វេទិការគណបក្សសង្គ្រោះជាតិ ដែលត្រូវបានអាជ្ញាធរ
ក្រុងភ្នំពេញកំទិចចោល កលាពីថ្ងៃទី៤ មករា ២០១៤
មន្ត្រីសាលារាជធានីភ្នំពេញ ឲ្យដឹងថា កម្លាំងសមត្ថកិច្ច នឹងបង្ក្រាបការឃោសនារបស់គណបក្សសង្គ្រោះជាតិ ប្រសិនបើគណបក្សមួយនេះ ប្រកាន់យកទីលានប្រជាធិបតេយ្យជាទីតាំងធ្វើយុទ្ធនាការឃោសានា។
គណបក្សសង្គ្រោះជាតិ នៅថ្ងៃអង្គារនេះ ប្រកាសយកទីលានប្រជាធិបតេយ្យ រៀបចំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី០២ ខែឧសភា។
សេចក្តីជូនដំណឹងរបស់គណបក្ស ឲ្យដឹងថា គណបក្ស នឹងរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ នៅថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង ២:០០ រសៀល នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។ យុទ្ធនាការឃោសនាបោះឆ្នោតនេះ នឹងដឹកនាំដោយលោក សម រង្ស៊ី និង អនុប្រធាន លោក កឹម សុខា។ គណបក្សបន្តថា សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញបងប្អូនជនរួមជាតិ ពិសេសយុវជន យុវតី ចូលរួមក្នុងយុទ្ធនាការឃោសនានេះ ឲ្យបានច្រើនកុះករ និងជាការអញ្ជើញអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដើម្បីយកព័ត៌មានតាមការគួរ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ប្រាប់ VOD ថា សាលារាជធានីភ្នំពេញ នឹងចេញលិខិតជាផ្លូវការឆ្លើយតប ចំពោះនុការមិនអញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ(CNRP) ធ្វើការជួបប្រជុំគ្នានៅទីលានប្រជាធិបតេយ្យ។ លោកបន្តថា សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យគណបក្សនយោបាយទាំងអស់ ធ្វើការប្រមូលផ្តុំ ឬការហែក្បួននៅតាមទីតាំងសាធារណៈឡើយ ប៉ុន្តែសាលារាជធានី អនុញ្ញាតឲ្យធ្វើសកម្មភាពផ្សេងៗនៅតាមទីស្នាក់ការ និងនៅតាមទីឯកជននានា។
លោក ឡុង ឌីម៉ង់ បញ្ជាក់ថា ប្រសិនបើCNRP នៅតែបន្តធ្វើសកម្មភាពឃោសនាផ្សេងៗនៅទីលានប្រជាធិបតេយ្យ នោះគឺជាសកម្មភាពដែលផ្ទុយនឹងបំរាមរបស់សាលារាជធានីភ្នំពេញ ហើយអាជ្ញាធរមានសមត្ថកិច្ច នឹងបញ្ឈប់រាល់ការឃោសនាទាំងអស់របស់គណបក្សនយោបាយ។ លោកបន្ថែមទៀតថា នៅព្រឹកថ្ងៃអង្គារនេះ សាលារាជធានីភ្នំពេញ បានប្រជុំជាមួយគណៈបញ្ជាការឯកភាពរាជធានី ដើម្បីរៀបចំផែនការការពារសម្រាប់យុទ្ធនាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនៅថ្ងៃខាងមុខនេះ។
ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ ដោយមានគណបក្សចំនួន៥ចូលរួម ក្នុងនោះរួមមាន គណបក្សប្រជាជនកម្ពុជា គណសង្គ្រោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ និងសាធារណរដ្ឋប្រជាធិបតេយ្យ៕

No comments:
Post a Comment
yes