ប្រធានសហភាពសហជីពកម្ពុជា ដឹកនាំកម្មករជាង១ម៉ឺននាក់ហែក្បួនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃចន្ទនេះ ដើម្បីទាមទារដំឡើងប្រាក់ខែគោលឲ្យបាន១៦០ដុល្លារ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា កម្មករដែលហែក្បួនជាមួយលោកនៅព្រឹកនេះ គឺមកពីរោងចក្រដែលស្ថិតនៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ការប្រមូលផ្តុំរបស់កម្មករនៅមុខក្រសួងការងារ គឺពួកគេរង់ចាំស្តាប់លទ្ធផលនៃការចរចារវាងតំណាងកម្មករ និងភាគីក្រុមហ៊ុនពីការដំឡើងប្រាក់ខែគោលកម្មករនៅព្រឹកនេះ។
លោក រ៉ុង ឈុន ជាភាគីតំណាងឲ្យកម្មករមួយរូប ដែលចូលរួមចរចានៅព្រឹកនេះដែរ បានប្តេជ្ញាថា លោកនឹងទាមទារប្រាក់គោលជូនកម្មករឲ្យបាន១៦០ដុល្លារក្នុងមួយខែ។ លោកបញ្ជាក់ថា បើមិនបានដូចការទាមទារទេ លោកនឹងបន្តដឹកនាំកម្មករធ្វើកូដកម្មបន្តទៀត។
លោក រ៉ុង ឈុន បានឲ្យដឹងទៀតថា នៅព្រឹកនេះកម្មករអាចនឹងបិទផ្លូវនៅមុខក្រសួងការងារទៀត ដើម្បីដាក់សម្ពាធឲ្យភាគីពាក់ព័ន្ធពិចារណាដំឡើងប្រាក់ខែគោលឲ្យបាន១៦០ ដុល្លារ៕
No comments:
Post a Comment
yes