
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅ
វិមានរដ្ឋសភា កាលពីថ្ងៃទី២០ ខែធ្នូ ថា នឹងមិនមានការបោះឆ្នោតឡើងវិញ និងការចុះចេញពីតំណែងទេ(រូបភាពដោយ ណាត សុភាព)
រដ្ឋមន្ត្រីការបរទេសវៀតណាម ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ក្នុងសប្តាហ៍នេះ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung។
សារព័ត៌មានវៀតណាម(vietnamnews.vn) ចុះផ្សាយថា ដំណើរទស្សនកិច្ចនេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០១៣។
មិនទាន់មានព័ត៌មានលម្អិតទាក់ទងពីដំណើរទស្សនកិច្ចនេះនៅឡើយទេ។
គណបក្សសង្គ្រោះជាតិ កំពុងពុះកញ្ជ្រោលបាតុកម្ម ដោយដង្ហែក្បួនជារៀងរាល់ថ្ងៃនៅរាជធានីភ្នំពេញ ដោយទាមទារឲ្យបោះឆ្នោតឡើងវិញ និងទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។តែការទាមទារនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី បដិសេធ កាលពីសប្តាហ៍មុន។
កាលពីថ្ងៃអាទិត្យ ទី២២ខែធ្នូ បាតុករ រាប់ម៉ឺននាក់ បានដង្ហែតាមវិថីមួយចំនួននៅរាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា។
កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងទៅកាន់អ្នកសារព័ត៌មានថា លោកបានឆ្លងឆ្លើយគ្នាជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិលើការសម្របសម្រួលនយោបាយ និងបានអំពាវនាវឲ្យគណបក្សសង្គ្រោះជាតិ វិលចូលការចរចាជាថ្មី ចៀសវាងការធ្វើបាតុកម្ម នាំឲ្យខាតប្រយោជន៍ជាតិ៕
No comments:
Post a Comment
yes