Friday, December 13, 2013

ក្រសួងមហាផ្ទៃមិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិធ្វើការ​ហែរ​ក្បួន​នៅ​ថ្ងៃទី​១៥​ធ្នូ​ទេ

ក្រសួងមហាផ្ទៃ​ ពុំ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ​ធ្វើការ​ហែរ​ក្បួន ​នៅ​ថ្ងៃទី​១៥ ​ខែធ្នូ​ ឆ្នាំ​២០១៣ ​នោះទេ ​ដោយ​អនុញ្ញាត​ឲ្យ​ធ្វើ​នៅនឹងកន្លែង​ទីលាន​ប្រជាធិបតេយ្យ​ និងអនុញ្ញាត​ឲ្យ​មាន​អ្នកចូលរួម​ត្រឹម​តែមួយ​ម៉ឺ​ននាក់​តែប៉ុណ្ណោះ​។ ​នេះ​បើ​យោងតាម​លិខិត​​ចុះ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៣ របស់លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង  រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ផ្ញើជូន​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ស្តីពី​ការជូនដំណឹង​ធ្វើបាតុកម្ម​អហិង្សា ​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ ចាប់ពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៣ របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​
​    ​

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​ជម្រាបជូន​លោក​អភិបាល​រាជធានី​ភ្នំពេញ​ថា ចំពោះ​ការធ្វើ​បាតុកម្មអហិង្សា នៅ​រៀងរាល់​ថ្ងៃអាទិត្យ ចាប់ពី​ថ្ងៃអាទិត្យ ទី​១៥ ខែធ្នូ ឆ្នាំ​២០១៣ របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រសួងមហាផ្ទៃ​សម្រេច​ដូចតទៅៈ​

១.​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើបាតុកម្ម​អហិង្សា នៅ​ទីលាន​ប្រជាធិបតេយ្យ ចំនួន​១​ថ្ងៃ​នៅ​ថ្ងៃអាទិត្យ ទី​១៥ ខែធ្នូ ឆ្នាំ​២០១៣ ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​១៨:០០​នាទី​ល្ងាច ដោយមាន​អ្នកចូលរួម​មិន​លើសពី​១០.០០០​នាក់​(​មួយ​ម៉ឺន​) ដែល​សមាមាត្រ​ទំហំ​ផ្ទៃក្រឡា នៃ​ទីលាន​ប្រជាធិបតេយ្យ​។​ចំពោះ​ការធ្វើ​បាតុកម្ម​ក្រោយៗ​ទៀត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ជូនដំណឹង​មក​សាលា​រាជធានី​ភ្នំពេញ​សារជាថ្មី​តាមច្បាប់​កំណត់​។

២.​ឆ្លងតាម​បាតុកម្ម​ដែល​កើតមានឡើង​ក្នុងការ​ដង្ហែ​ក្បួន​បាតុកម្ម​កន្លងមក បានបង្ហាញ​ឲ្យ​ឃើញថា គណបក្ស​សង្គ្រោះ​ជាតិ មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​កម្លាំង​ដូច្នេះ​ដើម្បី​ធានា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការ​ដង្ហែ​ក្បួន​ពុំគួរ​អនុញ្ញាត​ឲ្យ​មាន​ឡើយ​។ 

៣.​សាលា​រាជធានី​ភ្នំពេញ​ត្រូវ​បន្ត​ពិភាក្សា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​លើ​បញ្ហា​លំអិត​ជាក់ស្តែង​មួយចំនួនទៀត ដើម្បី​ធានា​ឲ្យ​ការប្រព្រឹត្តទៅ​នៃ​បាតុកម្ម​ប្រកបដោយ​សន្តិវិធី និង​ស្របតាម​ច្បាប់​ជា​ធរមាន។

