សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 1, 2015

អ្នកនយោបាយដែលឆ្លាត គឺគិតពីប្រយោជន៏ជាតិ និងប្រជាពលរដ្ឋជាធំ មិនមែន​អំណាចបុគ្គល ឬការយកបញ្ហាផ្ទាល់ខ្លួន ដើម្បីបំបាត់សេរីភាព និងលទ្ធិប្រជាធិប​តេយ្យ នោះឡើយ

 
ដោយ៖វីរជន

អ្ននយោបាយដែលឆ្លាត គឺជាអ្នកនយោបាយ សង្គ្រោះ បម្រើ ការពារ និងគិតពីផលប្រយោជន៏​របស់ជាតិ ព្រមទាំងប្រជាពលរដ្ឋម្ចាស់អំណាចជាធំ មិនមែនគិតតែពីអំណាចបុគ្គលរបស់ខ្លួន ហើយ​បង្កើតអោយមានអស្ថេរភាពនយោបាយ និងបញ្ហាសង្គមមិនអំណោយផលនោះឡើយ​ ។

យ៉ាងណាម៉ិញ សម្រាប់ស្ថានការណ៏នយោបាយនៅកម្ពុជា​មួយរយៈពេលចុងក្រោយនេះ ក្រោយ ពីការ​រាំងខ្ទប់លោកប្រធាន សម រង្សី ដោយតុលាការ ការរងឥទ្ធិពលនយោបាយ ដែលបាន​កាយ​គាស់​រឿងបណ្តឹង ដែលបានផុតរលត់ដោយព្រះរាជទានលើកលែងទោសទៅហើយ ត្រូវគេ​គិត​ថា​ជាបំណងធ្វើអោយលោកប្រធាន សម រង្ស៊ី នឹងមិនហ៊ានចូលស្រុក ជាអ្នកដឹកនាំកំសាក និងធ្វើ​អោយបក្សសង្គ្រោះជាតិ មានការចុះខ្សោយ ឬបែកបាក់ ។ល។ និង ។ល។ ដែលគណបក្សប្រជា​ជន ចង់បានក្នុងគូបដិបក្សនយោបាយ  ប៉ុន្តែធាតុពិត វាមិនតាមតែបំណងប្រាថ្នា ដែលលោក​ ហ៊ុន សែន ចង់បានដូចយុទ្ធសាស្រ្តចេ្រះស៊ីដែក ឬ Defeated បំបែកនិងកំទិច Funcipec និងខ្មែរ​ក្រហម ក្នុងពាក់កណ្តាលទស្សវត្តឆ្នាំ៩០នោះទេ ។


ផ្ទុយទៅវិញលោក ហ៊ុន សែន ត្រូវរងការរិះគន់ពីទង្វើរនៃការដឹកនាំបែបហឹង្សា ដោយសហគមន៏​ជាតិ ពិសេសសំពាធពីអន្តរជាតិ មិនថាអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក អូស្រ្តាលី និង​សហគមន៏អឺរ៉ុប ដែលបានប្រតិកម្ម​ ចំពោះករណី លោកប្រធាន សម រង្សី និងមន្រ្តី សកម្មជន​បក្ស​សង្រ្គោះជាតិ ដោយអោយរដ្ឋាភិបាលលោក ហ៊ុន សែន ​គិតគូរពីការទម្លាក់ចោល ចំណាត់កា​រ​នេះ​ ដើម្បីអោយស្ថានការណ៏ត្រឡប់ទៅរកប្រក្រតីភាពដើមឡើងវិញ ។

