Monday, December 23, 2013

កម្មករ​រោងច​ក្រនិង​​សហជីពនៅ​​តែ​ទទូច​ឲ្យ​មាន​ការដំ​ទ្បើង​​ប្រាក់​ខែ​ពី​​១៥៧ទៅ​១៧៧​​ដុល្លារនៅ​​ឆ្នាំ​២០១៤​

កម្មករ​កាត់ដេរ​នៅក្នុងរោង​ចក្រ​មួយ (រូបថតពី GMAC)

កម្មករ​រោច​ក្រ​កាត់ដេរ និង​សហជីព នៅ​តែ​ទទូច​ឲ្យ​រាជរដ្ឋាភិបាល និង​និយោជក ដំឡើង​ប្រាក់ខែ​ដល់​ពួកគាត់ ពី​១៥៧ ទៅ​១៧៧​ដុល្លារ​អាមេរិក ចាប់ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​កើន​ទ្បើង​តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ​។​
​កម្មការិនី​កាត់ដេរ​នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ SL2 ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ អ្នកស្រី សៀន សុផល អាយុ​៤១​ឆ្នាំ ត្អូញ​តែ្អរ​ថា សព្វថ្ងៃ គាត់​ចំណាយ​ទៅលើ​ការរស់នៅ​ប្រចាំ​ថ្ងៃ​ច្រើន តែ​ប្រាក់ ឈ្នួល​ដែល​ទទួលបាន​តិច​បំផុត ធ្វើឲ្យ​គ្រួសា​ររបស់គាត់​ជួបនឹង​ការលំបាក​។ អ្នក​​ស្រី​​ថា ទំនិញ​​នៅលើ​ទីផ្សារ​ចេះតែ​ឡើងថ្លៃ ជាក់ស្តែង​ដូចជា ម្ហូបអាហារ និង​ការ​កើន​ទ្បើង​ថ្លៃ​ជួល​ផ្ទះ​ជា​ដើម ​៖ "និយាយ​ទៅ​​ប្រាក់​ខែ​រាល់​ថ្ងៃ​ហ្នឹង​ ឲ្យ​គ្រប់​​គ្រាន់​វា​មិន​គ្រប់​គ្រាន់​ទេ ខ្វះ​មុខ​ខ្វះ​ក្រោយ ឲ្យ​ថ្លៃ​ទឹក​ខ្វះ​ថ្លៃ​ភ្លើង ឲ្យ​ថ្លៃ​ផ្ទះ​គេ​ខ្វះ​ថ្លៃ​ម្ហូប​ថ្លៃ​អង្ករ សូម្បី​តែ​សាលា​កូនតិច​តួច​ហ្នឹង​ក៏​នៅ​ខ្វះ​ អត់​លុយ​ថ្ងៃ​ហ្នឹង​​ ស្អែក​ឡើង​ចង​ការ​គេ​ថែម​ទៀត​ហ្នឹង មួយ​ខែ​ទៅ​លើ​អង្ករ បួន​នាក់​ម៉ែ​កូន​អស់​មួយ​ប៉េ ហើយ​ម្ហូប​ ហ្នឹង​ម្ហូប​រិះ​ថាំ​ផង​អស់​​២០ម៉ឺន​ទៅ​២០ម៉ឺន"។
​កម្មករ​រោង​ច​ក្រ​ផលិត​​អាវ​តម្បាញ​ ឌី​កនា​ធី​នី​ត​ធា នៅ​ឃុំ​​សិត្បូ ស្រុក​ស្អាង ខេត្ត​កណ្តាល លោក ភិន សុភា មានប្រសាសន៍ថា កម្មករ​មិនមែន​ចង់បាន​ប្រាក់​ខែ​លើសលប់​អី​នោះទេ ប៉ុន្តែ ពួកគាត់​ចង់​ប្រាក់ខែ​គោល​សមស្រប​មួយ ដែល​មាន​តម្លៃសើ្ម​នឹង​ការខិតខំ​ប្រឹងប្រែង​ធ្វើកា​ររាល់ថ្ងៃ និង​អាច​ឆ្លើយតប​ទៅ​​នឹង​ការចំណាយ​នៅលើ​ទីផ្សារ ៖ "ប្រាក់​ឈ្នួល​បច្ចុប្បន្ន​សព្វ​ថ្ងៃ​​ដែល​ខ្ញុំ​ធ្វើ​ការ​ហ្នឹង គឺ​​មិន​អាច​គ្រប់​គ្រាន់សម្រាប់​ខ្ញុំ​បាន​ទេ​ ពី​ព្រោះ​អីចង់​និយាយ​ថា​ ប្រាក់​ខែ​ទាប​តែ​ការ​ចំណាយ​ខ្ពស់ អញ្ចឹង​វា​មាន​ន័យ​ថា​អត់មាន​សម​ភាព​នឹង​គ្នា ប្រាក់​ខែ​នៅ​មាន​កម្រិត​អញ្ចឹង គឺ​ខ្ញុំ​ពិបាក​ណាស់ ហើយ​ការ​ចំណាយ​ទៅ​លើ​ការ​ហូប​ចុក​ប្រ​ចាំ​ថ្ងៃ ក៏ដូច​ជា​ចំណាយ​​ទៅ​លើ​បញ្ហា​ផ្សេង​ៗ ដូច​ជា​ថ្លៃ​ទឹក ​ថ្លៃ​ភ្លើង ថ្លៃ​អីទាំង​អស់​​​ហ្នឹង គឺ​វា​ឡើង​ថ្លៃ​ទាំង​អស់"។

