សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 22, 2014

​បុគ្គលិក​ក្រុមហ៊ុន​រថយន្តក្រុងភ្នំពេញ​សូរិយព្រមាន​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំបើ​ក្រសួង​ការងារមិន​អន្តរាគមន៍​ការទាមទារ​របស់​ពួកគេ​​

បញ្ជរលក់សំបុត្ររថយន្តក្រុងភ្នំពេញសូរិយា (រូបភាព៖ ប្រែង សត្យា​ភិរក្ស)

ថ្នាក់ដឹកនាំ​សហជីព​ក្រុមហ៊ុន រថយន្តក្រុង ភ្នំពេញ​សូរិយា ព្រមាន​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ ប្រសិនបើ​ក្រសួង​ការងារ មិន​ព្រម​អន្តរាគមន៍​លើ​ការទាមទារ​របស់​ខ្លួន ហើយ​ក្រុមហ៊ុន នៅតែ​មិន​គោរព​លក្ខខណ្ឌ​ការងារ ឬ​មិន​ទទួលស្គាល់​សហជីព​កម្ម​ក​រ ដែល​បាន​បង្កើតឡើង​ស្របតាម​ច្បាប់​នោះ​។​
ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន លោក សម្បត្តិ វន ប្រាប់​VOD ឲ្យដឹងថា នៅ​ម៉ោង​ជាង​១១​ព្រឹក​នេះ ថ្នាក់ដឹកនាំ​សហជីព បាន​មូលមតិ​គ្នា ដាក់​ញត្តិ​ស្នើ​អន្តរាគមន៍ ចំនួន ១១​ចំណុច ទៅ​កាន់​ក្រសួង​ការងារ ដោយសារ​តែ​ភាគី​ក្រុមហ៊ុន បន្ត​មិន​អើពើ​ចំពោះ​ការទាមទារ​របស់​បុគ្គលិក​។ លោក​ថា បើ​ក្រសួង​ការងារ មិន​អន្តរាគមន៍​លើ​ញត្តិ​ទាមទារ​នោះ គឺ​ថ្នាក់​ដឹកនាំ​សហជីព នឹង​ដឹកនាំ​បុគ្គលិក​បើករថយន្ត ក្នុង​ក្រុមហ៊ុន​នេះ ដែល​មាន​ទីតាំង​ទាំង ៧​រាជធានី​-​ខេត្ត ឈប់​ធ្វើការ​តែម្តង​។​