ចំណោទបញ្ហានេះ តើលោក​ ហ៊ុន សែន គិតដើរទៅមុខទៀតដោយរបៀបណា ពីស្នៀតយុទ្ធ សាស្រ្ត​នយោបាយរបស់ខ្លួន ជាមួយសហគមន៏អន្តរជាតិ ថាតើលោក ហ៊ុន សែន អាចរឹងរួស​ឬ​ផ្គើន​​ជា​មួយ​ប្រទេសម្ចាស់ជំនួយ និង ប្រទេសដែលអោយកម្ពុជារួចពន្ធនាំទំនិញចូល ។ បើលោក ហ៊ុន សែន ថាមិន​ខ្វល់នឹងជំនួយ អោយឬមិនអោយ ដែលដាក់លក្ខខ័ណ្ឌ ដោយមាន​មហា​មិត្ត​ចិន​ជួយ ​ព្រោះ​បានឈ្នះគូប្រកួតនយោបាយ លោកប្រធាន សម រង្សី រីឯការដកលោក អនុប្រធាន កឹម សុខា ចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា ក៏បានសម្រេចតាមបំណងប្រាថ្នា​របស់ខ្លួន ​ក្រោយ​ពី​ការ​គំរាមដក៣ដងរួចមក និង ការចាប់មន្រ្តី សកម្មជនបក្សសង្គ្រោះជាតិ  ដាក់ពន្ធនាគារ​ជា​ចំ​ណាប់​ខ្មាំងនយោបាយ ក៏បានហើយដែរ ទោះតាមរូបភាពបាតុកម្មបែបហឹង្សា តាមកងកម្លាំង​ប្រដាប់អាវុធក្តី និងតាមប្រពន្ធ័តុលាការជាដើម ដើម្បីបង្ហាញឥទ្ធិពលជាព្រះឥន្ធ នៃជំរុំទេវតា ក្នុង​ការ​គៀបសង្កត់ ទៅលើជំរុំព្រះអាទិត្យ អោយចុះយ៉ម និងធ្វើតាមខ្លួនចង់បាននោះ តើការធ្វើទង្វើរ ហឹង្សានយោបាយយកប្រៀបរបស់លោក ហ៊ុន សែន នឹងចេះតែជោគជ័យជារៀងរហូតដែរទេ? ដែលនេះជាបញ្ហានៃសំនួរ ។

សូមរំលឹកថា រាស្រ្តខ្មែរចាញ់ ព្រោះគេមិនអោយអំណាច សហគមន៏អន្តរជាតិ បានសន្យាផ្តល់​ជំ​នួយ​ដោយអនុឡោម តាមកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលកម្ពុជា ត្រូវបានធានា និងការការពារ ផ្នែកសិទិ្ធសេរីភាព លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ជាមួយការចូលរួម ការកសាងអភិវឌ្ឍន៏កម្ពុជា នៃប្រទេសចុះហត្ថលេខី ដោយមាន​ការ​​ ដាក់តាមដាន និងឃ្លាំមើលដោយតំណាងពិសេសរបស់​ អគ្គលេខាធិការអង្គការ​សហប្រជា​ជាតិ ប្រចាំកម្ពុជា ផងដែរ ។ ដូច្នេះហើយចាប់តាំងពីក្រោយការបោះឆ្នោត ឆ្នាំ១៩៩៣ កម្ពុជាបាន​ទទួលជំនួយ ពីប្រទេស​ចុះ​ហត្ថលេខី រាប់រយលានដុល្លាក្នុងមួយឆ្នាំៗ សំរាប់ការអភិវឌ្ឍន៏ហេដ្ឋា​រចនា​សម្ពន្ធ័ និងកំណែទម្រង់​អភិ​បាល​កិច្ចល្អជាដើម ។

បែរត្រឡប់មកវិញ នៅរដូវត្រីមាសទី៤ ឆ្នាំ២០១៤ ស្ថានការណ៏នយោបាយ ដែលបាន​ប្តូរទិស​ពី​វប្បធម៌សន្ទនា ទៅជាវប្បធម៌សងសឹក តាមរយះការប្រើអំណាចហួសព្រំដែន ​រំលោភទៅ​លើ​អំ​ណាចនីតិបញ្ញត្តិ និងនីតិតុលាការ ដោយអំណាចប្រមូលផ្តុំទៅលើព្រះឥន្ធ មកពីជំរុំទេវតា រុកគួន​ទៅគណបក្សសង្គ្រោះជាតិ  ដែលជាការធ្វើអោយផុយស្រួយ ​ស្រុតចុះដល់គោលការណ៏​ប្រជា​ធិប​តេយ្យ ងាយនឹងធ្លាក់ចូលទៅរកការដឹកនាំរដ្ឋដោយឯកបក្ស ។

