
កម្មករកាត់ដេរនៅក្នុងរោងចក្រមួយ (រូបថតពី GMAC)
កម្មកររោចក្រកាត់ដេរ និងសហជីព នៅតែទទូចឲ្យរាជរដ្ឋាភិបាល និងនិយោជក ដំឡើងប្រាក់ខែដល់ពួកគាត់ ពី១៥៧ ទៅ១៧៧ដុល្លារអាមេរិក ចាប់ពីដើមខែមករា ឆ្នាំ២០១៤ ដើម្បីឆ្លើយតបទៅនឹងការកើនទ្បើងតម្លៃទំនិញនៅលើទីផ្សារ។
កម្មការិនីកាត់ដេរនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ SL2 ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ អ្នកស្រី សៀន សុផល អាយុ៤១ឆ្នាំ ត្អូញតែ្អរថា សព្វថ្ងៃ គាត់ចំណាយទៅលើការរស់នៅប្រចាំថ្ងៃច្រើន តែប្រាក់ ឈ្នួលដែលទទួលបានតិចបំផុត ធ្វើឲ្យគ្រួសាររបស់គាត់ជួបនឹងការលំបាក។ អ្នកស្រីថា ទំនិញនៅលើទីផ្សារចេះតែឡើងថ្លៃ ជាក់ស្តែងដូចជា ម្ហូបអាហារ និងការកើនទ្បើងថ្លៃជួលផ្ទះជាដើម ៖ "និយាយទៅប្រាក់ខែរាល់ថ្ងៃហ្នឹង ឲ្យគ្រប់គ្រាន់វាមិនគ្រប់គ្រាន់ទេ ខ្វះមុខខ្វះក្រោយ ឲ្យថ្លៃទឹកខ្វះថ្លៃភ្លើង ឲ្យថ្លៃផ្ទះគេខ្វះថ្លៃម្ហូបថ្លៃអង្ករ សូម្បីតែសាលាកូនតិចតួចហ្នឹងក៏នៅខ្វះ អត់លុយថ្ងៃហ្នឹង ស្អែកឡើងចងការគេថែមទៀតហ្នឹង មួយខែទៅលើអង្ករ បួននាក់ម៉ែកូនអស់មួយប៉េ ហើយម្ហូប ហ្នឹងម្ហូបរិះថាំផងអស់២០ម៉ឺនទៅ២០ម៉ឺន"។
កម្មកររោងចក្រផលិតអាវតម្បាញ ឌីកនាធីនីតធា នៅឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល លោក ភិន សុភា មានប្រសាសន៍ថា កម្មករមិនមែនចង់បានប្រាក់ខែលើសលប់អីនោះទេ ប៉ុន្តែ ពួកគាត់ចង់ប្រាក់ខែគោលសមស្របមួយ ដែលមានតម្លៃសើ្មនឹងការខិតខំប្រឹងប្រែងធ្វើការរាល់ថ្ងៃ និងអាចឆ្លើយតបទៅនឹងការចំណាយនៅលើទីផ្សារ ៖ "ប្រាក់ឈ្នួលបច្ចុប្បន្នសព្វថ្ងៃដែលខ្ញុំធ្វើការហ្នឹង គឺមិនអាចគ្រប់គ្រាន់សម្រាប់ខ្ញុំបានទេ ពីព្រោះអីចង់និយាយថា ប្រាក់ខែទាបតែការចំណាយខ្ពស់ អញ្ចឹងវាមានន័យថាអត់មានសមភាពនឹងគ្នា ប្រាក់ខែនៅមានកម្រិតអញ្ចឹង គឺខ្ញុំពិបាកណាស់ ហើយការចំណាយទៅលើការហូបចុកប្រចាំថ្ងៃ ក៏ដូចជាចំណាយទៅលើបញ្ហាផ្សេងៗ ដូចជាថ្លៃទឹក ថ្លៃភ្លើង ថ្លៃអីទាំងអស់ហ្នឹង គឺវាឡើងថ្លៃទាំងអស់"។
ជំនួបរវាងមន្ត្រីក្រសួងការងារ តំណាងថៅកែរោងចក្រ និងសហជីព កាលពីថ្ងៃទី១៦ ខែធ្នូ ដើម្បីរករូបមន្តដំឡើងប្រាក់ឈ្នួលរបស់កម្មករ មិនទាន់ទទួលបានលទ្ធផលនៅទ្បើយទេ។ កិច្ចប្រជុំពិភាក្សាស្តីពីរូបមន្តចំនួន៣ ក្នុងការដំឡើងប្រាក់ឈ្នួលកម្មករ នឹងធ្វើទ្បើងម្តងទៀតមក នៅថ្ងៃទី២៤ ខែធ្នូនេះ។
