មន្ត្រីគណបក្សសង្គ្រោះជាតិ អះអាងនៅថ្ងៃអង្គារនេះថា មន្ត្រីស្ថានទូតជប៉ុន មិនដែលកោះហៅ ឬដាក់លិខិតទៅគណបក្សសង្គ្រោះជាតិ ឲ្យចូលជួបដើម្បីពិភាក្សា ពីបញ្ហាដែលគណបក្សនេះដឹកនាំកម្មករធ្វើបាតុកម្មនោះទេ។
ប្រតិកម្មរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន កាលពីម្សិលមិញអះអាងថា ឯកអគ្គរាជទូតជប៉ុននៅកម្ពុជា បានសរសេរលិខិតក្រើនរំលឹកដល់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ឲ្យនៅឆ្ងាយពីក្រុមកម្មករ និងមិនត្រូវអូសទាញ កម្មករ ពាក់ព័ន្ធជាមួយនយោបាយជាហេតុ ធ្វើឲ្យប៉ះពាល់ដល់ឆ្នាំងបាយរបស់កម្មករ។ លោកបន្ថែមថា មានមន្ត្រីទូតកូរ៉េនៅកម្ពុជា និងមន្ត្រីស្ថានទូតខ្លះទៀតក៏គ្រោងផ្ញើ លិខិត ទៅលោក សម រង្ស៊ី ផងដែរ។
ប៉ុន្តែ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការលើកឡើងរបស់លោក ឈាង វុនជារឿងមិនពិត។ លោក ថា ការដែលគណបក្សសង្គ្រោះជាតិផ្អាកធ្វើការដង្ហែក្បួនរយៈពេល៦ថ្ងៃនេះ ដើម្បីទុកឱកាសឲ្យតំណាងបាតុករសំណេះសំណាលគ្នា ហើយការធ្វើបាតុកម្មរបស់កម្មករកន្លងមកមិនមែនគណបក្សនេះ ជាអ្នកជំរុញនោះទេ ៖
លោក យឹម សុវណ្ណ បញ្ជាក់ថា ការដែលលោក កឹម សុខា និងលោក សម រង្ស៊ី ចុះពីរថយន្តកាលពីចុងសប្តាហ៍មុន ខណៈកំពុងដឹកនាំបាតុករហែក្បួននោះ ដោយសារលោកទាំង២មានភារៈកិច្ចត្រូវទៅជួបមន្ត្រីជាន់ខ្ពស់របស់ស្ថានទូតផ្សេងៗជាទម្លាប់ ហើយមិនបាននិយាយពីបញ្ហាដឹកនាំកម្មករនេះទេ។
លោក ឈាង វុន ប្រាប់VODថា លោកទទួលបានព័ត៌មាននេះ ពីមន្ត្រីស្ថានទូតទាំងនោះ កាលពីចុងសប្តាហ៍មុន ដែលមន្ត្រីស្ថានទូតជប៉ុន ពិតជាបានកោះហៅមែន។ លោកហៅការផ្ទុះការតវ៉ារបស់កម្មករនេះថា ជារឿងនយោបាយរបស់គណបក្សប្រឆាំង ៖
VODមិនទាន់អាចសុំការឆ្លើយតបពីមន្ត្រីស្ថានទូតជប៉ុន បាននៅឡើយទេ។ ប៉ុន្តែរហូតដល់ព្រឹកថ្ងៃអង្គារនេះ នៅលើគេហទំព័រស្ថានទូតជប៉ុនប្រចាំកម្ពុជា មិនឃើញមានបង្ហោះលិខិតណាមួយផ្ញើទៅគណបក្សសង្គ្រោះជាតិឡើយ។
មេដឹកនាំសហជីព ធ្លាប់អះអាងថា ការធ្វើបាតុកម្មរបស់កម្មករនៅពេលនេះ ដើម្បីទាមទារប្រាក់ឈ្នួលគោល ១៦០ដុល្លារ ព្រោះប្រាក់ឈ្នួលត្រឹម៩៥ដុល្លារដែលទើបនឹងដំឡើងនោះ មិនអាចផ្គត់ផ្គង់ជីវៈភាពបានទេ។ សហជីពទាំងនោះ បញ្ជាក់ថា ការបាតុកម្មនេះមិនមែនដោយសារការអូសទាញរបស់គណបក្សសង្គ្រោះជាតិឡើយ៕
No comments:
Post a Comment
yes