
ពលរដ្ឋនៅកោះកុងត្រូវហាមឃាត់មិនឲ្យធ្វើស្រែលើដីនេះ
រូបថត សហការី
នៅខណៈដែលកម្ពុជាកំពុងមានការជាប់គាំងនយោបាយបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃ ទី២៨ កក្កដា អាជ្ញាធរមួយចំនួនកំពុងដើរសម្លុតដកហូតសាលកបត្រដីធ្លី ដែលផ្តល់ឲ្យដោយក្រុមយុវជនវាស់វែងដីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឲ្យបញ្ហាវិវាទដីធ្លី បានចាប់ផ្តើមកក្រើកឡើងវិញនៅក្នុងខេត្ត-ក្រុងចំនួន ១៧។ នេះបើយោងតាមវេទិកាពិភាក្សាស្តីពីបញ្ហាដីធ្លីដែលធ្វើឡើងកាលពីម្សិលមិញ។
នៅក្នុងវេទិការពិភាក្សាដែលមានការចូលរួមពី ប្រជាពលរដ្ឋរងផលប៉ះពាល់ក្នុងវិវាទដីធ្លី ១៥ ខេត្ត-ក្រុង អ្នកវិភាគឯករាជ្យ តំណាងអង្គការសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយជាប់ឆ្នោត ដែលមានប្រមាណ ២០០ នាក់ ប្រជាពលរដ្ឋរងគ្រោះ បានទទូចឲ្យរដ្ឋាភិបាល ដែលជាប់ឆ្នោតថ្មីពន្លឿនយន្តការក្នុងការស្វែងរកដំណោះស្រាយក្នុងជម្លោះដីធ្លីរបស់ពួកគេឲ្យបានឆាប់។
អ្នកស្រី ថុង ផា ប្រជាពលរដ្ឋមកពីខេត្ត កំពង់ស្ពឺ បានឲ្យដឹងថា ក្រុមយុវជនលោកនាយករដ្ឋមន្ត្រី បានចុះវាស់វែងដីឲ្យប្រជាពលរដ្ឋនៅក្នុងឃុំរបស់អ្នកស្រីរួចហើយ ប៉ុន្តែបន្ទាប់ពីបានសាលកបត្រអាជ្ញាធរឃុំ ក៏ដកហូតយកវិញ។ អ្នកស្រីបានថ្លែងថា៖ «គេដកហូតយកសលាកបត្រពីយើង ហើយយកទៅលក់ឲ្យក្រុមហ៊ុន ដូច្នេះខ្ញុំសុំឲ្យរដ្ឋាភិបាល ដែលជាប់ឆ្នោតថ្មី មេត្តាជួយពួកខ្ញុំកុំឲ្យគេយកដីនេះ ពីព្រោះដីនេះ ពួកខ្ញុំបានរស់នៅតាំងពីសម័យខ្មែរក្រហម»។
អ្នកស្រីបានឲ្យដឹងទៀតថា នៅពេលដែលអ្នកភូមិធ្វើការតវ៉ា មិនឲ្យក្រុមហ៊ុនយកដី អាជ្ញាធរ បានយកកម្លាំងទាហានមកគំរាមពលរដ្ឋ ហើយក៏បានដុតផ្ទះពលរដ្ឋអស់ ៣ ខ្នង និងឈូសផ្ទះអស់ ៨ ខ្នងទៀត។ អ្នកស្រីបានបញ្ជាក់ថា៖ «ពួកយើងក្រលំបាកណាស់ហើយកូនៗពួកយើងក៏លែងបានរៀនសូត្រដែរដោយសារតែជាប់រវល់ជួយការពារដី»។
លោក គី ចាន់រ៉ា ប្រជាពលរដ្ឋ ដែលមានជម្លោះដីធ្លី មកពីឃុំ បឹងប្រាំ ស្រុក បវេល ខេត្ត បាត់ដំបង បានឲ្យដឹងថា ដីដែលក្រុមនិស្សិតវាស់ឲ្យនៅក្នុងឃុំរបស់លោកនោះ ប្រជាពលរដ្ឋទទួលបានតែប្លង់ប៉ុណ្ណោះ ចំណែកដីពិតប្រាកដ ដែលអ្នកភូមិបានធ្វើស្រែតាំងពីឆ្នាំ ២០០៥ មកនោះ ត្រូវបានអ្នកផ្សេងដណ្តើមកាន់កាប់។ លោកថ្លែងថា៖ «អ្វីដែលប្លែកនោះគឺខ្ញុំមានតែប្លង់ ប៉ុន្តែខ្ញុំអត់មានដី ពីព្រោះដីទាំងអស់របស់យើងគេថាជាដីរបស់គេ។ ខ្ញុំសូមឲ្យរដ្ឋាភិបាលជាប់ឆ្នោតថ្មី មេត្តាពន្លឿនស្វែងរកដំណោះស្រាយជូនពួកយើងផង»។
យោងតាមទស្សនទាននៃវេទិកា ពិភាក្សា ស្តីពីបញ្ហាដីធ្លី បន្ទាប់ពីការបោះឆ្នោតថ្ងៃ ទី២៨ ខែ កក្កដា ដែលបានរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ និងអង្គការសមធម៌កម្ពុជា បានលើកឡើងថា ខណៈមានការជាប់គាំងខាងនយោបាយ បញ្ហាវិវាទដីធ្លីបានចាប់ផ្តើមកក្រើកឡើងជាបន្តបន្ទាប់នៅក្នុងខេត្តក្រុងចំនួន ១៧ ដែលមានចំនួនសរុប ៣៣ ករណី។ ក្រុមហ៊ុន បុគ្គលដែលមានខ្នងបង្អែក និងអ្នកមានអំណាចមួយចំនួនដែលពាក់ព័ន្ធក្នុងវិវាទដីធ្លី ជាមួយប្រជាពលរដ្ឋហាក់ដូចជាកំពុងបើកដៃឲ្យបន្តរឹបអូសយក