេ​យើង​ដែរ គេ​អត់​ចេះ​អញ្ចឹង​ក៏​គេ​នៅ​តែ​គ្រប់​គ្រង​យើង​ដែរ​"។
កម្មករ​​រាប់​ម៉ឺន​​នាក់ មក​ពី​​បណ្តា​​រោង​ចក្រ​​នានា បាន​​ផ្ទុះ​​បាតុ​កម្ម​​ព្រមៗ​​គ្នា​​ក្នុង​​ទ្រង់​ទ្រាយ​​ធំ រយៈពេល​ពីរ​ថ្ងៃ ទាំង​នៅ​​រាជធានី​ភ្នំពេញ និង​​តាម​​ខេត្ត​មួយ​ចំនួន ចាប់​ពី​​ថ្ងៃ​ទី​​២៦ ខែ​​ធ្នូ ឆ្នាំ​​២០១៣​នេះ​។
​តំណាង​កម្មករ បាន​លើក​បដា​សរសេរ​ថា ១៦០​​ដុល្លារ ដែល​​នេះ​​មាន​ន័យ​​ថា សុំឲ្យ​ប្រាក់​​ឈ្នួល​​គោល​​របស់​ពួកគេ​បាន​ឡើងដល់ ១៦០​ដុល្លារ​​ ក្នុង​មួយ​ខែ នៅ​ឆ្នាំ​២០១៤​​នេះ បន្ទាប់​ពី​​គណៈ​កម្មការ​​ប្រឹក្សា​​ការ​ងារ សម្រេច​​ដំឡើង​​ឲ្យ​ត្រឹម​តែ​​៩៥​​ដុល្លារ​​នោះ​។ ក្រុម​បាតុករ​​រាប់​ម៉ឺន​​នាក់​​ បាន​ដើរ​តាមផ្លូវ នៅ​រាជ​ធានី​​ភ្នំពេញ និង​​បិទ​កំណាត់​ផ្លូវ​មួយ​ចំនួន​ទៀត ​នៅតាម​បណ្តា​ខេត្ត ខណៈ​​មេដឹកនាំ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ចូលរួម​ដឹកនាំ​​សកម្មភាព​​ទាមទារ​ប្រាក់​ឈ្នួល​​​​​នេះ​ ៖ "ឥឡូវ​បង​ប្អូនសួរ​​ទៅ​ លោក​​ហ៊ុន សែន​ វិញ ឲ្យ​កូន​គាត់​មក​​រៀន​ចាយ​មើលមួយ​ខែ ៩៥(ដុល្លារ)​ចាយ​បាន​ទេ​មួយ​ខែ? ទំនិញ​ឡើង​ថ្លៃ ហើយ​​គាត់​បាន​ប្រាប់ គាត់​និយាយ​ថា​ម៉េច​បង​ប្អូន រដ្ឋាភិបាល​ហ្នឹង​គាត់​ថា គាត់​នឹង​ដំឡើង​ឆ្នាំ​នេះ ៩៥(ដុល្លារ) ឆ្នាំ​ក្រោយ​ ១១០(ដុល្លារ​)​ឆ្នាំ​ក្រោយ​ៗៗៗ ដល់​​ឆ្នាំ​​២០១៨ បាន​ៗ​ ១៦០​(ដុល្លារ) ទម្រាំ​ ២០១៨ មិនដឹង​​ស្ករ​ឡើងថ្លៃ​​ប៉ុន្មាន​ហើយ ប៊ី​ចេង​ឡើង​ប៉ុន្មាន​ហើយ សាច់​ឡើង​ប៉ុន្មាន​ហើយ ខោ​អាវ​ឡើង​ប៉ុន្មាន​ហើយ ដូច្នេះ​អត់​មាន​ចាំ​ឆ្នាំ​២០១៨​ទេ សុំ​ឆ្នាំ២០១៣​​នេះ​តែ​ម្តង"។

​តើ​មូលហេតុ​អ្វី​បាន​ជា​កម្មករ​ផ្ទុះ​ការតវ៉ា​ព្រមៗ​គ្នា​យ៉ាង​នេះ​?
