សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, May 6, 2014

សវនាការ​ជនជាប់ចោទ​២៣​នាក់បាន​ផ្អាក​ជា​ថ្មី​នៅ​រសៀល​នេះដោយ​ពុំ​មាន​លទ្ធផល​​


សវនាការ​លើ​ករណី លោក វ​ន់ ពៅ និង​ជនជាប់ចោទ​២២​នាក់ ទាក់ទង​នឹង​ការតវ៉ា​នៅ​រោងចក្រ​យ៉ាក​ជី​ង និង​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​ផ្អាក​ជា​ថ្មី​ទៀត​នៅ​ម៉ោង​៣ និង​៤៥​នាទី​រសៀល​នេះ ហើយ​នឹង​បន្ត​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា​ខាងមុខ​ទៀត​។​
​ក្រោយ​សវនាការ ជាង​៦​ម៉ោង​មក ជា​លទ្ធផល​នៅ​បន្ទប់​សវនាការ​ទីមួយ បាន​សួរចម្លើយ​ជនជាប់ចោទ​បាន ៧​នាក់  ក្នុងចំណោម​១០​នាក់ ចំណែក​បន្ទប់​សវនាកា​រ​ទី​ពីរ គឺ​បាន​បញ្ចប់​ការសួរចម្លើយ​ជនជាប់ចោទ​ទាំង ១៣​នាក់​។​
​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ លោក សំ សុគ​ង់ ឲ្យដឹង​ក្រោយបិទ​សវនាការ​ថា ដំណើរ​ជំនុំជម្រះ​នៅថ្ងៃនេះ ចៅក្រម លោក កែវ មុនី ហាក់​មាន​ភាពលំអៀង​ចំពោះ​ក្នុង​ការដាក់បន្ទុក និង​សម្ពាធ​លើ​កូនក្តី​លោក​ក្នុង​ការឆ្លើយ​សំនួរ ជាពិ​សេស​​គឺ​ភ័ស្តុតាង​ដែល​តំណាង​អយ្យការ​បានលើកឡើង​ ៖«ទាក់ទងនឹងភស្តុតាង ដែលលោក តំណាង​អយ្យ​ការ​បាន​លើកឡើង ឃើញថា ដូចខ្ញុំបានលើកឡើងនៅពេលសវនាការអញ្ចឹង ភស្តុតាងនេះ បើនិយាយពីភាពជឿជាក់ ក៏ដូចជាភស្តុតាងដែលដាក់បង្ហាញក្នុងពេលសវនាការនេះ គឺ​យើង​អត់​អាចទទួលយកបានទេ ព្រោះយើងអត់ដឹងថា ភស្តុតាងនេះ ដកហូតពីណាមកទេ។»
​ក្នុង​ការសាកសួរ​អស់​ពេល​ជាង​២​ម៉ោង នៃ​បន្ទប់​សវនាការ​ទីមួយ​នៅ​រសៀល​នេះ មាន​តែ​ជនជាប់ចោទ​មួយ​រូប​ប៉ុណ្ណោះ ឈ្មោះ សុគន្ធ សម្បត្តិ​ពិសិដ្ឋ អាយុ ៣១​ឆ្នាំ ជា​មន្ត្រី​ចងក្រង​នៃ​អង្គការ​ក្លា​រី បាន​ឆ្លើយតប​ការចោទប្រកាន់​។ ក្នុង​សវនាការ​នេះ តំណាង​អយ្យការ បាន​បង្ហាញ​រូបថត​ដាក់បន្ទុក លើ​ជនជាប់ចោទ​រូប​នេះ​ដោយ​មិន​បាន​ភ្ជាប់ ជាមុន​ក្នុង​សំណុំរឿង ដែល​នាំ​ឲ្យ​ជនជាប់ចោទ និង​មេធាវី​ការពារ​ក្តី បដិសេធចោល តែ​មិន​ត្រូវបាន​ចៅក្រម​ពិចារណា ដោយ​អះអាង​ថា ការបង្ហាញ​ភ័ស្តុ​​តាង​ជា​រូបថត​ដាក់បន្ទុក​នេះ មិន​ខុស​ពី​នីតិវិធី​ឡើយ ព្រោះ​រូបថត​នោះ ទើប​ទទួលបាន​អំឡុងពេល​ជំនុំជម្រះ​។ ដោយឡែក នៅពេល​មេធាវី ស្នើ​បង្ហាញ​វីដេអូ​ឃ្លីប ដើម្បី​ដោះ​បន្ទុក​វិញ​នោះ គឺ​ត្រូវបាន​ចៅក្រម​បដិសេធ ។​

