
តំណាងសម្ព័ន្ធសហជីពកម្មករធ្វើសន្និសីទកាសែតស្នើសុំឲ្យមានការ
ចរចាប្រាក់ខែសមរម្យឲ្យកម្មករ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤
សម្ព័ន្ធសហជីពធំៗចំនួន៨ ស្នើសុំឲ្យមានការចរចាអំពីប្រាក់ខែគោលកម្មករម្តងទៀត ដោយប្រើយន្តការត្រីភាគី ដោយមានតំណាងកម្មករ តំណាងថៅកែរោងចក្រ និងរដ្ឋាភិបាល ដើម្បីបង្កើតប្រព័ន្ធកំណត់ប្រាក់ឈ្នួលអប្បបរមាមួយដែលមានលក្ខណៈវិទ្យាសាស្ត្រ ស្របតាមការអនុវត្ត និងបទដ្ឋានអន្តរជាតិ សម្រាប់យកមកអនុវត្តនៅកម្ពុជា ក្នុងការដំឡើងប្រាក់ឈ្នួលជូនដល់កម្មករឲ្យបានសមរម្យ។
សម្ព័ន្ធសហជីពដែលតំណាងឲ្យកម្មកររោងចក្រកាត់ដេរ បានព្យួរការធ្វើបាតុកម្មបណ្ដោះអាសន្ន ប៉ុន្តែងាកមករកកិច្ចចរចាជាថ្មីម្តងទៀតជាមួយរដ្ឋាភិបាល និងតំណាងថៅកែរោងចក្រ ដើម្បីកំណត់ប្រាក់ខែគោលសមរម្យឲ្យកម្មករ។
នេះជាការសុំចរចាលើកដំបូងរបស់ភាគីតំណាងឲ្យកម្មករ ក្រោយហេតុការណ៍បង្ក្រាបបាញ់សម្លាប់មនុស្ស ៤នាក់ និងជិត ៤០នាក់រងរបួស ក្នុងការបង្ក្រាបរបស់សមត្ថកិច្ចទៅលើអ្នកតវ៉ាទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ កាលពីដើមខែមករា កន្លងមក។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ស៊ីខាវឌូ (C.CAWDU) លោក អាត់ ធន់ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅថ្ងៃទី១៥ ខែមករា ដោយប្រកាន់ជំហរចរចាទាមទារដំឡើងប្រាក់ខែ ១៦០ដុល្លារ និងស្នើសុំឲ្យដោះលែងមនុស្ស ២៣នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ៖ «យើងទទូចឲ្យក្រុមហ៊ុន និងរដ្ឋាភិបាល ត្រូវចរចាប្រាក់ឈ្នួលឡើងវិញឲ្យបានសមរម្យ ដើម្បីធានាឲ្យកម្មករ និងសុខសាន្តទាំងអស់គ្នា។
របៀបរបបនៃការកំណត់ប្រាក់ឈ្នួលអប្បបរមា បើយើងគិតថា អ្វីដែលទិន្នន័យមិនទាន់ច្បាស់ទៀត យើងអាចអញ្ជើញអ្នកជំនាញ អាយឡូ (ILO) ដើម្បីមកជួយរៀបចំឲ្យដំណើរការហ្នឹងចប់សព្វគ្រប់ទាំងអស់គ្នាទៅ វាលែងមានបញ្ហាហើយ ហើយវាមាននិរន្តរភាពទៅថ្ងៃអនាគតទៀត»។
ក្នុងសេចក្តីថ្លែងការណ៍រួមរបស់តំណាងសហព័ន្ធសហជីពធំៗ៨ រួមមាន សហជីព លោកស្រី ម៉ម ញឹម លោក អាត់ ធន់ លោក រ៉ុង ឈុន លោក ម៉ាន់ សេងហាក់ លោក លីវ ថារីន លោក យិន សារឿន លោក សៀង សម្បត្តិ និងលោក ប៉ាវ ស៊ីណា បញ្ជាក់ថា ប្រាក់ឈ្នួល ១០០ដុល្លារក្នុងមួយខែ នៅមិនទាន់ធានាការរស់នៅសមរម្យដល់កម្មករបានទេ។ បើតាមការស្រាវជ្រាវរបស់គណៈកម្មការត្រីភាគី ដែលមានការឯកភាពរួមនោះ រកឃើញថា កម្មករម្នាក់ចំណាយក្នុងមួយខែចន្លោះពី ១៥៧ដុល្លារ ទៅ ១៧៧ដុល្លារក្នុងមួយខែ ហើយរបាយការណ៍របស់ក្រសួងផែនការ រកឃើញដែរថា កម្មករត្រូវការប្រាក់ខែ ១៦៤ដុល្លារ។
ប្រធានសម្ព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា លោកស្រី ម៉ម ញឹម មានប្រសាសន៍ថា ខាងសម្ព័ន្ធសហជីពចង់បង្កើតប្រព័ន្ធកំណត់ប្រាក់ឈ្នួលអប្បបរមាមួយ ដែលមានលក្ខណៈវិទ្យាសាស្ត្រ និងបទដ្ឋានអន្តរជាតិ ដើម្បីដំឡើងប្រាក់ឈ្នួលដល់កម្មករ ដោយមានការជ្រោមជ្រែង និងជំនួយបច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ (ILO)។ អង្គការ អាយឡូ ក៏អាចជាអាជ្ញាកណ្ដាលមួយដែលធ្វើឲ្យភាគីទាំងអស់មានការចរចាដោយភាពស្មោះត្រង់៖ «ការចរចាជាលក្ខណៈត្រីភាគីដូចសព្វថ្ងៃនេះ យើងគិតថា ការចរចានោះមិនមានភាពស្មោះត្រង់ទេ»។
រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ំ មាន មានប្រសាសន៍ថា ប្រសិនបើខាងសហព័ន្ធសហជីពមានបំណងចង់ឲ្យមានការចរចារឿងប្រាក់ខែឲ្យកម្មករនោះ គប្បីសរសេរលិខិតស្នើសុំផ្លូវការទៅក្រសួង ដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងយកទៅពិចារណា៖ «បើគាត់ចង់ឲ្យមានការចរចាយ៉ាងណាៗនោះ គួរតែគាត់ធ្វើលិខិតជូនក្រសួងការងារ។ បើគាត់គ្រាន់តែចេញសេចក្តីថ្លែងការណ៍អ៊ីចឹង វាមិនអាចជាឯកសារផ្លូវការយកទៅប្រើប្រាស់បាននោះទេ»។
សហជីពអន្តរជាតិ អង្គការជាតិ អន្តរជាតិ អង្គការអាយឡូ និងស្ថានទូតប្រទេសមួយចំនួន បានសម្ដែងការសោកស្ដាយចំពោះការបង្ក្រាបដោយអាវុធរបស់រដ្ឋាភិបាលទៅលើកម្មករ ដែលតវ៉ាទាមទារដំឡើងប្រាក់ខែ ១៦០ដុល្លារ និងបានជំរុញឲ្យរដ្ឋាភិបាល ក្រុមហ៊ុន អ្នកផលិត និងអ្នកបញ្ជាទិញ ត្រូវដោះស្រាយវិបត្តិក្នុងវិស័យកាត់ដេរនេះឲ្យបានឆាប់ និងដោយភាពស្មោះត្រង់៕
No comments:
Post a Comment
yes