លោក អ៊ុក វ​ល័ក្ខ ដែល​ដៃ​កាន់​​មេក្រូ បាន​​ដើរ​​នាំ​មុខ​គេ ក្នុង​ចំណោម​​កម្មករ​​រោង​ចក្រ Universal Glory (Cambodia) Ltd នៅក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ​រាជធានី​ភ្នំពេញ​។ កម្មករ សម្បុរ​ខ្មៅ​​ស្រ​អែម អាយុ​​២២​ឆ្នាំ រូបនេះ បាន​រៀប​រាប់​​ថា ពួកគេ​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ស្ម័គ្រចិត្ត ដោយ​​ចង់​​ទាមទារ​ប្រាក់​​ឈ្នួល​​គោល​​ឲ្យបាន ១៦០​​ដុល្លារ​ក្នុង​មួយខែ ព្រោះ​​ប្រាក់​ឈ្នួល​បច្ចុប្បន្ន​មិនអាច​ផ្គត់ផ្គង់​ការរស់នៅ​បាន​ទេ ៖ "ហ្នឹង​ចំពោះ​ខ្ញុំ​គឺ​អ្នក​នៅរាជ​ធានី​ភ្នំពេញផ្ទាល់​តែ​ម្តង គឺ​ខ្ញុំ​សល់​បាន​តែ​ ៥០​(ដុល្លារ) ចុះ​ទម្រាំ​តែ​អ្នក​មក​ពី​បណ្តា​ខេត្ត​ទៀត​ គ្នា​សល់​ប៉ុន្មាន នៅ​ការ​ហូប​ចុក ចំណាយ​លើ​អ្វី​ផ្សេង​ៗ​​ទាំង​អស់ ចំពោះ​ខ្ញុំ​គឺ​​បាយ​ផ្ទះ​ខ្លួន​ឯងអី​ខ្លួន​ឯង គឺ​សល់​បាន​ប៉ុណ្ណឹង​ ចុះ​ទម្រាំ​អ្នក​មក​ពី​ខេត្ត គ្នា​នៅ​ថ្លៃ​ផ្ទះ​ជួល​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​​អី​​មួយ​ចប់ អញ្ចឹង​តើ​គ្នា​សល់​បាន​ប៉ុន្មាន​ទៅ​"។
បច្ចុប្បន្ន កម្មករ​ក្នុង​​វិស័យ​​កាត់​ដេរ​នៅ​កម្ពុជា ​​មាន​ប្រមាណ​​ជាង​​៦០​ម៉ឺន​នាក់​ ដោយ​​ទទួលបាន​​ប្រាក់​ឈ្នួល​​គោល ក្នុង​​កម្មករ​​ម្នាក់​​ ៨០​ដុល្លារ ។ ប៉ុន្តែ​កម្មករ អះ​​អាង​​ថា ប្រាក់​​នេះ​តិចតួច បើ​ធៀប​​នឹង​តម្លៃ​​ទំនិញ ស្ទើរ​សព្វ​សារពើ ចេះ​​តែ​បន្ត​ហក់​ឡើងថ្លៃ ។​
(តារាងតម្លៃប្រាក់ឈ្នួលអប្បបរមារបស់កម្មករ ដែលនឹងត្រូវដំឡើងជារៀងរាល់ឆ្នាំ តាមសេចក្តីសម្រេចរបស់ក្រសួងការងារ/ដោយស៊ុន ណារិន)
ក្រុម​កម្ម​ការ​នី​ដែល​ឡើង​លើ​វេទិកា នៅ​​ទីលាន​ប្រជាធិប​តេយ្យ បាន​ស្រែកយំ នៅ​​ពេល​ពួកគេ​នឹក​ដល់​ការគាបសង្កត់ និង​រើសអើង​ពី​សំណក់​ជន​បរទេស​​​ដែល​​ធ្វើការ​​ក្នុង​​វិស័យ​​នេះ​។​
