Monday, April 28, 2014

លោកនាយក​រដ្ឋមន្ត្រីហ៊ុនសែនលែង​ខ្វល់​រឿង​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង​​

លោក សម រង្ស៊ី និងលោក ហ៊ុន សែន ក្នុងជំនួបចរចារកាលពី
អំឡុងឆ្នាំ២០១៣ នៅវិមានរដ្ឋសភា

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ ប្រកាសថា លោក​មិន​ចង់​និយាយ​រឿង​នយោបាយ ដែល​ទាក់ទង​នឹង​ការចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​តទៅទៀត ខណៈ​ការចរចា​ជាមួយ​លោក សម រង្ស៊ី នៅ​ជាប់គាំង​ត្រង់​ចំណុច​បោះឆ្នោត​មុន​អាណត្តិ​។​
​កន្លងទៅ លោក ហ៊ុន សែន បាន​ជជែក​ជាមួយ​លោក សម រង្ស៊ី ដោយ​បាន​ឯកភាព​លើ​ចំណុច​ភាគច្រើន គឺ​មាន​កំណែទម្រង់​ស្ថាប័ន​ការបោះឆ្នោត កំណែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ តែ​ចំណុច​មួយទៀត​ដែល​សំខាន់ នៅ​ជា​បញ្ហា គឺ​កាលបរិច្ឆេត​នៃ​ការបោះឆ្នោត​រដ្ឋសភា និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​។​
​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោកនាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍ថា ដំណើរការ​រដ្ឋ នៅតែ​ធម្មតា ហើយ​លោក​ឈប់​និយាយ និង​ឈប់​ខ្វល់​ច្រើន ដែល​លោក​សំដៅ​ទៅលើ​ការចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​បញ្ជាក់ថា ការមិន​ចូល​ក្នុង​រដ្ឋសភា ជា​រឿង​របស់​គណបក្សប្រឆាំង ដោយ​កុំ​មក​បន្ទោស​គណបក្ស​ប្រជាជន​កម្ពុជា​។​

លោក ហ៊ុន សែន ធ្លាប់ឲ្យដឹងថា លោក បាន​និយាយ​ត្រូវ​គ្នា​ជាមួយ​លោក សម រង្ស៊ី ត្រង់​ចំណុច​ថា ការបោះឆ្នោត​ឃុំ​សង្កាត់​ត្រូវ​ធ្វើឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​រដ្ឋសភា​នៅ​ខែ​កុម្ភៈ​ដដែល​ឆ្នាំ​២០១៨​។ លោក​បញ្ជាក់ថា លោក សម រង្ស៊ី បាន​ស្នើ​សុំ​ពេល​ពិភាក្សា​ជាមួយ​អនុប្រធាន​គណបក្ស លោក កឹម សុខា តែ​លោក​ហ៊ុន សែន ស្នើថា លោក​ជា​ប្រធាន​ហេតុអ្វី​បាន​ជា​មិន​អាច​សម្រេច​។ លោក​ស្នើ​ឲ្យ​លោក សម រង្ស៊ី ប្រាប់​ទៅ​លោក កឹម សុខា ថា «​កុំឲ្យ​លោក កឹម សុខា រឹង​ពេក​»​។ លោក ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើ​មិនមាន​ការឯកភាព​គ្នា ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ការចរចា នេះ​មិនមែន​ជា​កំហុស​របស់​លោក និង​លោក សម រង្ស៊ី ទេ គឺ​កំហុស​របស់​លោក កឹម សុខា​។​
​កន្លងទៅ លោក ស ខេង ថ្លែងថា ពុំ​មាន​ការជួប​ចរចា រវាង​លោក ហ៊ុន សែន ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​ទេ​។​
​អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត សុខ ទូច មានប្រសាសន៍ថា ការ​ដែល​អ្នកនយោបាយ​ទាំង​ពីរ​បន្ត​ខ្វែងគំនិត​គ្នា​នេះ ដោយសារ​តែ​ភាគី​សងខាង​គិតតែ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ជាង​គិត​ផលប្រយោជន៍​ជាតិ​។ លោក​ព្រមាន​ថា ប្រសិន​បើ​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​នៅ​តែ​ធ្វើបែបនេះ នោះ​នឹង​នាំឲ្យ​ប្រទេស​ជាតិ​កាន់តែ​ជួប​វិបត្តិ​ធ្ងន់ធ្ងរ «​ផលប៉ះពាល់​ច្រើនណាស់ ទី​១ សូម្បី​ប្រជាជន​ដែល​រក​សព្វថ្ងៃនេះ អ្នករ​ករបរ​ចិញ្ចឹមជីវិត រក​តែ​តិចតួច មិន​ហ៊ាន​ដាក់ទុន​ច្រើន ទី​២ គឺ​អ្នកវិនិយោគ ១០០​ភាគរយ គេ​មិន​មក​ទេ ព្រោះ​គេ​ឃើញ​អស្ថេរភាព​នយោបាយ ទី​៣ សូម្បី​តែ​ប្រជាជន ក៏​មាន​ការព្រួយបារម្ភ មិន​ហ៊ាន​ធ្វើ​អី មិន​ហ៊ាន​យក​លុយ​ចាយ​ច្រើន កាលណា​មិន​ចាយ​ច្រើន សេដ្ឋកិច្ច​វា​មិន​ដើរ​។ អ៊ីចឹង​យើង​ឃើញថា អ្នកនយោបាយ គ្មាន​ច្រកចេញ​ទេ គឺ​គិតតែ​ផលប្រយោជន៍​របស់​ខ្លួន​រៀងៗ​ខ្លួន ខ្លាច​បាត់បង់​ការគាំទ្រ ខ្លាច​បាត់បង់​អំណាច ខ្លាច​បាត់បង់​ផល​លាភ របស់​ខ្លួន​រៀងៗ​ខ្លួន​»​។​
​លោក សុខ ទូច បន្តថា មក​ដល់​ដំណាក់កាល​នេះហើយ អ្នក​នយោបាយ​គួរតែ ធ្វើ​ប្រជាមិតិ​ចំពោះ​ប្រជាពល​រដ្ឋ​ណា​ដែល​មាន​សិទ្ធិ​បោះឆ្នោត​៕

No comments:

Post a Comment

yes