Friday, December 20, 2013

សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​រឹងមាំ

7_story_1
ក្រុមពលរដ្ឋគាំទ្រគណបក្សសង្គ្រោះជាតិ លើក​បដា​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​
ហ៊ុន សែន​ចុះ​ចេញ​ពី​តំណែង​នៅ​ទីលាន​ប្រជាធិប​តេយ្យ​កាល​ពី​ម្សិល​មិញ
 រូប​ថត ហេង ជីវ័ន
បាតុករ​រាប់​ពាន់​នាក់​នៅ​តែ​ចូល​រួម​ក្នុង​ការ​ដើរ​ដង្ហែ​ក្បួន​របស់​គណបក្ស​ប្រឆាំង នៅ​តែ​បន្ត​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ចុះ​ចេញ​ឬ​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ។
បាតុកម្ម​ឈាន​ចូល​ដល់​ថ្ងៃ ទី៥ កាល​ពី​ម្សិលមិញ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដង្ហែ​ពី​សួន​សេរីភាព​ឆ្លង​កាត់​ផ្លូវ​មួយ​ចំនួន​នៅ​ភ្នំពេញ​ហើយ​ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ ៥ ត្រឡប់​មក​ផ្លូវ ៥៩៨ រួច​ឆ្ពោះ​ទៅ​មហាវិថី ព្រះ​មុនីវង្ស រហូត​ដល់​កែង​ផ្លូវ ១០៨ ទើប​វិល​ត្រឡប់​ទៅ​សួន​សេរីភាព​វិញ នៅ​វេលា​ម៉ោង​ប្រហែល​ជាង ៧ យប់។
ពេល​មក​ដល់​សួន​សេរីភាព នៅ​វេលា​ម៉ោង​ជាង ៤ រសៀល លោក សម រង្ស៊ី មិន​បាន​ថ្លែង​សុន្ទរកថា​វែង​ទៅ​កាន់​អ្នក​គាំទ្រ​ដែល​រង់ចាំ​ស្វាគមន៍​លោក​ទេ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា នៅ​ថ្ងៃ​នេះ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​មិន​បាន​មក​ដឹក​នាំ​ក្បួន​ដង្ហែ​ទៀត​ទេ ព្រោះ​គាត់​កំពុង​បំពេញ​បេសកកម្ម​នៅ​តាម​ខេត្ត ដើម្បី​រៀបចំ​មហា​បាតុកម្ម​នៅ​ខេត្ត​ហើយ​ភ្លាមៗ​នោះ លោក សម រង្ស៊ី បាន​ចុះ​ពី​លើ​ឆាក​ដើម្បី​ដឹកនាំ​ការ​ហែក្បួន។
លោក​ស្រី មូរ សុខហួរ តំណាង​រាស្រ្ត​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា៖ «យើង​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​មក​ចូល​រួម ហើយ​យើង​នឹង​មិន​បញ្ឈប់​ការ​ធ្វើ​បាតុកម្ម​ទេ។ ដល់​ពេល​បិទ​ផ្លូវ យើង​នឹង​បិទ​ផ្លូវ។ យើង​គ្មាន​អ្វី​ជា​ការ​សម្ងាត់​ទេ។ យើង​គ្មាន​ជម្រើស​ទេ។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា បាតុកម្ម​នឹង​ថយ​ចុះ ប៉ុន្តែ គ្រាន់​តែ​ស្តាប់​ប្រជាជន​ទៅ»។

លោក ពេជ្រ ប៊ុនឡេង អាយុ ២១ ឆ្នាំ លោក កាំង សាល អាយុ ២៣ ឆ្នាំ ជា​និស្សិត​មក​ពី​ខេត្ត កណ្តាល បាន​ថ្លែង​ថា គេ​រីករាយ​ក្នុង​ការ​ចូល​រួម​បាតុកម្ម​ដោយ​អះអាង​ថា ពួកគេ​ត្រូវ​តែ​មក​រៀង​រាល់​ថ្ងៃ ដើម្បី​ចូលរួម ព្រោះ​ពួក​គេ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។
ប៉ុន្តែ លោក ទៀ បាញ់ ឧប​នាយក​រដ្ឋ​មន្រ្តី និង​ជា​រដ្ឋ​មន្រ្តី​ការពារ​ជាតិ បាន​ហៅ​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា ហួស​ពេល​ហើយ​អាច​នាំ​ឲ្យ​កម្ពុជា​ជួប​បញ្ហា​ធ្ងន់​ធ្ងរ ដោយ​លោក​លើក​ឡើង​ថា ជា​អ្នក​នយោបាយ គេ​គួរ​ប្រើ​សកម្មភាព​នោះ​ក្រោម​ក្របខ័ណ្ឌ​ច្បាប់។
លោក ទៀ បាញ់ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ខាង​ក្រៅ​សិក្ខាសាលា​មួយ​កាល​ពី ម្សិលមិញ​ថា៖ «បញ្ហា​ការ​ទាមទារ​ឲ្យ​លាលែង​ឲ្យ​បោះឆ្នោត​ថ្មី...បញ្ហា​ទាំង​នេះ ជា​បញ្ហា​ដែល​យើង​ចាត់​ទុក​ថា ហួស​សម័យ ព្រោះ​ការ​ទាមទារ​នោះ យើង​មិន​ដឹង​ទេ​ថា តើ​វា​នាំ​ប្រទេស​យើង​ទៅ​ជា​អ្វី​នោះ​ទេ»។
ចំពោះ​ការ​លើក​ឡើង​ថា បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ​ព្យាយាម​បិទ​ផ្លូវ ដើម្បី​កាន់​កាប់​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​នោះ លោក ទៀ បាញ់ បាន​ឆ្លើយ​តប​ថា ទី​នេះ​គឺ​កម្ពុជា​មិន​មែន​ថៃ​ទេ ដូច្នេះ ច្បាប់​ប្រទេស​ទាំង​ពីរ​ក៏​ខុស​គ្នា​ដែរ។ លោក​បន្ថែម​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ធ្វើ​អ្វី​តាម​ឆន្ទៈ​ប្រជាជន​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ គួរ​ទៅ​អង្គុយ​នៅ​រដ្ឋសភា​ពិភាក្សា​ជាមួយ​គណបក្ស​ប្រជាជន​ព្រោះ​ប្រជាជន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ការ​ជូន​ជាតិ៕

No comments:

Post a Comment

yes