សង្គមស៊ីវិលថ្កោលទោសការអនុម័តច្បាប់ទាក់ទងកំណែទម្រង់ប្រព័ន្ធតុលាការ
សង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន៩ នៅថ្ងៃចន្ទនេះ
បានថ្កោលទោសបក្សកាន់អំណាចដែលជំរុញឲ្យមានការអនុម័តច្បាប់
ស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការ
ខណៈបក្សប្រឆាំងនៅបន្តធ្វើពហិកាប្រជុំសភា។
សេចក្តីថ្លែងការណ៍រួម របស់ក្រុមអង្គការសង្គមស៊ីវិល ចុះថ្ងៃទី២៦
ខែឧសភា ឆ្នាំ២០១៤នេះ ឲ្យដឹងថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤
រដ្ឋសភាដែលមានតែតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា
បានអនុម័តសេច្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គតុលាការ
សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃអង្គចៅក្រម និងព្រះរាជអាជ្ញា
សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ
និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ក្រុមអង្គការសង្គមស៊ីវិល
ដែលមានគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ
សមាគមការពារសិទ្ធិមនុស្សកម្ពុជា(CHRAC)
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCRH)គណៈកម្មការអ្នកច្បាប់អន្តរជាតិ
(ICJ)សមាគមអាដហុក និងអង្គការមួយចំនួនទៀត ឲ្យដឹងទៀតថា
ច្បាប់នោះនឹងផ្តល់អំណាចកាន់តែទូលំទូលាយដល់ឧត្តក្រុមប្រឹក្សានៃ
អង្គចៅក្រម ដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រួតលើចៅក្រម
និងព្រះរាជអាជ្ញា នឹងធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការ។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ស្នើឲ្យព្រឹទ្ធសភា
ពន្យាពេលអនុម័តសេចក្តីព្រាងច្បាប់ទាំង៣នេះ
និងស្នើឲ្យមានការពិគ្រោះយោបល់ជាមួយសាធារណៈជនសង្គមស៊ីវិលនានា
ដើម្បីធានាថាច្បាប់ទាំងនេះអនុលោមតាមបទដ្ឋានអន្តរជាតិ។
ច្បាប់ស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការនេះ
ក្រុមអង្គការសង្គមស៊ីវិល ធ្លាប់ស្នើឲ្យរដ្ឋាភិបាល
ពន្យាពេលបញ្ជូនមកសភាអនុម័ត
ដើម្បីប្រមូលយកអនុសាសន៍បន្ថែមពីសង្គមស៊ីវិល និងគណបក្សសង្គ្រោះជាតិ
ដែលបានឈ្នះការបោះឆ្នោតនីតិកាលទី៥នេះផងដែរ
ដើម្បីធានាថាច្បាប់មិនបំរើប្រយោជន៍ឲ្យតែមនុស្សមួយក្រុម។
ទោះជាយ៉ាងនេះក្តី សំណើនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ច្រានចោលដោយអះអាងថា រដ្ឋធម្មនុញ្ញមិនតម្រូវឲ្យធ្វើបែបនេះ ។
យ៉ាងណាក៏ដោយក្រុមអង្គការសង្គមស៊ីវិល បានចាត់ទុកថា
សេចក្តីព្រាងច្បាប់ស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការ
ដែលសភាបានអនុម័តនេះ បំពានលើគោការណ៍នៃការបែងចែកអំណាច
និងឯករាជ្យភាពរបស់តុលាការដែលចែងក្នុងមាត្រា៥១ មាត្រា១២៨
និងមាត្រា១៣២នៃរដ្ឋធម្មនុញ្ញ។ ព្រមគ្នានោះ
ក៏បំពានលើច្បាប់និងបទដ្ឋានអន្តរជាតិមួយចំនួន
នៃកតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ
ដែលធានាអំពីសាលាជម្រះក្តីឯករាជ្យ និងឥតលម្អៀង៕
No comments:
Post a Comment
yes