កម្លាំងសមត្ថកិច្ចបាញ់គ្រាប់ពិត។ រូបថត ហេង ជីវ័ន
ការតវ៉ារបស់បាតុករនៅមុខសួនកាណាឌីយ៉ា តាំងពីព្រឹកម្សិលមិញ រហូតមកដល់ថ្ងៃត្រង់ថ្ងៃសុក្រ ទី ៣ មករានេះ បានឈានដល់ការផ្ទុះហិង្សាសារជាថ្មីទៀត ក្រោយពីបានផ្ទុះកាលពីយប់រំលងអាធ្រាត្រ ដែលបានបណ្តាលឲ្យរងរបួសទាំងកម្លាំងចម្រុះ និងកម្មករមួយចំនួន ក្នុងនោះក៏មានការឃាត់ខ្លួនកម្មករ ២ នាក់ផងដែរ។
ការផ្ទុះហិង្សាជាថ្មីនៅថ្ងៃទី ៣ មករា ដែលឈានដល់ការបាញ់គ្រាប់ពិត លើក្រុមបាតុករ ដែលបានបន្តការបិទផ្លូវមុខសួនឧស្សាហកម្ម កាណាឌីយ៉ា លើកំណាត់ផ្លូវវេងស្រេង ដោយសារកម្មករជាច្រើនរយនាក់ បានឈរតវ៉ាមុខរោងចក្ររៀងៗខ្លួន ទាមទារការដំឡើងប្រាក់ឈ្មួលអប្បរមាចំនួន ១៦០ដុល្លារក្នុងមួយខែ ប៉ុន្តែខាងកម្លាំងសមត្ថកិច្ច ចោទថា ក្រុមកម្មករ បានវាយកម្ទេចទ្រព្យសម្បត្តិរោងចក្រ ដុតម៉ូតូ និងឡាន ទើបសមត្ថកិច្ចបើកប្រតិបត្តិការបំបែក។
ប្រតិបត្តិការបង្រ្កាបនៅម៉ោងជិត ថ្ងៃត្រង់នេះ លោក ជួន ណារិន ស្នងការរងរាជធានីភ្នំពេញ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា តាមការឲ្យដឹងជាបណ្តោះអាសន្ន ថា មានអ្នកស្លាប់ ចំនួន ៣ នាក់ និងអ្នករបួសចំនួន ២នាក់។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ចាន់ សុវេត ដែលបាននៅកន្លែងកើតហេតុ បានឲ្យដឹងដែរថា មានមនុស្សស្លាប់ ៤នាក់ និងជាង ១០នាក់រងរបួសធ្ងន់ និងជាច្រើននាក់ទៀតត្រូវបានចាប់ខ្លួន។
បើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ ផ្ទះពលរដ្ឋ និងមន្ទីរពេទ្យមួយត្រូវបានក្រុមបាតុករវាយកម្ទេច ដោយខាងបាតុករ អះអាងថា មន្ទីរពេទ្យនេះ មិនព្រមព្យាបាលអ្នករបួសដែលត្រូវគ្រាប់កាំភ្លើងបាញ់ដោយកងកម្លាំងសមត្ថកិច្ចឡើយ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលបានទទួលបានព័ត៌មានថា មានបាតុករត្រូវបានបាញ់សម្លាប់ ៤នាក់ និងជាច្រើននាក់ទៀតរងរបួស បាននិយាយថា «ស្ថានភាពបច្ចុប្បន្ន កាន់តែមានភាពតានតឹង។ ហេតុអ្វី ក៏សមត្ថកិច្ចធ្វើការបង្ក្រាបលើពួកយើង បើគ្រាន់តែពួកយើងធ្វើការទាមទារប្រាក់ខែពួកយើង?»
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ដោយបានការពារការប្រើកម្លាំងបង្រ្កាបថា «យើងគ្រាន់តែធ្វើការរបស់យើង។ យើងភ័យខ្លាចពីស្ថានភាពសុវត្ថិភាពឥឡូវហ្នឹង ដូច្នេះ យើងត្រូវតែធ្វើការបង្រ្កាប»។
លោកបន្តថា «ប្រសិនបើ យើងអនុញ្ញាតឲ្យបាតុករបន្តកូដកម្មទៀត វានឹងកាន់តែរញ៉េរញ៉ៃ និងស្មុគស្មាញក្នុងការគ្រប់គ្រង»។
ស្ថានការណ៍នៅតាមបណ្តោយផ្លូវវេងស្រេងនៅថ្ងៃត្រង់នេះ ដែលជាតំបន់សំបូររោងចក្រ នៅតែមានកម្តៅនៅឡើយ ខណៈប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវនោះ នាំគ្នារត់គេចចេញពីផ្ទះរៀងៗខ្លួន។
គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗ នៅថ្ងៃទី៣ មករានេះ ដោយថ្កោលទោស ចំពោះការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ បាញ់បង្រ្កាបមកកម្មករ កម្មការិនីខ្មែរ និងប្រជាពលរដ្ឋស្លូតត្រង់ ដែលកំពុងធ្វើបាតុកម្មដោយអហិង្សា។
គណបក្សនេះបានអំពាវនាវ សូមឲ្យអាជ្ញាធរមានសមត្ថកិច្ច ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បញ្ឈប់ជាបន្ទាន់នូវការប្រើអំពើឃោរឃៅ បង្រ្កាបមកកម្មករ កម្មការិនីខ្មែរ និងប្រជាពលរដ្ឋស្លូតត្រង់ និងបានស្នើឲ្យសហគមន៍អន្តរជាតិជួយតាមដាន និងឃ្លាំមើល។
ដោយឡែកនៅព្រឹកថ្ងៃសុក្រនេះ ក្រុមកម្មកររោងចក្រកាត់ដេរ និងស្បែកជើងរាប់រយនាក់ បានប្រមូលផ្តុំគ្នា នៅមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បាតុកម្មតវ៉ាបិទផ្លូវជាតិលេខ៤ សាជាថ្មីម្តងទៀត។ ការបិទផ្លូវជាតិលេខ៤នេះ បានបណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
កម្លាំងសមត្ថកិច្ចបង្ក្រាបបាតុកម្ម រាប់រយនាក់ ត្រូវបានដាក់ពង្រាយនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
No comments:
Post a Comment
yes