​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស អង្គការ​លីកាដូ លោក អំ សំអាត ឲ្យដឹង​តាម​ការសងេ្កត​ក្នុង​សវនាការ​នេះ ឃើញថា ចៅក្រម​បាន​សួរ​នូវ​សំណួរ​ដដែល​ជា​ច្រើន​សារ ដែល​អាច​ជា​ចេតនា​ពន្យា​ពេល ជំនុំជម្រះ​ក្តី ខណៈ​ដែល​ការចរចា​ផ្នែក​នយោបាយ​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ នៅ​ជាប់គាំង​។ លោក​ស្នើ​ឲ្យ​តុលាការ​ពន្លឿន​និតីវិធី​ក្នុង​ការជំនុំជម្រះ ដោយ​អព្យាក្រិត្យ ដើម្បី​ឲ្យ​ជនជាប់ចោ​ទទាំ​ង​នោះ ទទួលបាន​សេរីភាព​វិញ ព្រោះ​ពួកគេ​មិន​ពាក់ព័ន្ធ​នឹង​ការបង្ក​ហិង្សា​នោះ​ទេ ៖«បើសិន​ជា​តុលា​ការ​ឈរ​លើ​ជំហរឯករាជ្យភាព ដើម្បីផ្តល់យុត្តិធម៌ យើងទាំងអស់គ្នា ដឹងហើយថា អ្នកទាំង២៣ គ្រាន់តែជាឧបករណ៍ ជាមធ្យោបាយ ឬជាកូនអុករបស់អ្នកនយោបាយទេ បើ​សិន​ជា​ធាតុ​ពិត​នៃបទល្មើស អ្នកទាំងអស់នោះ មិនមានការប្រព្រឹត្តបទល្មើសដូចការចោទជាក់ស្តែងទេ អញ្ចឹងបើសិនជាតុលាការឈរលើជំហរឯករាជ្យ ខ្ញុំជឿជាក់ថា អ្នកទាំងអស់នោះ នឹង​ត្រូវ​លើកលែងការចោទប្រកាន់ ហើយនឹងមានសេរីភាពឡើងវិញ។»
​ទន្ទឹម​នឹង​ការរង់ចាំ​សវនាការ​ជំនុំជម្រះ លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ជា​ជនជាប់ចោទ​មួយរូប​ដែល​នោះ ឲ្យដឹងថា លោក ត្រូវការ​សេរីភាព និង​យុត្តិធម៌ ដើម្បី​ទៅ​ព្យាបាល​ជំងឺ និង​បន្ត​រក​យុត្តិធម៌​ក្នុង​សង្គម​។​
​គួរបញ្ជាក់​ថា ជនជាប់ចោទ​ទាំង​២៣​នាក់​នោះ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែ​មករា នៅ​ពេល​ដែល​ពួកគេ​ឃ្លាំមើល និង​ចូលរួម​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ​ដល់​កម្មករ នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង​។ ពួកគេ រង​នូវ​ការចោទប្រកាន់ ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​​ទម្ងន់​ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ក្នុង​នោះ​កម្មករ​ម្នាក់​ដែល​ជាប់​ឃុំ និង​ពីរ​នាក់ ដែល​ត្រូវបាន​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ត្រូវបាន​ចោទប្រកាន់​ថែម​ពីរ​ករណី​ទៀត ពី​បទ​ប្រមាថ​មន្ត្រី​សាធារណៈ និង​បង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ​៕

No comments:

Post a Comment

yes