តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចាប់ខ្លួន
លោក អឿ ណាឬទ្ធិ ប្រធានចលនាមហាជន ដែលត្រូវបានចាប់ខ្លួន
ប្រទេសកម្ពុជា ដែលដឹកនាំរដ្ឋាភិបាលដោយគណបក្សប្រជាជន និងមានលោក ហ៊ុន សែន ជា
នាយករដ្ឋមន្រ្តី កាន់តែបង្ហាញពីការរំលោភសិទ្ធិមនុស្ស
និងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យក្នុង ប្រទេសនេះយ៉ាងគំហុក
និងការទាញកម្ពុជាវិលទៅរករបបផ្តាច់ការ ។
ការមើលឃើញបែបនេះ គឺនៅបន្ទាប់ពីគណបក្សប្រជាជន មិនបានកែប្រែឥរិយាបទ ចាប់ដៃខ្មែរ
រួមសាមគ្គីគ្នាកសាងជាតិ លទ្ធិប្រជាធិបតេយ្យ បែជាយកខ្មែរគ្នាឯងធ្វើជាសត្រូវ ។
ទាំងនេះ គឺបានបង្ហាញឲ្យឃើញយ៉ាងច្បាស់បន្ថែមទៀត កាលពីថ្ងៃទី១៥ កក្កដា ២០១៤ គណបក្សប្រជាជន
បានប្រើពួកបាតដៃទី៣ ដែលជាសន្តិសុខខុសច្បាប់ បង្កើតឡើងដោយសាលាក្រុងភ្នំពេញ បានបើកការវាយប្រហារមកលើពលរដ្ឋ
និងយុវជន ដែលគ្រាន់តែធ្វើការតវ៉ាទាមទារឲ្យមានការបើកទីលានប្រជាធិបតេយ្យ
ដែលត្រូវបានរដ្ឋាភិបាលឯកបក្សលោក ហ៊ុន សែន ហ៊ុំព័ទ្ធដោយបន្លាលួស
អស់រយៈពេលជាង៧ខែមកហើយនោះ ។
ក្នុងព្រឹត្តិការនេះផងដែរ សន្តិសុខខុសច្បាប់របស់សាលាក្រុង
បានបើកការវាយប្រហារមកលើពលរដ្ឋ និងយុវជនភ្លាមៗដោយតំបងព្រនង់ បន្ទាប់ពីពួកគេបានយកក្រឡាត់ព័ណ៌ស
និងព័ណ៌លឿងទុំអមដោយអក្សរទាមទារឲ្យមានការបើកទីលានប្រជាធិបតេយ្យទៅបំពាក់លើបន្លាលួស
និងការឃាត់ខ្លួនអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិចំនួន៣រូបនៅស្ពាននាគ បន្ទាប់ពីការប្រកាសរំសាយការតវ៉ាទាមទារឲ្យមានការបើកទីលានប្រជាធិបតេយ្យ
គឺលោកស្រី មូរ សុខហួរ លោក កែវ ភិរម្យ និងលោក ម៉ែន សុថាវរិន្ទ្រ
និងឈានដល់ការឃាត់ខ្លួនលោក ហូរ វ៉ាន់
នៅម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី១៥ កក្កដា
គ្រាដែលលោកទៅតាមដាន់អង្កេតការនាំខ្លួន
និងការសួរនាំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង៣រូប នៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ
។
បន្ទាប់មកនៅវេលាម៉ោង២យប់ ឈានចូលថ្ងៃទី១៦ កក្កដា កម្លាំងសមត្ថកិច្ចក៏បានចាប់ខ្លួនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ
ខេត្តស្វាយរៀង១រូបទៀតលោក រៀល ខេមរិន្ទ្រ ដែលបច្ចុប្បន្នតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទាំង៥រូប
កំពុងត្រូវបានសួរនាំនៅតុលាការក្រុងភ្នំពេញ ។
ជាមួយគ្នានេះ នៅវេលាម៉ោង១១ ព្រឹកថ្ងៃទី១៦ កក្កដា ២០១៤ លោក អឿ ណាឬទ្ធិ ប្រធានចលនាមហាជន
ក៏ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនផងដែរ ។
ក្នុងនោះស្ថិតនៅក្នុងអំឡុងពេលឃាត់ខ្លួន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទាំងអស់
ត្រូវបានសមត្ថកិច្ចវាយខ្នោះដៃមកក្រោយ ប្រៀបបីដូចជាឧក្រិដ្ឋជន
ដែលមានទោសយ៉ាងធ្ងន់ធ្ងរ ហើយទង្វើរបស់សមត្ថកិច្ចខាងលើដែលបានធ្វើមកលើតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ
ត្រូវបានប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អង្គការសង្គមស៊ីវិល មហាជនទូទៅ
បានថ្កោលទោសយ៉ាងដាច់អហង្កា និងអំពាវនាវឲ្យមានការដោះ លែងពួកគាត់ជាបន្ទាន់