អាជ្ញាធរសាលារាជធានីភ្នំពេញ បានជួបប្រជុំជាមួយនឹងតំណាងគណបក្សសង្គ្រោះជាតិ អំពីគម្រោងធ្វើបាតុកម្ម កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣។ តែពុំទាន់ឯកភាពគ្នា ដោយសាលារាជធានីភ្នំពេញ ស្នើសុំគោលការណ៍សម្រេចពីក្រសួងមហាផ្ទៃបន្ត។

យ៉ាងណាក៏ដោយ លោក ហូរ វ៉ាន់ តំណាងគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ទោះបីជាក្រសួងមហាផ្ទៃ សម្រេចបែបណាក៏ដោយ ក៏គណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរដដែល គឺការជួបជុំធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ នាថ្ងៃអាទិត្យ ទី១៥ធ្នូ ដោយមានអ្នកចូលរួមយ៉ាងហោចណាស់ ២ ម៉ឺននាក់។ ក្បួនបាតុកម្ម ដែលដឹកនាំដោយលោកសមរង្ស៊ី និងលោកកឹមសុខា ក៏នឹងដើរហែក្បួនតាមផ្លូវមួយចំនួន រយៈពេល ២ ម៉ោង ផងដែរ។

លោក ហូរ វ៉ាន់ បានបញ្ជាក់ថា នៅថ្ងៃធ្វើបាតុកម្ម នាថ្ងៃអាទិត្យ ទី១៥ធ្នូនោះ គណបក្ស​សង្គ្រោះជាតិ នឹងដើរហែក្បួន រយៈពេល ២ ម៉ោង តែមិនដឹងព្រឹក ឬពេលរសៀល។ ក្បួន​បាតុកម្មនោះ នឹងចេញពីទីលានប្រជាធិបតេយ្យ ទៅកាន់ផ្លូវមុនីវង្ស កាត់​តាម​ផ្លូវ​កម្ពុជា​ក្រោម ទៅភ្លើងស្តុបសន្ធរម៉ុក បត់ឆ្វេងតាមផ្លូវម៉ៅសេទុង ដល់ស្តុបផ្សារដើមគរ បត់ឆ្វេង តាមផ្លូវមុនីរ៉េត ឡើងទៅរង្វង់មូលនាងគង្ហីង ចាក់តាមផ្លូវសាលដឺហ្គោល ដល់ផ្លូវមុនីវង្ស បត់ឆ្វេង ឡើងទៅកាន់ទីលានប្រជាធិបតេយ្យ។

លោក ហូរ វ៉ាន់ បន្ត​ថា បាតុកម្មជាថ្មីរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៣ ដែលមានរយៈពេលពេញមួយថ្ងៃនោះ ដើម្បីស្វែងរកការពិត និង​យុត្តិធម៌​ជូនម្ចាស់ឆ្នោត ព្រមទាំងទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស និង​កុំឲ្យ​មាន​ការ​បាញ់​ប្រហារ លើក្រុមអ្នកតវ៉ា ដូចករណីនៅក្បាលថ្នល់ កាលពីថ្ងៃទី១៥កញ្ញា និង​ករណី​នៅ​ស្ទឹង​មានជ័យ កាលពីថ្ងៃទី១២វិច្ឆិកា ឆ្នាំ២០១៣។

លោក ហូរ វ៉ាន់ ក៏បានគូសបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៣ ក្នុង​ពេល​ធ្វើ​បាតុកម្ម​នោះ គណបក្សសង្គ្រោះជាតិ នឹងប្រកាសចេញនូវជំហរទាមទារចុងក្រោយ​របស់​គណបក្សប្រឆាំង លើបញ្ហានយោបាយ បន្ទាប់ពី​ស្តាប់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​អ្នក​ចូល​រួម​បាតុកម្ម ហើយ​គណបក្ស​ប្រឆាំង នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​ប្រជាពលរដ្ឋ ថា​តើ​ត្រូវ​ធ្វើ​ការ​តវ៉ា​តាម​វិធីសាស្ត្រ​បែប​ណា​ត​ទៅ​ទៀត​៕

No comments:

Post a Comment

yes