ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធាន លោក កឹម សុខា ឲ្យចូលបំភ្លឺ នៅថ្ងៃទី១៤ខែមករា ករណីការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ដីកាកោះហៅចំនួនពីរ ចុះកាលបរិច្ឆេតថ្ងៃទី ០៣ ខែមករា ដែលអត្ថន័យដូចគ្នា ឲ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ហៀង សុភក្ត្រ អញ្ជើញឈ្មោះលោក សម រង្ស៊ី ចូលទៅកាន់តុលាការ នៅថ្ងៃទី១៤ខែមករា វេលាម៉ោង១០ព្រឹក ចំណែកលោក កឹម សុខា ចូលទៅបំភ្លឺនៅម៉ោង៩ព្រឹក។
ដីកា ក៏បានណែនាំឲ្យសាមីខ្លួន ត្រូវអញ្ជើញតាមដីកាកោះនេះ ឲ្យបានទាន់ពេលវេលា និងយកលិខិតឬឯកសារផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើមកជាមួយផង ប្រសិនបើមាន។
ការកោះហៅនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចរាប់រយនាក់ បានចាត់វិធានការក្តៅនៅរសៀលថ្ងៃសៅរ៍នេះ ដោយបានបណ្តេញបាតុកររបស់គណបក្សសង្គ្រោះជាតិ និងរុះរើរោងស្នាក់នៅទីលានប្រជាធិបតេយ្យ។អាជ្ញាធរ បានដាក់កម្លាំងសមត្ថកិច្ចយាមកាមយ៉ាងតឹងរ៉ឹងនៅតំបន់ជុំវិញទីលានប្រជាធិបតេយ្យ។
វិធានការក្តៅនេះ ក៏កើតឡើងបន្ទាប់ពីមានការបង្ក្រាប ដែលគណបក្សសង្គ្រោះជាតិហៅថាព្រៃផ្សៃទៅលើកម្មករនៅលើផ្លូវវ៉េងស្រេង កាលពីថ្ងៃសុក្រ ដែលបណ្តាលឲ្យមនុស្ស៤នាក់ ស្លាប់ និងជាង២០នាក់រងរបួស។
គណបក្សសង្គ្រោះជាតិ នៅថ្ងៃសៅរ៍នេះ ក៏បានប្រកាសផ្អាកបាតុកម្មដែលគ្រោងនឹងធ្វើនៅថ្ងៃអាទិត្យនេះផងដែរ៕
No comments:
Post a Comment
yes