កិច្ចប្រជុំមេដឹកនាំបណ្តាប្រទេសឧស្សាហកម្ម G7 នាពេលកន្លងទៅ
(រូបថតពី៖ theguardian.com)
ប្រទេសឧស្សាហកម្មជឿនលឿន G7 សម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ី ជាការឆ្លើយតបភ្លាមៗ កាលដែលរុស្ស៊ីបានធ្វើសមយុទ្ធនៅតាមព្រំដែនប្រទេសអ៊ុយក្រែន ដែលធ្វើឲ្យស្ថានការណ៍ឧបទ្វីបគ្រីមៀរ កាន់តែឡើងកំដៅ។
តាមសេចក្ដីរាយការណ៍ របស់បណ្ដាញផ្សាយព័ត៌មាន ឆាណែល ញូវ៍អេស៊ា បន្ទាប់ពីប្រទេសឧស្សាហកម្មជឿនលឿន G7 និងលោកខាងលិច សម្រេចយកវិធានការដូចនេះ គាបសង្កត់ទៅលើវិមានក្រឹមលាំង គេសង្កេតឃើញស្ថានការណ៍នៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន ជាពិសេសស្ថានការណ៍កងទ័ពកាន់តែឡើងកំដៅ ព្រោះតែ ពួកឧទ្ទាមចង់បំបែករដ្ឋដែលស្និទ្ធនឹងរុស្ស៊ី បង្កើនការវាយប្រហាររបស់ខ្លួនកាន់តែខ្លាំង។
នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ុយក្រែន អាល់ហ្សែនញី យ៉ាប់សេនយុ និយាយថា ប្រទេសរុស្ស៊ីកំពុងតែរំលោភលើប្រទេសអ៊ុយក្រែន ជាពិសេសបានរំលោភលើដែនអាកាសរបស់ប្រទេសលោកចំនួន៧ដងកាលពីយប់មិញ។ លោកបញ្ជាក់ថា នេះជាសញ្ញានៃការបង្កសង្គ្រាមមួយនៅក្នុងតំបន់។
បើទោះយ៉ាងនេះក្ដី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី សឺហ្គេឡារូស បានបង្ហាញកំហឹងភ្លាមៗប្រឆាំងនឹងប្រទេសលោកខាងលិច និងប្រទេសឧស្សាហកម្ម G7 ហើយព្រមានថា វិធានការនេះនឹងមិននាំមកនូវសន្តិភាពសម្រាប់អ៊ុយក្រែនឡើយ។
ខណៈដែលស្ថានការណ៍នៅឧបទ្វីបភាគខាងត្បូង ប្រទេសអ៊ុយក្រែន កាន់តែឡើងកំដៅ ប្រភពរបស់អ្នកកាទូតបានឲ្យដឹងថា ប្រេសិតរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ វីតាលី ចូគិន ត្រូវបានក្រុងម៉ូស្គូកោះហៅត្រឡប់មកកាន់ប្រទេសវិញជាបន្ទាន់។
សូមជម្រាបថា ស្ថានការណ៍នៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ដែលស្ថិតក្នុងស្ថានភាពបែបនេះ គឺភ្លាមៗបន្ទាប់ពីរុស្ស៊ីបានបើកធ្វើសមយុទ្ធព្រំដែន នៅតំបន់នោះ ដែលធ្វើឲ្យរដ្ឋាភិបាលអ៊ុយក្រែន បញ្ជូនកងទ័ពជាច្រើនពាន់នាក់ទៅប្រឈមមុខ។ ការដាក់ទណ្ឌកម្មរបស់លោកខាងលិច បានធ្វើម្ដងហើយទៅលើប្រទេសរុស្ស៊ី គឺករណីបញ្ឈប់ការទិញឧស្ម័នដែលបង្ហូរចេញពីតំបន់ស៊ីបេរី នៃប្រទេសរុស្ស៊ី។
អ្នកវិភាគព្រមានថា បើមិនមានភាពអត់ធ្មត់នឹងគ្នាទេ សង្គ្រាមអាចនឹងផ្ទុះឡើងលើឧបទ្វីបអ៊ុយក្រែនយ៉ាងជាក់ច្បាស់៕

No comments:
Post a Comment
yes