ជនរងគ្រោះដោយស្នាដៃសមត្ថកិច្ចចិត្តតិរច្ឆាន
ក្រោមការបញ្ជារបស់ ហ៊ុន សែន
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ប្រកាសថា ខ្លួននឹងប្រមូលសំណុំរឿងទាំងអស់ពាក់ព័ន្ធនឹងការបាញ់រះទៅលើកម្មករ ពីសំណាក់កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល បណ្តាលឲ្យកម្មករស្លាប់ និងរងរបួសជាច្រើននាក់នោះ ប្តឹងទៅតុលាការអន្តរជាតិ។
បន្ទាប់ពីរៀបចំពិធីបង្សុកូលគោរពវិញ្ញាណក្ខន្ធកម្មករដែលបានស្លាប់ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា នៅរសៀលថ្ងៃសុក្រនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់ក្រុមបាតុករថា គណបក្សនេះ នឹងជួយក្រុមគ្រួសារកម្មកររងគ្រោះ រៀបចំសំណុំរឿងប្តឹងទៅតុលាការអន្តរជាតិ ដើម្បីចាប់ជនឧក្រិដ្ឋដែលបានបាញ់សម្លាប់កម្មករ នៅក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធ និងក្រុមកម្មករនៅព្រឹកមិញនេះ នៅសួនឧស្សាហកម្មកាណាឌីយ៉ា។ លោកសម រង្ស៊ី បន្តថា ការប្រើប្រាស់គ្រាប់ពិតបាញ់សម្លាប់កម្មករ ពីសំណាក់កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលនោះ គឺជាបទឧក្រិដ្ឋមួយ ដែលតុលាការអន្តរជាតិ មានសមត្ថកិច្ចក្នុងការចាប់ខ្លួនជនឧក្រិដ្ឋ ព្រោះប្រទេសកម្ពុជា បានចុះហត្ថលេខាផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិ បង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិនោះ។
វីអូឌី នៅពុំទាន់អាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីមន្ត្រីរដ្ឋាភិបាលបាននៅឡើយទេ។
ការប្រកាសរៀបចំសំណុំរឿងប្តឹងទៅតុលាការអន្តរជាតិរបស់គណបក្សសង្គ្រោះជាតិនេះ បន្ទាប់ពីមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងររវាងជាមួយកងកម្លាំង ប្រដាប់អាវុធរាប់រយនាក់ និងក្រុមកម្មករជាច្រើនពាន់នាក់ នៅព្រឹកថ្ងៃសុក្រនេះ នៅផ្លូវវ៉េងស្រេង មុខសួនឧស្សាហកម្មកាណាឌីយ៉ា បណ្តាលឲ្យកម្មករចំនួន ៤នាក់ស្លាប់ និងជាច្រើននាក់ទៀត រងរបួសធ្ងន់ និងស្រាល។
ទាក់ទងនឹងការប៉ះទង្គិចគ្នាដោយហិង្សានេះ សាលារាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅរសៀលថ្ងៃសុក្រនេះ ដោយចាត់ទុកសកម្មភាពប៉ះទង្គិចគ្នារវាងបាតុករ ដែលជាកម្មករ និងកម្លាំងសមត្ថកិច្ច រហូតឈានដល់ការបាញ់សម្លាប់ ក្នុងរយៈពេល២ថ្ងៃនេះ គឺកើតពីមជ្ឈដ្ឋានខាងក្រៅ ពិសេសគឺអ្នកនយោបាយ ដែលឆ្លៀតឱកាស ញុះញង់ ឲ្យមានភាពវឹកវរ ចលាចល និងអំពើហិង្សាក្នុងសង្គមកម្ពុជា។ សាលារាជធានី អះអាងថា ក្នុងស្ថានភាពប្រកបដោយហានិភ័យខ្ពស់នោះ បានបង្ខំឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការ បំបែកក្រុមអនាធិបតេយ្យបង្កហិង្សាទាំងនោះ រហូតនាំឲ្យមានការប៉ះទង្គិចគ្នា ធ្វើឲ្យសមត្ថកិច្ច និងក្រុមអនាធិបតេយ្យមួយចំនួនរងរបួស៕
No comments:
Post a Comment
yes