ដីធ្លីពីប្រជាពលរដ្ឋឲ្យបានគ្រប់តាមចំនួនដែលបានគ្រោងទុកកាលពីមុនពេលបោះឆ្នោត ហើយអាជ្ញាធរ មិនអើពើធ្វើការដោះស្រាយជូនប្រជាពលរដ្ឋឡើយ។ ការសិក្សារបស់អង្គការទាំងនេះបានលើកឡើងថា៖ «ផ្ទុយទៅវិញ អាជ្ញាធរមានសមត្ថកិច្ចបែរជាដើរតួជាអ្នកសម្របសម្រួលក្នុងការផ្ទេរដីរបស់ប្រជាពលរដ្ឋទៅឲ្យក្រុមហ៊ុន។ អាជ្ញាធរមូលដ្ឋានមួយចំនួនកំពុងដើរសម្លុតដកហូតយកមកវិញនូវសាលកបត្រវាស់វែងដីធ្លីដែលទទួលបានពីក្រុមយុវជនស្ម័គ្រចិត្ត»។ រាជធានីខេត្តដែលមានជម្លោះដីធ្លី មានរាជធានីភ្នំពេញ ខេត្ត កោះកុង ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ ព្រះសីហនុ កំពត និង តាកែវ។
យោងទៅតាមរបាយការណ៍កម្រាស់ ៦៨ ទំព័រ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានចេញផ្សាយកាលពីម្សិលមិញ មានចំណងជើងថា «កម្ពុជាដីមានជម្លោះ» បានលើកឡើងថា ពាក់ព័ន្ធការផ្តល់ប័ណ្ណកម្មសិទ្ធិដែលត្រូវបានគេហៅថា យុវជនស្ម័គ្រចិត្ត នៅតែមិនមានប្រសិទ្ធភាព ពីព្រោះកម្មវិធីនោះមិនបានបញ្ចូលប្រជាពលរដ្ឋដែលងាយរងគ្រោះនោះទេ ហើយសកម្មជនដែលជួយដល់សហគមន៍ទាំងនោះដើម្បីការពារដីធ្លីនៅតែត្រូវបានចាប់ខ្លួន។
របាយការណ៍បន្តថា៖ «ប្រជាពលរដ្ឋរស់នៅក្នុងឃុំ ក្បាលត្រាច ស្រុក ក្រគរ ខេត្ត ពោធិ៍សាត់ ត្រូវបានផ្តល់ប័ណ្ណកម្មសិទ្ធិបន្ទាប់ពីការកំណត់ព្រំដីដោយក្រុមយុវជនស្ម័គ្រចិត្ត ក្នុងខែ ធ្នូ ឆ្នាំ ២០១២ ប៉ុន្តែក្រុមហ៊ុនភាពីម៉ិចនៅតែបន្តកាន់កាប់ដដែល»។
លោក វណ្ណ សូផាត មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីរបស់មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ថ្វីបើសិទ្ធិដីធ្លី ត្រូវបានគាំពារក្រោមច្បាប់ជាតិដែលពាក់ព័ន្ធក្តីតែកង្វះការអនុវត្តច្បាប់ជាក់ស្តែង ដោយសារតែអំពើពុករលួយ បក្ខពួកនិយម និងកង្វះឆន្ទៈនយោបាយពិតប្រាកដ បានធ្វើឲ្យជម្លោះដីធ្លី រវាងប្រជាពលរដ្ឋនិងសម្បទានិកនៅតែជាបញ្ហាក្តៅគគុក។ លោកថ្លែងថា៖ «ដោយសារតែប្រព័ន្ធតុលាការទន់ទោរទៅខាងអ្នក នយោបាយ និងនយោបាយរបស់រដ្ឋាភិបាល បានបង្កឲ្យវិវាទដីធ្លីកាន់តែរាលដាលក្លាយជាជម្លោះដ៏ធំ»។
លោក កែម ឡី អ្នកវិភាគសង្គមឯករាជ្យបានថ្លែងថា មហន្តរាយ មកលើមនុស្ស និងធនធានធម្មជាតិ ដែលបានកើតឡើង គឺដោយសារតែការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងសម្បទានរ៉ែ ហើយក្រុមហ៊ុនទាំងនោះបានអនុវត្តខុសពីអនុក្រឹត្យដីសម្បទានសេដ្ឋកិច្ច ឬសម្បទានរ៉ែ។ លោកបានឲ្យដឹងទៀតថា៖ «មានការបង្កើតច្បាប់ព្រៃ ដូចជា បានប្លង់អត់ដី បានប័ណ្ណកម្មសិទ្ធិដកទុកនេះ មានន័យថាយ៉ាងម៉េច? ខ្មែរនឹងក្លាយជាជនជាតិភាគតិចលើដីខ្លួនឯង ជាពិសេសនៅខេត្ត រតនគិរី និងមណ្ឌលគិរី ដោយសារតែក្រុមហ៊ុន វៀតណាម ជាច្រើនបានទទួលដីសម្បទានសេដ្ឋកិច្ច នៅតាមបណ្តោយព្រំដែន»។
លោក ឡោ ណាវុធ អគ្គនាយកសុរិយោដីនៃក្រសួង ដែនដីនគរូបនីយកម្ម និង សំណង់ និង លោក ស សុវណ្ណ អ្នកនាំពាក្យនៃក្រសួង ដែនដីនគរូបនីយកម្មនិងសំណង់ ពុំអាចទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ៕
No comments:
Post a Comment
yes