ការព្រួយបារម្ភនេះ វាកើតមានតាំងពីក្រោយព្រឹត្តិការណ៏​រដ្ឋប្រហារបង្ហូរឈាមគ្នា​ រវាងកងកម្លាំង​ប្រដាប់អាវុធ ដែលស្មោះស្ម័គ្រលោក ហ៊ុន សែន និងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ កាលពី១៨​ឆ្នាំ​មុន ដែលអំណាចលោក ហ៊ុន សែន ចេះតែបង្កបញ្ហាដោយរបៀបនេះ ទៅលើគូប្រឆាំង​នយោ​បាយ អ្នកតស៊ូមតិ អ្នកប្រជាធិបតេយ្យ និងគណបក្សប្រឆាំង តាមរយះកា​រគំរាមកំ​ហែង​ដោយ សម្លាប់ និងចាប់ដាក់គុកជាដើម ។

ដើមចមជាហេតុបច្ច័យនេះហើយ ដែលធ្វើអោយកំដៅនយោបាយ ជម្លោះរវាងលោក ហ៊ុន សែន និង លោកប្រធាន សម រង្សី ចុងក្រោយនេះ ​ត្រូវធ្លាក់ដល់ដៃនៃសហគមន៏អន្តរជាតិ​ ដែលជា​ប្រ​ទេស ម្ចាស់ផ្តល់ជំនួយអោយកម្ពុជា មានការបារម្ភយ៉ាងខ្លាំង ពីគ្រោះថ្នាក់របស់កម្ពុជា នូវរាល់​បញ្ហា​​សិទ្ធិ​មនុស្ស និងលទ្ធិប្រជាធិបតេយ្យ ទើបពួកគេចេញមុខ មកធ្វើការព្រមាន ដាក់សំពាធ និង​ថ្កោល​ទោសរដ្ឋាភិបាលកម្ពុជា ជាពិសេសលោក ហ៊ុន សែន អោយងាកទៅរក​តុចរ​ចាដោ​យ​សន្តិ​វិធី​តាម​រយះវប្បធម៌សន្ទនា ដែលគណបក្សទាំងពីរ មាន អសនះក្នុងរដ្ឋសភាបាន​ព្រមព្រៀង​ចាប់​ដៃគ្នា​ជជែក​កន្លង​មក ដើម្បីប៉ះពៅស្ថានការណ៏ ដែលឡើងកំដៅនេះ អោយវិលទៅរកប្រក្រតី​ភាព​​​ជាធម្មតា​ឡើង​វិញ ។

មួយវិញទៀត បើសិនជំនួយត្រូវបានកាត់ផ្តាច់មែន គឺលោក ហ៊ុន សែន ឈ្នះ រាស្រ្តជាអ្នកចាញ់ រដ្ឋា​ភិ​បាលលោក ហ៊ុន សែន​ អាចមិនដើរទៅមុខ ព្រោះកង្វះថវិកាជាតិ ដែលមួយឆ្នាំៗ​ត្រូវការ​ប្រាក់​បំ​ពេញ​ ជាងមួយពានលានដុល្លារអាមេរិក ហើយសង្គមអាចចលាចល ដោយប្រការផ្សេងៗ អ្នក​វិនិ​យោគទុន ផ្អាកសកម្មភាពរកស៊ី ឬមិនចូលមកដាក់ទុនធ្វើជំនួញ ជាដើម ។

តើលោក ហ៊ុន សែន អាចពឹងពាក់លើចិនដោយសង្ឃឹមថា​ ចិន​ជួយកំដរដៃខ្លួន ​អោយដឹកនាំ​បន្ត​ទៅ​​មុខក្នុងភាពអាម៉ាស់ នៅលើឆាកអន្តរជាតិ ជាមួយកម្ពុជាបានទេ បើចិន ត្រូវការទីផ្សារអឺរ៉ុប អាមេរិក និងអូស្រ្តាលី សំរាប់សេដ្ឋកិច្ចរបស់ខ្លួនដែរនោះ ។