​កម្មករ អ៊ុក វ​ល័ក្ខ ក៏​បានឲ្យដឹង​​ទៀតថា មូលហេតុ ដែល​កម្មករ​នាំគ្នា​តវ៉ា ដោយ​សារ​តែ​បច្ចុប្បន្ន​ស្ទើរ​គ្រប់​​រោងចក្រ មាន​ជនជាតិ​វៀតណាម​ជាច្រើន ដែល​​​ធ្វើការ​នៅក្នុង​រោង​ច​ក្រ បាន​​ត្រួតត្រា​​លើ​កម្មករ​ខ្មែរ ៖ "​បើ​រឿង​វៀតណាម នៅក្នុង​រោង​ចក្រ​ខ្ញុំ​វិញ វៀតណាម​ចំ​ទាំង​អស់​តែ​ម្តង ហើយ​សូម្បី​ខាង​QC ក៏​​វៀត​ណាម ប្រធាន​វៀត​ណាម ហើយ​កម្មករ​ពិនិត្យ​ខោ​​ចម្រាញ់​ក៏​វៀត​ណាម គឺ​កម្ម​ករ​ខ្មែរ​គឺ​​ក្រោម​វៀត​ណាម​ទាំង​អស់ គឺ​ប្រធាន​គឺជា​វៀតណាម​ទាំង​អស់ ប្រធាន​ផ្នែក​ខាង QC វៀតណាម គឺអា​ចែ​វៀតណាម​គាត់​កាន់​កាប់​ ហើយ​ខាង​គាត់​កាន់​កាប់​​គឺ​ច្បាប់​តឹង​បំផុត​ កម្មករ​ហ៊ាន​តែ​ឈប់កន្លះ​ថ្លៃ​ ឬក៏​ចេញ​ម៉ោង​៤ គឺ​គាត់​ផ្តល់​ឲ្យ​ពី​ ៥០%​​ ចំនួន​មួយ​អាទិត្យ​តែ​ម្តង"។
មិនទាន់​មាន​របាយការណ៍​​ណា ​បញ្ជាក់ថា មាន​ជនជាតិ​វៀតណាម​​ប៉ុន្មាន​នាក់ ដែល​ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ​នៅ​​កម្ពុជា​ទេ​។​
ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិប​តេយ្យ កម្មករ​​កាត់​ដេរ​​កម្ពុ​ជា (C-CAWDU) លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ពិត​ជា​សម្បូរ​​ជនជាតិ​វៀតណាម​មក​ធ្វើការ​នៅ​កម្ពុជា​មែន តែ​​លោក​មិន​ដែល​​ជួបប្រទះ នឹង​​ករណី​កម្មករ​ជន​ជាតិ​វៀតណាម ទទួលបាន​ប្រាក់ខែ​ច្រើន​ជាង​ជនជាតិខ្មែរ​ទេ ឬ​ត្រួតត្រា​លើ​កម្មករ​​ខ្មែរ​​ទេ ។ ប៉ុន្តែ ប្រសិនបើ​មាន​ការរើសអើង​បែប​​នេះ​​មែន លោក​ថា នឹង​ធ្វើឲ្យ​ប៉ះពាល់​​ខ្លាំង​ដល់​ទឹក​ចិត្តកម្ម​ក​រ​ជនជាតិខ្មែរ ហើយ​បញ្ហា​នេះ រដ្ឋាភិបាល​​ខ្មែរ គប្បី​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​ជាតិ​សាសន៍ខ្លួន​ ៖ “​យើង​មិន​ត្រូវ​បន្ទោស​ខាង​ក្រុមហ៊ុន​ទេ ពេលខ្លះ​ក្រុមហ៊ុន​គេ​មិន​កើត​ទុក​អី ចាំបាច់​ចាំ​បង្រៀន​ជនជាតិខ្មែរ​អី បើ​គេ​យក​បរទេស​មក​ដាក់​ចេះ​ស្រាប់​វា​មិន​ស្រួល ចឹង​ចង់​ឲ្យ​រដ្ឋ​យើង​ហ្នឹង​កុំ​ពុករលួយ កុំ​បក្ខពួក អែង​បើ​លើស​កម្មករ​គឺ​មិន​ឲ្យប្រើ​ចឹង​មក បណ្ដុះបណ្ដាល​ខ្មែរ​យើង​ចឹង​មក មាន​ទស្សនវិស័យ​គោលការណ៍​រយៈពេល​វែង​រយៈពេល​ខ្លី​ចឹង​មក ចឹង​បានវា​ទៅរួច បើ​យើង​ទាំង​ដឹង​ជា​ធ្វើការ​អី​ផង ហើយ​កម្មករ​បរទេស​មួយចំនួន​ហ្នឹង​មក ធ្វើការ​ស្រុក​ខ្មែរ​មិន​មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​យើង​អត់​មាន​វិន័យ ” ។​
​បើ​តាម​សមគម​​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បច្ចុប្បន្ន​មាន​រោងចក្រ​ប្រមាណ​៥០០​​ កំពុង​រកស៊ី​នៅ​កម្ពុជា ដែល​​ភាគច្រើន មាន​ថៅកែ​ជា​ជនជាតិ​ចិន និង កូរ៉េ​។ រយៈពេល​ពីរ​ថ្ងៃ​មក​នេះ ប្រធាន​សមាគម​​រោង​ច​ក្រ​កាត់​ដេរ​​នៅ​​កម្ពុជា ឲ្យដឹងថា មាន​កម្មករ​​នៃ​រោង​ចក្រ​តែ​ប្រមាណ​ ៥០ ​ប៉ុណ្ណោះ​​ដែល​ផ្ទុះ​ការតវ៉ា ខុស​ច្បាប់ ខណៈ​រោងចក្រ​ផ្សេងទៀត​នៅ​ដំណើរការ​ធម្មតា​។​
កម្មការិនី ជុំ សុភាព មកពី​រោង​ចក្រ​ស៊ូ​តុង​ហ្វាង ​ផលិត​ខោអាវ នៅ​ខេត្ត​តាកែវ និយាយ​ថា គាត់​មាន​ការខកចិត្ត​យ៉ាងខ្លាំង នៅពេល​ដែល​ដឹង​ថា​ក្រសួង​ការ​ងារ​​សម្រេច​កំណត់​ប្រាក់​ឈ្នួល​កម្មករ​​ត្រឹម​តែ​ ៩៥​ដុល្លារ ដែល​ប្រៀបធៀប​នឹង​តម្លៃ​ទំនិញ​​នៅលើ​ទីផ្សា​រ​ខុស​គ្នា​​ស្រលះ​។ ក្នុង​ទឹក​មុខមាំ ដៃ​កាន់ បដា ១៦០​ដុល្លារ សុភាព បន្តថា ការ​មក​ធ្វើ​បាតុកម្ម​​នេះ មិន​មាន​អ្នក​ណា​បង្ខំ​ទេ ព្រោះ​រាល់​ការដំឡើង​ប្រាក់​ឈ្នួល​កន្លងមក ទាល់តែ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​​ទាមទារ ទើប​កម្មករ​មាន​ឥទ្ធិពល ៖ “​ប្រាក់ខែ​ពួក​ខ្ញុំ​ហ្នឹង​ធ្វើ​អី