Monday, April 28, 2014

មន្ត្រី​ក្រសួង​មហាផ្ទៃ​៖សហជីពគួរប្រើ​ទីតាំង​ផ្ទាល់ខ្លួនប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​​


មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ជំរុញ​ឲ្យ​ថ្នាក់​ដឹកនាំ​សហព័ន្ធស​ហ​ជីព សមាគម និង​កម្មករ​និយោជិត​ចម្រុះ​វិស័យ ដែល​គ្រោង​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ០១ ឧសភា គួរ​ប្រើប្រាស់​ទីតាំង​ផ្ទាល់ខ្លួន ឬ​ទី​ឯកជន ជំនួស​ការ​ប្រារព្ធ​ពិធី​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ ឬ​សួនច្បារ​មុខ​វត្តបុ​ទុម​វត្តី​។​

​ក្នុង​កិច្ចប្រជុំ​រវាង​សាលា​រាជធានី​ភ្នំពេញ ជាមួយ​ក្រុម​សហជីព​ទាំង​១៨ កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ស្តីពី ការស្នើ​សុំ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​រៀបចំ​ទិវា​ពលកម្ម​អន្តរជាតិ ០១​ឧសភា សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ​សំណើ​នោះ ដោយ​អះអាង​ថា ទីតាំង​នោះ គឺជា​ទីតាំង​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ស្រាវជ្រាវ រួម​នឹង​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ករណី​ដែល​សហជីព​មិន​គោរព​តាម​។ ក្រោយមក សហជីព ក៏​បាន​ស្នើសុំ​ទីតាំង​ផ្សេង​មួយទៀត គឺ​សួនច្បារ មុខ​វត្តបុ​ទុម​វត្តី តែ​សាលា​រាជធានី ថា​ហួស​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដោយ​ថា​នឹង​បញ្ជូន​សំណើ​នេះ សុំ​គោលការណ៍​ពី​ក្រសួង​មហាផ្ទៃ។​


អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ ​VOD នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា ក្រសួង មិនបាន ពិចារណា​លើ​សំណើ​នេះ​ឡើយ តែ​ទំនងជា​មិន​អនុញ្ញាត​នោះទេ ដោយសារ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម មិនទាន់​បាន​ដោះស្រាយ​រួចរាល់​។ លោក​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​សហជីព និង​កម្មករ ពិចារណា​រើសយក​ទីតាំង​ឯកជន​ជំនួស​វិញ ដើម្បី​ជៀសវាង​ការបង្ក​អសន្តិសុខ​ ៖«ទំនងជាមិនអាចផ្តល់ជូនបានទេមើលទៅ ដូចតាមសាលា​រាជ​ធានី​ភ្នំពេញ មិនមែនមិនអនុញ្ញាតទេ ប៉ុន្តែ សុំឲ្យគាត់ធ្វើនៅទីតាំងរបស់គាត់ ឬក៏កន្លែងទីតាំងឯកជនណាមួយ ដែលបានការយល់ព្រម ពីម្ចាស់​ទី​តាំង​នោះ​ទៅ យើងមិនមែនហាមឃាត់ទេ។»
​ប្រធាន​ស​ហព​ន្ធ័​សហជីព​កម្មក​រ​ចំណីរ​អាហារ និង​សេវាកម្ម​កម្ពុជា ជា​សហជីព​មួយ​ក្នុងចំណោម​នោះ លោក ស ម៉ូ​រ៉ា អះអាងថា សហជីព នៅ​តែ​ប្រកាន់​ជំហរ​ប្រារព្ធ​ទិវា​នេះ នៅ​ទីតាំង​សាធារណៈ និង​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​បង្ហាញ​ដល់​សហគមន៍​អន្តរជាតិ ពី​បញ្ហា​ប្រឈម​របស់​កម្មករ​រោងចក្រ​នៅ​កម្ពុជា រួម​នឹង​ទិដ្ឋភាព​នៃ​ការ​រិត​ត្បិត​សិទ្ធិ​បញ្ចេញមតិ ពី​សំណាក់​អាជ្ញាធរ​ ៖«បើសិនជារដ្ឋាភិបាល ត្រូវការជ្រើសរើសវិធីសាស្ត្រ នៃការ​ប្រើ​អំពើ​ហិង្សា ដើម្បីបំភ័យ ឬក៏ដើម្បីបំលាចប្រជាពលរដ្ឋខ្លួនឯង ហ្នឹងជាជម្រើសរបស់ពួកគាត់ ជាចុងក្រោយ ប្រជាពលរដ្ឋជាអ្នកមើលឃើញ ថាតើ​ប្រជា​ពលរដ្ឋ ត្រូវការរដ្ឋាភិបាល បែបប្រព្រឹត្តអំពើហិង្សា បែបអំពើឃោឃៅ ឬក៏ប្រជាពលរដ្ឋ ត្រូវការរដ្ឋាភិបាលដែលបម្រើប្រជាពលរដ្ឋ យក​បញ្ហា​ពល​រដ្ឋ​ទៅដោះស្រាយ។»