​លោក សម្បត្តិ វន ឲ្យដឹងថា ការទាមទារ​១១​ចំណុច រួមមាន ដំឡើង​ប្រាក់​ឈ្នួល​គោល ៦០​ដុល្លារ​បន្ថែម​លើ​ប្រាក់​ឈ្នួល​ដែល​បុគ្គលិក​មាន​ស្រាប់ ទាមទារ​ឲ្យ​ក្រុមហ៊ុន គោរព​លក្ខខណ្ឌ​ការងារ​ផ្តល់​ប្រាក់​ថែម​ម៉ោង និង​ប្រាក់​ថ្ងៃ​បុណ្យ​ជា​ដើម ជាពិសេស គឺ​អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ និង​សមាជិក​សហជីព ដែល​ទើប​បង្កើតឡើង កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា​នេះ ចូលធ្វើការ​វិញ​តាម​ធម្មតា និង​ទទួលស្គាល់​តាម​ផ្លូវច្បាប់ ដោយ​ឥត​លក្ខខណ្ឌ​។ លោក​ថា បច្ចុប្បន្ននេះ បុគ្គលិក ចំនួន ២០​នាក់ ត្រូវបាន​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ ក្រោម​ហេតុថា ជា​សមាជិក​នៃ​សហជីព ដែល​ថៅកែ ក្រុមហ៊ុន​មិន​ទទួលស្គាល់​។
VOD មិនអាច​សុំ​ការឆ្លើយតប​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​នៅឡើយ​ទេ​។​
​ប៉ុន្តែ អគ្គនាយក​ក្រុមហ៊ុន ភ្នំពេញ​សូរិយា លោក ចាន់ សុផាន់​ណា អះអាងថា លោក មិន​បាន​ដឹង​លម្អិត​ពី​ការទាមទារ​របស់​បុគ្គលិក​ទាំងនោះ​ទេ តាំងពី​ដើម​រហូត​មក​ទល់​ពេល​នេះ គឺ​មិន​មាន​ភាពច្បាស់លាស់ និង​មាន​ភាព​ចាប់បង្ខំ ដោយ​ក្រុមហ៊ុន មិន​មាន​លទ្ធភាព​ឆ្លើយតប​បានឡើយ​។ លោក​ថា ក្រុមហ៊ុន​របស់​លោក គឺ​មិន​មាន​សហជីព​ឡើយ ហើយ​រាល់​ការទាមទារ​របស់​បុគ្គលិក គឺ​មិន​បាន​ជូនដំណឹង​ជា​លាយ​លក្ខ​អក្សរ​មកកាន់​ក្រុមហ៊ុន​នោះទេ​។ លោក បន្ថែមថា ក្រុមហ៊ុន បាន​អនុវត្ត​ផ្តល់​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​បុគ្គលិក មិន​ដូច​ការចោទប្រកាន់​នោះទេ​។
​មន្ត្រី​ចងក្រង​សមាគម និង​ដោះស្រាយ​វិវាទ​នៅ​សហភាព​ការងារ​កម្ពុជា លោក ហៀ​ង គឹមហ៊ុន ដែល​តាមដាន​ករណីនេះ យល់ថា ការលើកឡើង​របស់​ភាគី​ក្រុមហ៊ុន មិន​បាន​ឆ្លុះបញ្ចាំង​ពី​ការពិត​ឡើយ ហើយ​ការទាមទារ​របស់​បុគ្គលិក​ក្រុមហ៊ុន បាន​កើតឡើង និង​បាន​ជួប​ចរចា​ជាមួយ​ភាគី​ក្រុមហ៊ុន​ម្តងមកហើយ តែ​មិន​មាន​លទ្ធផល​។ លោក​ថា ថ្វី​បើ​សហជីព​ប្រចាំ​ក្រុមហ៊ុន​នេះ កើតឡើង​ក្រោយ​ការតវ៉ា​នៅ​ដើម​ខែ​មេសា​នេះ​ក្តី តែ​តាម​នីតិវិធី​ច្បាប់ គឺ​ពួកគេ ត្រូវបាន​ទទួលស្គាល់ តាំងពី​ថ្ងៃ​ទី​៩ ខែ​មេសា​ម្ល៉េះ បន្ទាប់​ពី​ក្រសួង​ប្រៃសណីយ៍ បាន​ឆ្លើយតប​ជា​លាយ​លក្ខ​អក្សរ​ចំពោះ​សហជីព​នេះ​។
​កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៤ អ្នកបើកបរ​រថយន្ត​ក្រុង​ជិត​១០០​នាក់ របស់​ក្រុមហ៊ុន​ភ្នំពេញ​សូរិយា​ដឹក​អ្នកដំណើរ បាន​ធ្វើ​កូដកម្ម ទាមទារ​ដំឡើង​ប្រាក់ខែ និង​ឲ្យ​ក្រុមហ៊ុន គោរព​លក្ខខណ្ឌ​ការងារ ក្រោយមក បុគ្គលិក​ផ្នែក​បើកបរ ៣​នាក់​ត្រូវបាន​ក្រុមហ៊ុន បញ្ឈប់​ពី​ការងារ រួមមាន លោក សម្បត្តិ វន លោក ញឹម គុយបា និង លោក ឃុន សៅ​នី ដែល​ពួកគេ​បច្ចុប្បន្ននេះ មាន​តួនាទី​ជា​ប្រធាន និង​អនុប្រធាន សហជីព​ដែល​ទើប​បង្កើត​ថ្មី ក្រោយ​ធ្វើ​កូដកម្ម​នោះ​៕

No comments:

Post a Comment

yes