សម្រាប់​ពួក​ខ្ញុំ​វា​មិន​គ្រប់គ្រាន់​ទេ ពេល​បុណ្យទាន​ឡើង​ទៅ​ស្រុក ឡាន​សុទ្ធតែ​ពីរ​បី​ម៉ឺន ដល់​ចឹង​មាន​ការ​ទៅ​ផ្ទះ​សុទ្ធតែ​ជំពាក់​គេ ខ្ញុំ​ចង់បាន​ប្រាក់ខែ បើសិន​ឲ្យ​ពួក​ខ្ញុំ​ឡើង​ត្រឹម​៩៥ ពួក​ខ្ញុំ​ឡើង​មិន​រួច​ទេ គេ​មិន​ទាន់​បាន​ឡើង​ផង ថ្លៃ​ភ្លើង​គេ​ឡើង ១​គី​ឡូ ពីរពាន់​ហើយ​ហ្នឹង ហើយ​ពួក​ខ្ញុំ​ជួល​ផ្ទះ​គេ​ជីវភាព​ប៉ុណ្ណឹង​ម៉េច​បាន​គ្រប់គ្រាន់ ខ្ញុំ​ថា មានសង្ឃឹម តាំង​ពី​ប្រាក់ខែ ៣៥​ដុល្លារ ឡើងដល់​៨០ គាត់​ជួយ​រាងរាល់ឆ្នាំ គឺ​៥​ឆ្នាំ​គាត់​អនុវត្ដ​ម្ដង ” ។​
ប្រធាន​សមាគម​រោង​ច​ក្រ​កាត់ដេរ​នៅ​​កម្ពុជា លោក វ៉ាន់ ស៊ូ​អៀង មាន​ប្រសាសន៍​ថា ការ​តវ៉ា​​ដំឡើង​​ប្រាក់​​ឈ្នួល​​នេះ​​មិន​អាច​ទៅរួច​ទេ ព្រោះ​ក្រសួង និង​ស្ថាប័ន​​ពាក់ព័ន្ធ​បាន​សម្រេច​រួច​ទៅ​ហើយ ៖ “​អត់​ជួយ​បាន​ទេ​ពីព្រោះ​គេ​សម្រេច​រួច​ហើយ សហជីព ជាមួយ​និយោជក​គេ​សម្រេច​រួច​ហើយ ថែម​បាន​គេ​ថែម​ហើយ ថែម​អត់​បាន បាន​មាន election មាន​អីហ្នឹង​ណា ចូល​ច្រើនពេក​ក៏​គេ​ទៅ​អត់​រួច​ដែរ​” ។​
​ទោះជា​យ៉ាងណា បន្ទាប់​ពី​កម្មករ​រាប់មឺន​នាក់ មិន​ទទួលយក​ការដំឡើង​ប្រាក់​ឈ្នួល​ចំនួន​១៥​​ដុល្លារ​នេះ គណៈកម្មការ​ប្រឹក្សា​ការងារ បានប្រកាសថា នឹង​​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ឡើងវិញ​នៅ​ថ្ងៃ​ទី​២៧​ខែ​ធ្នូ​​នេះ​​ម្តងទៀត​។​
​យ៉ាងនេះក្តី តំណាង​សម្ព័ន្ធ​សហជីព និង​សហព័ន្ធ​សហជីព​ចំនួន​៧ ព្រមាន​ដឹកនាំ​កូដកម្ម​-​បាតុកម្ម ដោយ​ដង្ហែ​ក្បួន​ជា​សាធារណៈ ចាប់ពី​ដើម​ខែ​មករា ឆ្នាំ​​២០១៤ ប្រសិនបើ​សមាគម​រោងចក្រ​​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​GMAC មិន​ព្រម​ដំ​ទ្បើង​ប្រាក់​ឈ្នួល អប្បបរមា​១៦០​ដុល្លារ​​អាមេរិក​​ក្នុង​មួយខែ និង​កែលម្អរ​លក្ខខណ្ឌ​ការងារ​៕

No comments:

Post a Comment

yes