
គិតត្រឹមថ្ងៃចន្ទទី៣ ខែកុម្ភៈនេះ មានរយៈពេលមួយខែហើយ ដែលលោក វន់ ពៅ ត្រូវជាប់ឃាំង ក្នុងពន្ធនាគារត្រពាំងផ្លុង ក្រោមការចោទប្រកាន់របស់តុលាការសាលាដំបូងរាជធានីភ្នំពេញ។ សុខភាពរបស់លោក វន់ ពៅ កាន់តែទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារជំងឺចាស់ប្រចាំកាយ។ តាមការបញ្ជាក់ពីគ្រួសារលោក នៅពេលនេះលោកមានអាការៈស្ពឹកខ្លួន មួយចំហៀង។ បញ្ហានេះធ្វើឲ្យលោកបារម្ភ ខ្លាចមានជំងឺស្លាប់មួយចំហៀងខ្លួននៅថ្ងៃណាមួយ ។
ភរិយាលោក វន់ ពៅ អ្នកស្រី ប្រាក់ សុវណ្ណារី ថ្លែងប្រាប់គេហទំព័រថ្មីៗនៅរសៀលនេះថា អាការៈប្តីអ្នកស្រីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែពិបាកទៅ។ បើតាមការបញ្ជាក់របស់ភរិយា សកម្មជនសិទ្ធិមនុស្សរូបនេះ លោក វន់ ពៅ ចេះតែមានអាការៈ ចង់ក្អួតចង្អោរ ព្រោះជំងឺក្រពះ របស់លោក។ អ្នកស្រីបន្តថា៖« គាត់បានប្រាប់ខ្ញុំ ពេលទៅសួរសុខទុក្ខគាត់កាលពី៣ថ្ងៃមុនថា ចេះតែចង់ក្អួត គេងមិនលក់ ស្ពឹកៗខ្លួន។ គាត់លួចប្រាប់ខ្ញុំថា ខ្លាចស្លាប់មួយចំហៀងខ្លួន…»។
លោក វន់ ពៅ ត្រូវបានដាក់ឃុំជាមួយអ្នកជាប់ឃាំងដដៃទៀតជាង១០០នាក់ ក្នុងពន្ធនាគារ ត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម។ បើតាមលោក វន់ ពៅ ដែលបានរៀបរាប់ប្រាប់ភរិយាអំពីសុខ ទុក្ខខ្លួននៅទីនោះ បានបញ្ជាក់ថា ភាគច្រើននៃអ្នកជាប់ឃាំង ជាអ្នកមានជំងឺ ដូចជាជំងឺអេដស៍ ជាដើម។
អំឡុងជាប់ពន្ធនាគាររយៈពេលមួយខែតាំងពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ អ្នកស្រី ប្រាក់ សុវណ្ណារី បាននិយាយថា អ្នកស្រី បានចុះសួរសុខទុក្ខប្តីចំនួន៧ដងហើយ។ ក្នុងជំនួបដែល មានរយៈពេល១៥នាទីក្នុងមួយលើកៗ អ្នកស្រី សុវណ្ណារី បានសង្កេតឃើញលោក វន់ ពៅ មានរាងស្គម ព្រោះតែការហូបចុកមិនបានគ្រប់គ្រាន់។ អ្នកស្រីពន្យល់ថា៖« ពេលខ្ញុំបានទៅ មើលគាត់ទៅ ទើបបានទិញអាហារពីក្រៅឲ្យគាត់ខ្លះ ពឹងរបបក្នុងពន្ធនាគារ ហូបអត់កើតទេ ទើបធ្វើប្តីខ្ញុំស្គមខ្លាំងមែនទែន»។
សព្វថ្ងៃនេះ អង្គការលីកាដូ បានជួលឡានមួយគ្រឿង ដើម្បីឲ្យអ្នកស្រីងាយស្រួលឡើងចុះសួរ សុខទុក្ខគ្រួសារ។ ទោះជាយ៉ាងណាក៏ដោយ ថ្លៃសេវាផ្សេងៗដូចជា សាំងឡាន និងការចំនាយ ដទៃទៀត គឺត្រូវក្រុមគ្រួសារចំនាយដោយខ្លួនឯងទាំងស្រុង។
អ្នកស្រី សុវណ្ណារី ថ្លែងថា៖« ខ្ញុំ ចំនាយអស់ពីខ្លួនហើយ។ នៅពេលចុះទៅម្តងៗ ត្រូវចាក់សាំង៥០ដុល្លារ ទិញថ្នាំ របស់របរ និងទុកឲ្យគាត់ចាយ សរុបទាំងអស់ជិត២០០ដុល្លារ។ សរុបមកដល់ពេលនេះ ខ្ញុំចំណាយអស់ ប្រមាណ២០០០ដុល្លារ»។
ទាក់ទងទៅនឹងការចុះសួរសុខទុក្ខថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅថ្ងៃអង្គារស្អែក ភរិយា លោក វន់ ពៅ ថ្លែងថា អ្នកស្រីបានទទួលទូរស័ព្ទពីមន្ត្រីបក្ស ថាពួកគេនឹងចុះទៅពន្ធនាគារ ត្រពាំងផ្លុង ទីដែលលោក វន់ ពៅ សកម្មជនសិទ្ធិមនុស្ស រួមនិងកម្មករទាំង២៣នាក់ ត្រូវជាប់ ឃុំឃាំង។ «ខ្ញុំនឹងទៅជាមួយពួកគេ តែប្រហែលទៅឡានផ្សេងគ្នា ព្រោះត្រូវទិញរបស់របរ មួយចំនួន។ ខ្ញុំមិនរំពឹងថា គេអនុញ្ញាតឲ្យថ្នាក់ដឹកនាំបក្សប្រឆាំងចូលជួបប្តីខ្ញុំទេ ព្រោះមានលិខិតបដិសេធរួចហើយ»។
ការសុំនៅក្រៅឃុំរបស់លោក វន់ ពៅ ពីសំណាក់មេធាវី រហូតមកដល់ថ្ងៃនេះ មិនទាន់ មានការឆ្លើយតបនោះទេ។ លោកស្រី តាំង សុគន្ធា មេធាវីការពារក្តីលោក វន់ ពៅ បានប្រាប់គេហទំព័រសារព័ត៌មានថ្មីៗដោយខ្លីថា៖«គ្មានការឆ្លើយតបបែបណា នោះទេ ទើបរឿងនេះត្រូវឡើងដល់សាលាឧទ្ធរណ៍»។ ទោះជាយ៉ាងណាក៏ដោយ ថ្ងៃបើកសវនាការនៅសាលាឧទ្ធរណ៍ ត្រូវបានមេធាវីនៃអង្គការលីកាដូ រូបនេះ ស្រពិចស្រពិល ប៉ុន្តែលោកស្រីថា ប្រហែលអំឡុងពាក់ កណ្តាលខែកុម្ភៈនេះ៕
No comments:
Post a Comment
yes