កាលណា បើឈានទៅដល់ការផ្តាច់ជំនួយហើយ វាក៏អាចឈានបន្តទៅរកការកាត់​ផ្តាច់​កូតា​ រួច​ពន្ធ​​ទំនិញចូលសហគមន៏អឺរ៉ុបផងដែរ ហើយក៏នឹងរីករាលដាលដល់សហរដ្ឋអាមេរិ​ក ក៏នឹងអាច​បញ្ឈប់​កូតា នាំចូលសម្លៀកបំពាក់ពីកម្ពុជាក៏ថាបាន ។ តើហេតុអីទៅ បើធ្វើយ៉ានេះ វាមិន​ស្លាប់​ខ្មែរ​​​​មួយ​ន​គរ​ហើយទេ ទៅនឹងផលប៉ះពាល់ជីវភាព រស់នៅផ្ទាល់ ឬជាប្រយោលតាម​កម្មវិធី​អភិ​វឌ្ឍ​ន៏​ជនបទរបស់រដ្ឋ ឬអង្គការនានា តាមការផ្តាច់ជំនួយនោះ ។

គួរជំរាបថា ព្រះរាជាណាចក្រកម្ពុជាថ្មី ដ៏អភព្ធ័ក្រីក្រនៅអាស៊ីមួយនេះ ដែលបាន​រើស​បំ​រ៉ាស់ ចេញ​ពី​នឹម​ត្រួតត្រា​ អាណានិគមន៏កុម្មុយនីស៏ ជាច្រើនទស្សវត្ត ​ដោយកិច្ចព្រមព្រៀ​ង​សន្តិ​ភាព ទីក្រុង​ប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្រោមការបោះឆ្នោត រៀបចំឡើងដោយ UNTAC នៅ​ឆ្នាំ១​៩​៩៣ ដែលជ្រើសរើសយករបបប្រជាធិបតេយ្យ សេរីពហុបក្ស ផ្តល់សិទ្ធិ និងសេរីភាពអោយ​ពលរដ្ឋ ជាម្ចាស់អំណាច ជ្រើសរើសអ្នកដឹកនាំអោយបំរើរាស្រ្ត ។

សហគមន៏អន្តរជាតិ ប្រទេសហត្ថលេខី ម្ចាស់ជំនួយ នឹងមិនឈរអោបដៃមើល​ ដោយ​គ្មាន​វិធាន​ការណ៏ណា ហើយចេះតែទុកអោយលោក​ ហ៊ុន សែន ដឹកនាំរបៀបជិះសេះលេង ដៃតាមតែអំពើ​ចិត្ត ជិះជាន់នោះទេ ព្រោះកម្ពុជា​ បានទទួលជំនួយកសាងសង្គមជាតិរបស់ខ្លួន ពីសហគមន៏អន្តរ​ជាតិ តាំងពីឆ្នាំ១៩៩៣ មកដល់សព្វថ្ងៃ មានទំហំទឹកប្រាក់រាប់ម៉ឺន លានដុល្លារហើយ ដូច្នេះ​ប្រ​ទេស​ម្ចាស់ជំនួយ គេមិនអោយថវិកា សេរីភាពរបស់ពួកគេ ​បាត់អាសារបង់ជាមួយ​ការផុតរលត់​ប្រ​ជាធិបតេយ្យសូន្យឈឹងពីកម្ពុជានោះទេ ព្រោះវាជាជំនួយប្រកបដោយគុណធម៌ ​បែបមនុស្ស​ធម៌ សំរាប់ជីវិតខ្មែរក្រីក្រ ។