មន្ត្រី​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ចាន់ សុ​វ៉េ​ត ចាត់ទុក​ករណីនេះ ថា​ជា​ទម្លាប់​របស់​អាជ្ញាធរ​កម្ពុជា ដែល​មាន​ចេតនា​រារាំង​ការប្រមូលផ្តុំ បញ្ចេញមតិ ដែល​ជា​សម្ពាធ​មកកាន់​ខ្លួន​។ លោក​ថា ទិវា​ពលកម្ម​អន្តរជាតិ គឺជា​ឱកាស​មួយ ដែល​អាជ្ញាធរ​កម្ពុជា គួរ​បើក​ទូលាយ​ចំពោះ​ការប្រមូលផ្តុំ ដើម្បី​ដោះស្រាយ​បញ្ហា​ដល់​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ​ ៖«ខ្ញុំគិតថា រដ្ឋាភិបាល គួរតែបើកឱកាសនេះ ដើម្បី​ឲ្យ​មាន​ការ​ចូល​រួម បើកសិទ្ធិសេរីភាពប្រជុំឲ្យបានពេញលេញទៅ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ព្រោះថា ឥលូវពិនិត្យមើលទៅ ពិភព​លោក កំពុងតែរិះគន់ កំពុងតែចាប់អារម្មណ៍នឹងកម្ពុជាដែរ។»

តាម​គម្រោង​កម្មវិធី សហជីព​គ្រោង​ជួប​នឹង​ជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ម៉ោង ៨ និង ៣០​នាទី​ព្រឹក រហូតដល់​ម៉ោង ១២ ថ្ងៃត្រង់ នៅ​ថ្ងៃ​ទី​០១ ខែ​ឧសភា ដោយ​រំពឹងថា នឹង​មាន​កម្មករ​ចូលរួម​រហូត​ដល់ ១៥០០០​នាក់ ដើម្បី​សម្តែង​មតិ និង​ទុក្ខ​កង្វល់​ដែល​ខ្លួន​ជួបប្រទះ​។ សហជីព​ទាំង​១៨ ក៏​នឹង​ហែរ​ញត្តិ ពី​ទីលាន​ប្រជាធិបតេយ្យ​ទៅកាន់​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខណ្ឌ​ចំការមន និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែលើ ដើម្បី​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ ដោះស្រាយ​ពី​ទុក្ខ​កង្វល់​របស់​កម្មករ និង​សហជីព​ដែល​កំពុង​ទាមទារ​កន្លងមកនេះ​។​

ក្នុង​ខួប​លើក​ទី​១២៧ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ០១ ឧសភា ឆ្នាំ​២០១៣ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​អំពាវនាវ​ដល់​អាជ្ញាធរ ពាក់ព័ន្ធ​ឱ្យមាន​ការយកចិត្តទុកដាក់​លើ​បញ្ហា​មួយចំនួន ដូច​ជា​ការគោរព​អនុវត្ត​ច្បាប់​ការងារ លក្ខខណ្ឌ​ការងារ និង​ដោះស្រាយ​វិវាទ​ការងារ​៕

No comments:

Post a Comment

yes