មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឲ្យថ្នាក់ដឹកនាំសហព័ន្ធសហជីព
សមាគម និងកម្មករនិយោជិតចម្រុះវិស័យ
ដែលគ្រោងប្រារព្ធទិវាពលកម្មអន្តរជាតិ ០១ ឧសភា
គួរប្រើប្រាស់ទីតាំងផ្ទាល់ខ្លួន ឬទីឯកជន
ជំនួសការប្រារព្ធពិធីនេះនៅទីលានប្រជាធិបតេយ្យ
ឬសួនច្បារមុខវត្តបុទុមវត្តី។
ក្នុងកិច្ចប្រជុំរវាងសាលារាជធានីភ្នំពេញ
ជាមួយក្រុមសហជីពទាំង១៨ កាលពីថ្ងៃទី២៤ ខែមេសា ស្តីពី
ការស្នើសុំទីតាំងទីលានប្រជាធិបតេយ្យ
ដើម្បីរៀបចំទិវាពលកម្មអន្តរជាតិ ០១ឧសភា សាលារាជធានីភ្នំពេញ
បានបដិសេធសំណើនោះ ដោយអះអាងថា ទីតាំងនោះ
គឺជាទីតាំងដែលកំពុងស្ថិតក្រោមការស្រាវជ្រាវ
រួមនឹងព្រមានចាត់វិធានការផ្លូវច្បាប់ ករណីដែលសហជីពមិនគោរពតាម។
ក្រោយមក សហជីព ក៏បានស្នើសុំទីតាំងផ្សេងមួយទៀត គឺសួនច្បារ
មុខវត្តបុទុមវត្តី តែសាលារាជធានី ថាហួសដែនសមត្ថកិច្ចរបស់ខ្លួន
ដោយថានឹងបញ្ជូនសំណើនេះ សុំគោលការណ៍ពីក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ VOD
នៅព្រឹកថ្ងៃចន្ទនេះថា ក្រសួង មិនបាន ពិចារណាលើសំណើនេះឡើយ
តែទំនងជាមិនអនុញ្ញាតនោះទេ ដោយសារបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម
មិនទាន់បានដោះស្រាយរួចរាល់។ លោកជំរុញឲ្យថ្នាក់ដឹកនាំសហជីព
និងកម្មករ ពិចារណារើសយកទីតាំងឯកជនជំនួសវិញ
ដើម្បីជៀសវាងការបង្កអសន្តិសុខ ៖«ទំនងជាមិនអាចផ្តល់ជូនបានទេមើលទៅ
ដូចតាមសាលារាជធានីភ្នំពេញ មិនមែនមិនអនុញ្ញាតទេ ប៉ុន្តែ
សុំឲ្យគាត់ធ្វើនៅទីតាំងរបស់គាត់ ឬក៏កន្លែងទីតាំងឯកជនណាមួយ ដែលបានការយល់ព្រម
ពីម្ចាស់ទីតាំងនោះទៅ យើងមិនមែនហាមឃាត់ទេ។»
ប្រធានសហពន្ធ័សហជីពកម្មករចំណីរអាហារ និងសេវាកម្មកម្ពុជា
ជាសហជីពមួយក្នុងចំណោមនោះ លោក ស ម៉ូរ៉ា អះអាងថា សហជីព
នៅតែប្រកាន់ជំហរប្រារព្ធទិវានេះ នៅទីតាំងសាធារណៈ
និងនៅទីលានប្រជាធិបតេយ្យ ដើម្បីបង្ហាញដល់សហគមន៍អន្តរជាតិ
ពីបញ្ហាប្រឈមរបស់កម្មកររោងចក្រនៅកម្ពុជា
រួមនឹងទិដ្ឋភាពនៃការរិតត្បិតសិទ្ធិបញ្ចេញមតិ ពីសំណាក់អាជ្ញាធរ ៖«បើសិនជារដ្ឋាភិបាល
ត្រូវការជ្រើសរើសវិធីសាស្ត្រ នៃការប្រើអំពើហិង្សា ដើម្បីបំភ័យ
ឬក៏ដើម្បីបំលាចប្រជាពលរដ្ឋខ្លួនឯង ហ្នឹងជាជម្រើសរបស់ពួកគាត់ ជាចុងក្រោយ
ប្រជាពលរដ្ឋជាអ្នកមើលឃើញ ថាតើប្រជាពលរដ្ឋ ត្រូវការរដ្ឋាភិបាល
បែបប្រព្រឹត្តអំពើហិង្សា បែបអំពើឃោឃៅ ឬក៏ប្រជាពលរដ្ឋ
ត្រូវការរដ្ឋាភិបាលដែលបម្រើប្រជាពលរដ្ឋ យកបញ្ហាពលរដ្ឋទៅដោះស្រាយ។»
មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់
សុវ៉េត ចាត់ទុកករណីនេះ ថាជាទម្លាប់របស់អាជ្ញាធរកម្ពុជា
ដែលមានចេតនារារាំងការប្រមូលផ្តុំ បញ្ចេញមតិ
ដែលជាសម្ពាធមកកាន់ខ្លួន។ លោកថា ទិវាពលកម្មអន្តរជាតិ គឺជាឱកាសមួយ
ដែលអាជ្ញាធរកម្ពុជា គួរបើកទូលាយចំពោះការប្រមូលផ្តុំ
ដើម្បីដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករ ៖«ខ្ញុំគិតថា
រដ្ឋាភិបាល គួរតែបើកឱកាសនេះ ដើម្បីឲ្យមានការចូលរួម
បើកសិទ្ធិសេរីភាពប្រជុំឲ្យបានពេញលេញទៅ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស
និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ព្រោះថា ឥលូវពិនិត្យមើលទៅ ពិភពលោក
កំពុងតែរិះគន់ កំពុងតែចាប់អារម្មណ៍នឹងកម្ពុជាដែរ។»
តាមគម្រោងកម្មវិធី
សហជីពគ្រោងជួបនឹងជុំគ្នានៅទីលានប្រជាធិបតេយ្យ នៅម៉ោង ៨ និង
៣០នាទីព្រឹក រហូតដល់ម៉ោង ១២ ថ្ងៃត្រង់ នៅថ្ងៃទី០១ ខែឧសភា
ដោយរំពឹងថា នឹងមានកម្មករចូលរួមរហូតដល់ ១៥០០០នាក់ ដើម្បីសម្តែងមតិ
និងទុក្ខកង្វល់ដែលខ្លួនជួបប្រទះ។ សហជីពទាំង១៨ ក៏នឹងហែរញត្តិ
ពីទីលានប្រជាធិបតេយ្យទៅកាន់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា
នៅខណ្ឌចំការមន និងគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ
ដើម្បីឲ្យគណបក្សជាប់ឆ្នោតទាំងពីរ
ដោះស្រាយពីទុក្ខកង្វល់របស់កម្មករ
និងសហជីពដែលកំពុងទាមទារកន្លងមកនេះ។
ក្នុងខួបលើកទី១២៧ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ឆ្នាំ២០១៣
ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ធ្លាប់បានអំពាវនាវដល់អាជ្ញាធរ
ពាក់ព័ន្ធឱ្យមានការយកចិត្តទុកដាក់លើបញ្ហាមួយចំនួន
ដូចជាការគោរពអនុវត្តច្បាប់ការងារ លក្ខខណ្ឌការងារ
និងដោះស្រាយវិវាទការងារ៕

No comments:
Post a Comment
yes