ដោយឥតលាក់ខ័ណ្ឌ ។
ជាមួយគ្នានេះ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ក៏បានធ្វើការព្រមមានផងដែរថា
ក្នុងករណីមិន មានការដោះលែងតំណាងរាស្រ្តទាំង៥រូប ប្រសិនបើមានការងើបឡើងរបស់ពលរដ្ឋម្ចាស់ឆ្នោត
ធ្វើការតវ៉ាដោយប្រការណាមួយនោះ គណបក្សប្រជាជនគឺជាអ្នកទទួលខុសត្រូវទាំងស្រុង ព្រោះ
បញ្ហាទាំងអស់គឺគណបក្សប្រជាជនជាអ្នកបង្ករ ។
គួរជំរាបជូនផងដែរ ក្នុងខណៈដែលតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ
ទាំង៥រូបកំពុងស្ថិតនៅ ក្នុងការសាកសួរនៅតុលាការសាលាដំបូងក្រុងភ្នំពេញ នៅថ្ងៃទី១៦
កក្កដា ២០១៤ ទាំងតំណាង រាស្រ្តគណបក្សសង្គ្រោះជាតិ សមាជិកព្រឹទ្ធសភា គណបក្ស សម
រង្ស៊ី សមាជិកគណបក្សសង្គ្រោះជាតិ អង្គការជាតិ និងអន្តរជាតិ ពលរដ្ឋម្ចាស់ឆ្នោត
បាននាំគ្នាទៅកាន់តុលាការសាលាដំបូងក្រុងភ្នំពេញ ដើម្បីតាមដានការសាកសួររបស់តុលា
និងការចាប់ខ្លួនអ្នកតំណាងរាស្រ្តគណបក្ស សង្គ្រោះជាតិ ។
ព្រមជាមួយគ្នានោះ ពលរដ្ឋដែលចូលរួមតាមដានព្រឹត្តិការណ៏នេះ
មានទាំងការកាន់បដាស្ទើរគ្រប់ដៃ ដោយសរសេរនិងស្រែកទាមទារឲ្យមានការដោះលែងតំណាងរាស្រ្តគណបក្សសង្គ្រោះ
ជាតិ ដោយពួកគេលើកឡើងថា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ គឺគ្មានកំហុសនោះទេ ។
ទាំងនេះហើយបង្ហាញឲ្យឃើញថា ទាំងតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ
សមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ទាំងសមាជិកគណបក្សសង្គ្រោះជាតិ យុវជន
អង្គការសង្គមស៊ីវិល ពលរដ្ឋ ម្ចាស់ឆ្នោត មិននៅព្រងើយកន្តើយ
ចំពោះទង្វើរំលោភសិទ្ធិអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ
ចំពោះការចាប់ខ្លួនពួកគាត់ពីសំណាក់សមត្ថកិច្ចនោះឡើយ គឺពួកគាត់ស៊ូរហូតដល់កំណាក់
ការចុងក្រោយដើម្បីផ្តល់យុត្តិធម៌ជូនអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
និងដើម្បីនាំលទ្ធិប្រ ជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស មកកម្ពុជា
ដើម្បីឲ្យប្រទេសកម្ពុជាមួយនេះ ក្លាយទៅជាប្រ ទេសនីតិរដ្ឋពិតប្រាកដ ។
គួរំរាបជូនថា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន
រួមមានលោកស្រី មូរ សុខហួរ តំណាងរាស្រ្តជាប់ឆ្នោត ខេត្តបាត់ដំបង ប្រធាន អគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ
និងជាគណៈកម្មាធិការអចិន្ត្រៃគណបក្ស លោក ហូរ វ៉ាន់ តំណាងរាស្ត្រជាប់ឆ្នោត
មណ្ឌលភ្នំពេញ អនុប្រធានគណៈកម្មាធិការវិន័យ
និងជាគណៈកម្មាធិការអចិន្ត្រៃគណបក្ស លោក
ម៉ែន សុថាវរិន្ទ្រ តំណាងរាស្រ្តជាប់ឆ្នោត ខេត្តកំពង់ធំ និងជាសមជិកគណៈកម្មាធិការអចិន្ត្រៃគណបក្ស
លោក កែវ ភិរម្យ តំណាងរាស្រ្តជាប់ឆ្នោត ខេត្តក្រចេះ និងជាសមាជិកគណៈកម្មាធិការនាយកគណបក្ស
និងលោក រៀល ខេម រិន្ទ្រ តំណាងរាស្រ្តជាប់ឆ្នោត ខេត្តស្វាយរៀង និងជាសមាជិកគណៈកម្មាធិការនាយកគណបក្ស
ព្រមជាមួយយុវជនមួយរូបទៀត លោក អឿ ណាឬទ្ធិ ប្រធានចលនាមហាជន
ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ កក្កដា ២០១៤នេះ ៕
No comments:
Post a Comment
yes