
កម្មករប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ ទាមទារដំឡើងប្រាក់ខែ
(រូបថត ញឹម សុខន)
មានសេចក្ដីរាយកាណ៍នានា បានឲ្យដឹងថា កម្មករនៅតាមរោងចក្រមួយចំនួននៅទូទាំងប្រទេសកម្ពុជា បានផ្ទុះកូដកម្ម ខណៈកម្មករចំនួន២៥រោងចក្រមកពីខណ្ឌឬស្សីកែវ បានធ្វើដំណើរមកតវ៉ា នៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារការដំឡើងប្រាក់ឈ្នួលពលកម្មឲ្យបាន ១៦០ដុល្លារ។
តាមមន្ត្រីសហជីព និងតាមបណ្ដាញសង្គម កម្មករដែលជិះឡានមកកាន់ទីលានប្រជាធិបតេយ្យ ពួកគេមកពីរោងចក្រមួយចំនួននៅសង្កាត់ទួលសង្កែ ហើយខ្លះទៀត មកពីសង្កាត់ទឹកថ្លា។
មានការផ្ដល់ព័ត៌មានថា នៅតំបន់សេដ្ឋពិសេសក្រុងបាវិត ខេត្តស្វាយរៀង កម្មករជាង ២០០០០នាក់ កំពុងប្រមូលផ្ដុំគ្នា ធ្វើកូដកម្មហើយ ក្នុងនោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានរាយការណ៍ថា លោកកំពុងមានវត្តមាននៅក្នុងហ្វូងកម្មករនោះដែរ។ រីឯនៅខេត្តកំពង់ចាម ក៏មានសេចក្ដីរាយការណ៍ថា កម្មកររាប់ពាន់នាក់ ក៏ធ្វើកូដកម្មផងដែរ ហើយក្នុងនោះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានឋិតក្នុងហ្វូងកម្មករតវ៉ានោះដែរ។
នៅទីលានប្រជាធិបតេយ្យរាធានីភ្នំពេញ កម្មករមានជិត ៣០០០០នាក់ បានប្រមូលផ្ដុំគ្នាខណៈបាតុករគាំទ្រគណបក្សសង្គ្រោះជាតិ មានវត្តមាននៅទីនោះរាប់ម៉ឺននាក់ ហើយនោះ។
ការផ្ទុះកូដកម្ម បាតុកម្មរបស់កម្មករ ធ្វើឡើងជាការឆ្លើយតប ករណីដែលពួកគេ មិនទទួលយកការសម្រេចផ្ដល់ប្រាក់ឈ្នួលចំនួន ៩៥ដុល្លារ ដែល ក្រសួងការងារ និងក្រុមប្រឹក្សា និយោជកបានសម្រេចកាលពីថ្ងៃអង្គារម្សិលមិញនេះ ។ ពួកគេប្រកាសត្រូវការប្រាក់ឈ្នួល ចំនួន១៦០ដុល្លារ ទើបអាចទ្រទ្រង់ ជីវភាពរបស់ពួកគេបាន៕
No comments:
Post a Comment
yes