បន្ទាប់ពីបញ្ចប់សិក្ខាសាលាស្តីពីឧបសគ្គ និងការអភិវឌ្ឍន៍សេរីភាពសមាគមនៅកម្ពុជា នារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ប្រធានសហភាពការងារកម្ពុជា(CLC) លោក អាត់ ធន់ ប្រាប់VODថា តម្លៃទំនិញនៅលើទីផ្សារប្រៀបធៀបជាមួយប្រាក់ខែកម្មកររោចក្រកាត់ដេរបច្ចុប្បន្ន គឺមានលក្ខណៈខុសគ្នាស្រឡះ ៖ "អញ្ចឹងមានន័យថា អ្វីដែលមានបច្ចុប្បន្ននេះ ប្រាក់ខែបើសិនជាមិនដល់ ១៥៧(ដុល្លារ)ហ្នឹង បានន័យថា វាទាបហើយ។ ការសិក្សាស្រាវជ្រាវរបស់គណៈកម្មការគេ គេសិក្សាទៅលើការចំណាយទៅលើអាហារ ចំណាយទៅលើការស្នាក់នៅ ថ្នាំពេទ្យ តម្រូវការសង្គម ការផ្ញើទៅផ្ទះ ដូចជំងឺអីផ្សេងៗ នៅក្នុងហ្នឹង ដែលគេគិតមើលហ្នឹង ទាបបំផុតហ្នឹងគឺ ១៥៧ ដល់១៧៧(ដុល្លារ)ហ្នឹង គឺគេឃើញនៅប្រឡោះហ្នឹង"។
ប្រធានគណៈកម្មការដោះស្រាយកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ លោក ស៊ឹង ម៉ុន ទទួលស្គាល់ថា សព្វថ្ងៃ កម្មកររោងចក្រ ពិតជាជួបបញ្ហាច្រើនមែន ខណៈប្រាក់ឈ្នួលការងារពួកគេ មិនអាចសមល្មមនឹងការចំណាយ។ លោកបន្តថា កន្លងមក ក្រសួងស្នើឲ្យនិយោជក ដំឡើងប្រាក់ឈ្នួល ប៉ុន្តែក្រោយមក រោងចក្រតូចៗជាច្រើន ត្រូវបានបិទទ្វារ ៖ "វាយោងទៅលើខាងក្រុមហ៊ុនឯណោះ ដែលអូសរួចមិនរួច យើងគ្រាន់តែដំឡើង ៨០(ដុល្លារ) មួយសារហ្នឹង រោងចក្រតូចៗហ្នឹងបិទអស់មួយចំនួនហើយ ឥឡូវចាំមើលដំឡើងម្តងទៀតនេះ ក្មួយឯងចាំមើលរោងចក្រប៉ុន្មានដែលត្រូវបិទទៀត អាហ្នឹងវាប៉ះពាល់អញ្ចឹង"។
កាលពីថ្ងៃទី១៦ ខែធ្នូ ក្រុមការងារជជែកពីការដំឡើងប្រាក់ឈ្នួលអប្បបរមាបានដាក់រូបមន្ត ៣សម្រាប់រៀបចំដំឡើងប្រាក់ឈ្នួលជូនកម្មករ ដែលត្រូវពិនិត្យ និងជ្រើសរើសយក១ ដូចជាការកំណត់ដំឡើងជាអត្រារួមរយៈពេល ៥ឆ្នាំ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ រួចបែងចែកស្មើភាពជាអត្រាដំឡើងប្រចាំឆ្នាំ។ ការកំណត់ដំឡើងប្រាក់ឈ្នួលជាសន្ទស្សន៍រួមក្នុងរយៈពេល ៥ឆ្នាំ ឲ្យបាន ១០០% នៃប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៣ គឺពី ៨០ដុល្លាររហូតដល់ ១៦០ដុល្លារនៅឆ្នាំ២០១៨ និងរូបមន្តទី៣ គឺកំណត់ដំឡើងតែម្ដងគត់នៅឆ្នាំ២០១៤ គឺដំឡើង ១០០% ដែលស្មើនឹង ១៦០ដុល្លារ ហើយនឹងមានការពិភាក្សាជារៀងរាល់ឆ្នាំ៕
No comments:
Post a Comment
yes