
ក្រុមយុវជនដែលជំរុញរដ្ឋាភិបាល លុបចោលការកំណត់តម្លៃ
វេលាទូរស័ព្ទចល័ត (រូបថតដោយ ជន ស្រីណុច)
យុវជនមួយក្រុម នៅថ្ងៃសៅរ៍នេះ ជំរុញឲ្យរដ្ឋាភិបាល លុបចោលការកំណត់តម្លៃប្រើប្រាស់សេវាទូរស័ព្ទចល័ត ជំនួសឲ្យតំណាងក្រុមហ៊ុន ដែលកំពុងប្រកួតប្រជែងបញ្ចុះតម្លៃ ដើម្បីទាក់ទាញអតិថិជន ដោយចាត់ទុកវិធានការនោះថា ធ្វើឲ្យពលរដ្ឋរាប់ម៉ឺននាក់ខាតបង់។
ការជំរុញនេះបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅរមណីយដ្ឋានវត្តភ្នំ ជិតស្ថានទូតអាមេរិក នាថ្ងៃទី១៤ខែធ្នូនេះ។ ក្រុមយុវជនមានគ្នាប្រមាណជា៣០នាក់ បានអះអាងថា អ្វីដែលរដ្ឋាភិបាលកំពុងធ្វើ បានរំលោភលើច្បាប់ទីផ្សាសេរី ដែលកម្ពុជាកំពុងប្រកាន់យក។
ពួកគេបន្តថា វិធានការនេះ បានកំពុងជំរុញឲ្យក្រុមហ៊ុនទូរស័ព្ទចល័ត ងាយស្រួយតម្លើងថ្លៃខ្ពស់ និងបានបង្កឲ្យប្រជាពលរដ្ឋក្រីក្រី ដែលកំពុងប្រើប្រាស់ទូរស័ព្ទ រាប់ម៉ឺននាក់ ចំណាយថវិការច្រើនជាងមុន បន្ថែមទៀត ដើម្បីបង់សេវាប្រើប្រាស់ក្នុងតម្រូវការរបស់ពួកគេ។
ការជំរុញរបស់ក្រុមយុវជននៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីពេលថ្មីៗនេះ បានចេញសេចក្តីប្រកាស ឲ្យក្រុមហ៊ុនទូរស័ព្ទចល័ត ក្នុងស្រុកទាំងអស់ កំនត់តម្លៃហៅចេញក្នុងប្រព័ន្ធ ៤.៥សេនក្នុងមួយនាទី និងតម្លៃហៅចេញទៅក្រៅប្រព័ន្ធ ៤.៩៥សេនក្នុងមួយនាទី ខណៈដែលក្រុមហ៊ុនទូរស័ព្ទទាំងនោះ កំពុងបញ្ចុះតម្លៃទាបជាងនេះ ដើម្បីទាក់ទាញអតិថជនរៀងៗខ្លួន។
រដ្ឋមន្ត្រីក្រសួងក្រសួងប្រៃសណីយ៍ លោក ប្រាក់ សុខុន ធ្លាប់ធ្វើសន្និសីទសារព័ត៌មាន ការពារសេចក្តីប្រកាសនេះម្តងហើយ ដោយអះអាងថា ចំណាត់ការនេះ ដើម្បីទប់ស្កាត់កុំឲ្យក្រុមហ៊ុនណាមួយដួលរលំ ដោយសារកាក្រកូតប្រជែងបញ្ចុះតម្លៃនេះ។ លោកថា បើពុំដូច្នេះទេក្រុមហ៊ុនដែលឈ្នះការប្រកួតប្រជែង នឹងធ្វើអាជីវកម្មផ្តាច់មុខ នាំឲ្យតម្លៃប្រើប្រាស់អាចនឹងមានតម្លៃខ្ពស់ជាងនេះ។ យ៉ាងណាក៏ដោយ អ្នកតាមដានព្រឹត្តិការណ៍សង្គមយល់ថា វិធានការនេះ បានផ្តល់ផលប្រយោជន៍ច្រើនដល់ក្រុមហ៊ុន ហើយបានបង្កផលលំបាកដល់អ្នកប្រើប្រាស់ ពិសេសអ្នកដែលមានប្រាក់ចំណូលទាប។
អំឡុងយុទ្ធនាការរកសំឡេងបោះឆ្នោត រដ្ឋាភិបាលបានចេញសេចក្តីប្រកាសបែបនេះម្តងហើយ ប៉ុន្តែក្រោយមកបានលុបចេញវិញ បន្ទាប់ពីមានការរិះគន់ពីមជ្ឈដ្ឋាននានា។
No comments:
Post a Comment
yes