លោក សម រង្ស៊ី និងលោក ហ៊ុន សែន ក្នុងជំនួបចរចារកាលពី
អំឡុងឆ្នាំ២០១៣ នៅវិមានរដ្ឋសភា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ ប្រកាសថា លោកមិនចង់និយាយរឿងនយោបាយ ដែលទាក់ទងនឹងការចរចាជាមួយគណបក្សសង្គ្រោះជាតិតទៅទៀត ខណៈការចរចាជាមួយលោក សម រង្ស៊ី នៅជាប់គាំងត្រង់ចំណុចបោះឆ្នោតមុនអាណត្តិ។
កន្លងទៅ លោក ហ៊ុន សែន បានជជែកជាមួយលោក សម រង្ស៊ី ដោយបានឯកភាពលើចំណុចភាគច្រើន គឺមានកំណែទម្រង់ស្ថាប័នការបោះឆ្នោត កំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ តែចំណុចមួយទៀតដែលសំខាន់ នៅជាបញ្ហា គឺកាលបរិច្ឆេតនៃការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាឃុំសង្កាត់។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ដំណើរការរដ្ឋ នៅតែធម្មតា ហើយលោកឈប់និយាយ និងឈប់ខ្វល់ច្រើន ដែលលោកសំដៅទៅលើការចរចាជាមួយគណបក្សសង្គ្រោះជាតិ។ លោកបញ្ជាក់ថា ការមិនចូលក្នុងរដ្ឋសភា ជារឿងរបស់គណបក្សប្រឆាំង ដោយកុំមកបន្ទោសគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន សែន ធ្លាប់ឲ្យដឹងថា លោក បាននិយាយត្រូវគ្នាជាមួយលោក សម រង្ស៊ី ត្រង់ចំណុចថា ការបោះឆ្នោតឃុំសង្កាត់ត្រូវធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៧ និងរដ្ឋសភានៅខែកុម្ភៈដដែលឆ្នាំ២០១៨។ លោកបញ្ជាក់ថា លោក សម រង្ស៊ី បានស្នើសុំពេលពិភាក្សាជាមួយអនុប្រធានគណបក្ស លោក កឹម សុខា តែលោកហ៊ុន សែន ស្នើថា លោកជាប្រធានហេតុអ្វីបានជាមិនអាចសម្រេច។ លោកស្នើឲ្យលោក សម រង្ស៊ី ប្រាប់ទៅលោក កឹម សុខា ថា «កុំឲ្យលោក កឹម សុខា រឹងពេក»។ លោក ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើមិនមានការឯកភាពគ្នា ដែលនាំឲ្យរាំងស្ទះដល់ការចរចា នេះមិនមែនជាកំហុសរបស់លោក និងលោក សម រង្ស៊ី ទេ គឺកំហុសរបស់លោក កឹម សុខា។
កន្លងទៅ លោក ស ខេង ថ្លែងថា ពុំមានការជួបចរចា រវាងលោក ហ៊ុន សែន ជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិទៀតទេ។
អ្នកវិភាគនយោបាយលោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ការដែលអ្នកនយោបាយទាំងពីរបន្តខ្វែងគំនិតគ្នានេះ ដោយសារតែភាគីសងខាងគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនជាងគិតផលប្រយោជន៍ជាតិ។ លោកព្រមានថា ប្រសិនបើថ្នាក់ដឹកនាំទាំងពីរនៅតែធ្វើបែបនេះ នោះនឹងនាំឲ្យប្រទេសជាតិកាន់តែជួបវិបត្តិធ្ងន់ធ្ងរ «ផលប៉ះពាល់ច្រើនណាស់ ទី១ សូម្បីប្រជាជនដែលរកសព្វថ្ងៃនេះ អ្នករករបរចិញ្ចឹមជីវិត រកតែតិចតួច មិនហ៊ានដាក់ទុនច្រើន ទី២ គឺអ្នកវិនិយោគ ១០០ភាគរយ គេមិនមកទេ ព្រោះគេឃើញអស្ថេរភាពនយោបាយ ទី៣ សូម្បីតែប្រជាជន ក៏មានការព្រួយបារម្ភ មិនហ៊ានធ្វើអី មិនហ៊ានយកលុយចាយច្រើន កាលណាមិនចាយច្រើន សេដ្ឋកិច្ចវាមិនដើរ។ អ៊ីចឹងយើងឃើញថា អ្នកនយោបាយ គ្មានច្រកចេញទេ គឺគិតតែផលប្រយោជន៍របស់ខ្លួនរៀងៗខ្លួន ខ្លាចបាត់បង់ការគាំទ្រ ខ្លាចបាត់បង់អំណាច ខ្លាចបាត់បង់ផលលាភ របស់ខ្លួនរៀងៗខ្លួន»។
លោក សុខ ទូច បន្តថា មកដល់ដំណាក់កាលនេះហើយ អ្នកនយោបាយគួរតែ ធ្វើប្រជាមិតិចំពោះប្រជាពលរដ្ឋណាដែលមានសិទ្ធិបោះឆ្នោត៕

No comments:
Post a Comment
yes