សរុបមកវិញ គឺអ្វីៗនិងវិលទៅរកស្ថានការណ៏ដើម ដោយឈរលើគោលការណ៏វប្បធម៌សន្ទនា វាអាស្រ័យលើលោក ហ៊ុន សែន ប្រសិនបើរូបលោកមានឆន្ទះនយោបាយ គិតប្រយោជន៏ជាតិ និងពលរដ្ឋ ពិតប្រាកដ មាននយោបាយឈ្នះៗ រាស្រ្តមិនស្លាប់ ហើយ​គណបក្សប្រឆាំង ​មិន​រ​ង​គ្រោះ​តាមល្បែងប្រជាធិបតេយ្យ ដែលជាផ្លូវកណ្តាលមិនបាក់មុខមាត់ ឬអាម៉ាស់អ្វីឡើយ  បើ​អ្នក​ដឹកនាំត្រូវគ្នា ឯកភាពកសាងជាតិ តាមមាគ៌ា ចាប់យកបញ្ញាដោះ​បញ្ហា ក្នុងការនាំផ្លូវសេរីភាព ដែលជាផ្លូវដ៏ល្អបំផុតឆ្ពោះទៅរកការរីកចំរើន ដោយងាកទៅរកកិច្ចព្រមព្រៀងរវាងគណបក្ស​ទាំង​ពីរ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ឡើងវិញ ហើយ​បង្ហាញស្មារតីជាតិ នោះការដោះស្រាយ ពិត​ជាអាចបញ្ចប់បានទាំងហេតុផលនយោបាយ ហេតុ​ផលតុលាការក្តី ព្រោះបញ្ហា វាកើត​ចេញ​ពី​ទំ​នាស់នយោបាយ ទើបនាំទៅដល់អង្គតុលាការ តាម​រយះ​បណ្តឹងអាជ្ញា ដែលរដ្ឋ ឬបុគ្គល​ប្តឹង​ប្តល់ អាចបញ្ចប់ទៅបានតាមនីតិវិធី ដោយភាពស្មោះ​ត្រង់នឹងគ្នា ដែលលោកប្រធាន សម រង្សី លោក​អនុប្រធាន កឹម សុខា នឹងត្រឡប់​ទៅរដ្ឋសភា​វិញ​ ព្រោះការដកហូតតំណែង និងអភ័យ​ឯក​សិទ្ធិ ចំពោះរូបលោកទាំងពីរ វាជារឿងខុសនីតិវិធី ដែល​រំលោភច្បាប់រដ្ឋធម្មនុញ ហើយមន្ត្រី និង​សកម្ម​ជ​នគណបក្សសង្គ្រោះជាតិ ដែលជាប់ពន្ធនាគារ ក៏​នឹងត្រូវដោះលែង តាមផ្លូវលើក​លែង​ទោស​ពីព្រះមហាក្សត្រ​ដោយគ្មានការំលោភអំណាច​នីតិ​តុលា​ការឡើយ តាមរយះការ​សម្បទាន​ស្នើ​សុំពី​លោក ហ៊ុន សែន ។


ដូច្នេះ ទិដ្ឋភាពខាងលើនេះ នឹងឆ្លុះបញ្ចាំងអោយពលរដ្ឋខ្មែរមើលឃើញ​ ហើយលែង​បង្ហូរ​ទឹក​ភ្នែក​ពីការរងទុក្ខបុកម្នេញ នៃវិបត្តិសង្គម ហើយពលរដ្ឋដែលជាម្ចាស់អំណាច ​នឹង​ចាំដាក់ពិន្ទុះអោយ​តាម​រយះសន្លឹកឆ្នោត ចំណែកឯប្រទេសផ្តល់ជំនួយ​ក៏សប្បាយចិត្ត​ នឹងបន្ត​ការជួយជំនួយ​តទៅ​មុខ​ទៀត នៅពេលដែលកម្ពុជាមាននីតិរដ្ឋពិតប្រាកដ ទាំងនេះ គឺជាអ្វីដែល​គណ​បក្ស​សង្គ្រោះ​ជាតិ កំពុងបំពេញ​ និងតស៊ូពុះពាររហូតមក ដើម្បីស្ថេរភាពសង្គម និងនយោ​បាយនៅកម្ពុជា​ សម្រាប់​ជាប្រយោជន៏ជាតិ និងពលរដ្ឋ គោរពតាមស្មារតី និងឆន្ទៈរបស់ពលរដ្ឋជាម្ចាស់អំណាច ដោយ​​ការ​ធ្វើដំណើរទៅរកការបោះឆ្នោត ដើម្បីផ្លាស់ប្តូរ ដោយសន្តិវិធី និងអហិង្សា ៕