​ជំនួប​រវាង​មន្ត្រី​ក្រសួង​ការងារ តំណាង​ថៅកែ​រោង​ចក្រ និង​សហជីព កាលពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ដើម្បី​រក​រូបមន្ត​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ មិនទាន់​ទទួល​បាន​លទ្ធផល​នៅ​ទ្បើយ​ទេ​។ កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​រូបមន្ត​ចំនួន​​៣ ក្នុងការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ នឹង​ធ្វើ​ទ្បើង​ម្តង​ទៀត​មក នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ​នេះ​។
​បន្ទាប់​ពី​បញ្ចប់​សិក្ខាសាលា​ស្តីពី​ឧបសគ្គ និង​ការអភិវឌ្ឍន៍​​សេរីភាព​សមាគម​នៅ​កម្ពុជា នា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​ធ្នូ ប្រធាន​​សហភាព​​ការងារ​កម្ពុជា​(CLC) លោក អាត់ ធន់ ប្រាប់​VOD​ថា តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ​ប្រៀបធៀប​ជាមួយ​ប្រាក់ខែ​កម្មករ​រោច​ក្រ​កាត់ដេរ​បច្ចុប្បន្ន​ ​គឺ​មាន​លក្ខណៈ​ខុស​គ្នា​ស្រឡះ​ ៖ "អញ្ចឹង​មាន​ន័យ​ថា​ អ្វី​ដែលមាន​បច្ចុប្បន្ន​នេះ ប្រាក់​ខែ​បើ​សិន​ជា​មិន​ដល់ ១៥៧​(​ដុល្លារ​)​ហ្នឹង បាន​ន័យ​ថា វា​ទាប​ហើយ។ ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​គណៈកម្មការ​គេ ​គេ​សិក្សា​ទៅ​លើ​ការ​​ចំណាយ​​ទៅ​លើ​អាហារ ចំណាយ​ទៅ​លើ​ការ​ស្នាក់​នៅ ថ្នាំ​ពេទ្យ តម្រូវ​ការ​សង្គម ការ​ផ្ញើ​ទៅ​ផ្ទះ ដូច​ជំងឺអី​ផ្សេង​ៗ នៅក្នុង​ហ្នឹង ដែល​គេ​គិត​មើលហ្នឹង ទាប​បំ​ផុត​ហ្នឹង​គឺ​ ១៥៧ ដល់​១៧៧​(ដុល្លារ)ហ្នឹង​ គឺ​គេ​ឃើញ​នៅ​ប្រឡោះ​ហ្នឹង"។
​ប្រធាន​គណៈកម្មការ​ដោះស្រាយ​កូដកម្ម និង​បាតុកម្ម​គ្រប់​មុខសញ្ញា​នៃ​ក្រសួង​ការងារ លោក ស៊ឹង ម៉ុន ទទួលស្គាល់ថា សព្វថ្ងៃ កម្មករ​រោង​ច​ក្រ ពិត​ជា​ជួប​​បញ្ហា​ច្រើន​មែន ខណៈ​ប្រាក់​ឈ្នួល​​ការងារ​ពួកគេ មិន​អាច​សមល្មម​នឹង​ការចំណាយ​។ លោក​បន្តថា កន្លងមក ក្រសួង​ស្នើ​ឲ្យ​និយោជក ដំឡើង​ប្រាក់​ឈ្នួល ប៉ុន្តែ​ក្រោយមក រោងចក្រ​​តូចៗ​ជាច្រើន ត្រូវ​បាន​បិទទ្វារ ៖ "វា​យោង​​ទៅ​លើ​ខាង​ក្រុម​ហ៊ុន​ឯណោះ ដែល​អូស​រួច​មិន​រួច​ យើង​គ្រាន់​តែ​ដំឡើង ៨០​(ដុល្លារ​)​ មួយ​សារ​ហ្នឹង​ រោង​ចក្រ​តូចៗ​ហ្នឹង​​បិទ​អស់​មួយ​ចំនួន​ហើយ ឥឡូវ​ចាំ​មើល​ដំឡើង​ម្តង​ទៀត​នេះ ​ក្មួយ​ឯង​ចាំ​មើល​រោង​ចក្រ​ប៉ុន្មាន​ដែល​ត្រូវ​បិទ​​ទៀត អាហ្នឹង​វា​ប៉ះ​ពាល់​អញ្ចឹង​"។
​កាលពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ក្រុមការងារ​ជជែក​ពី​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​បានដាក់​រូបមន្ត ៣​សម្រាប់​រៀបចំ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ ដែល​ត្រូវ​ពិនិត្យ និង​ជ្រើសរើស​យក​១ ដូច​ជា​ការកំណត់​ដំឡើង​ជា​អត្រា​រួម​រយៈពេល ៥​ឆ្នាំ ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ រួច​បែងចែក​ស្មើភាព​ជា​អត្រា​ដំឡើង​ប្រចាំ​ឆ្នាំ​។ ការកំណត់​ដំឡើង​ប្រាក់​ឈ្នួល​ជា​ស​ន្ទ​ស្សន៍​រួម​ក្នុង​រយៈពេល ៥​ឆ្នាំ ឲ្យបាន ១០០% នៃ​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០១៣ គឺ​ពី ៨០​ដុល្លារ​រហូត​ដល់ ១៦០​​ដុល្លារ​នៅ​ឆ្នាំ​២០១៨ និង​រូបមន្ត​ទី​៣ គឺកំណត់​ដំឡើង​តែ​ម្ដង​គត់​នៅ​ឆ្នាំ​២០១៤ គឺ​ដំឡើង ១០០% ដែល​ស្មើនឹង ១៦០​ដុល្លារ ហើយ​នឹង​មាន​ការ​ពិភាក្សា​​ជា​រៀងរាល់ឆ្នាំ​៕

No comments:

Post a Comment

yes