សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 24, 2011


កាដាហ្វ៊ី អំពាវនាវឲ្យអ្នកកាន់សាសនា អ៊ីស្លាម ប្រយុទ្ធ
ជាមួយលោក ប្រឆាំងលោកខាងលិច

ដោយ ឈាង បុប្ផា

នៅថ្ងៃ​អង្គារ​ទី ២២ មីនា គឺ នៅថ្ងៃ​ទីប្រាំ នៃប្រតិបត្តិការ​យោធា​របស់​កងទ័ព​សម្ព័ន្ធមិត្ត នៅលីប៊ី មេដឹកនាំ​ផ្តាច់ការ កាដាហ្វ៊ី​បាន​ចេញមុខ ​និយាយ​ទៅកាន់​អ្នក
គាំទ្រ​ថា លោក​មិនខ្លាច​ការវាយប្រហារ​របស់​ទ័ព​លោក​ខាងលិច។ នៅយប់ថ្ងៃ​អង្គារម្សិល​ដែរ កាដាហ្វ៊ី​ថែម​ទាំង​បាន​អំពាវនាវ​ឲ្យ​អ្នកកាន់សាសនា​អ៊ីស្លាម​ក្នុង​ ពិភពលោក​ចូលរួម​ជាមួយ​លោក​ប្រឆាំង​នឹងអ្វី​ដែល​លោក​ឲ្យ​ឈ្មោះ​ថា ជា​ការឈ្លានពាន​របស់​ពួកលោកខាងលិច​ក្នុង​ប្រទេស​កាន់​សាសនា​អ៊ីស្លាម។ ​ រដ្ឋមន្រ្តីការបរទេស​អាមេរិក លោកស្រី ហ៊ីលឡា គ្លីនតុន បាន​លើកឡើង​ព័ត៌មាន​ដែល​លោកស្រី​ទទួល​បាន​ថា អ្នកស្និទ្ធិ​នឹង​លោក​កាដាហ្វ៊ី​បាន​ទាក់ទង​ប្រទេស​ផ្សេងៗ​នៅអាហ្រ្វិក និង​នៅលោកខាងលិច​ដើម្បី​រកច្រកចេញ​ពីវិបត្តិ​លើកនេះ។
អ្នកជំនាញយោធា​របស់អង្គការអូតង់ លោក Pierre Saint Amand
និង​លោកស្រី Oana Lungescuអ្នកនាំពាក្យ​របស់អូតង់
​ថ្លែងពីសកម្មភាពរបស់អូតង់នៅលីប៊ី នៅក្នុងសន្និសីទកាសែតនៅទីក្រុងប្រ៊ុចសែល
នៅថ្ងៃ​ពុធ ទី ២៣ មីនា ២០១១
©REUTERS/Thierry Roge
​លោកកាដាហ្វ៊ី​ព្យាយាម​ដុត​កំហឹង​អ្នកកាន់សាសនា​អ៊ីស្លាម​ផ្សេងទៀត តាមរយៈ​ការបង្ហាញ​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ការវាយប្រហារ​របស់​ទ័ព​ អន្តរជាតិ។ បើតាម​អ្នកកាសែត​បរទេស​ប្រចាំការ​ក្នុង​ប្រទេស​លីប៊ី កាដាហ្វ៊ី​បាន​យកប្រជាជន​ទៅ ដាក់​ជិត​ទីតាំង​ទ័ព​របស់ខ្លួន កាន់តែច្រើន។ ដូច្នេះ ចង់មិន ចង់ បើសិន​យន្តហោះ​សម្ព័ន្ធមិត្ត​វាយប្រហារ​ទៅ​លើ​ទីតាំងយោធា គេ​បា្រកដ​ជា​ឃើញ​មាន​ប្រជាជន​រងគ្រោះមិនខាន។ ការបាត់បង់​ជីវិត​របស់ប្រជាជន​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ប្រទេស​ចូលរួម​ ប្រតិបត្តិការយោធា​នៅលីប៊ី​រារែក និង​មិន​វាយប្រហារ​ញឹកញាប់ពេក។
​ម្យ៉ាងវិញទៀត ការអំពាវនាវ​របស់​កាដាហ្វ៊ី​បាន​ទទួល​ចម្លើយ​ភ្លាម​ពី​ប្រមុខ​ដឹកនាំ​សាសនា​ អ៊ីស្លាម​នៅ​ប្រទេស​Tanzanie។ ក្នុង​ប្រទេស​Tanzanie ដែល​មាន​អ្នកកាន់​សាសនា​អ៊ីស្លាម ជាង ៣០​ភាគរយ ប្រមុខ​ដឹកនាំ​សាសនា​រូបនោះ​បានចាត់​ទុក​ប្រតិបត្តិការ​យោធា​របស់​សម្ព័ន្ធ​ មិត្ត​លោក​ខាងលិច ថា ជា​អំពើរបស់​ពួកព្រៃ និង​បាន​អំពាវនាវ​ឲ្យ​អ្នកកាន់សាសនា​អ៊ីស្លាម​នៅ​ Tanzanie​សាមគ្គី ចូលរួមប្រយុទ្ធ​ជួយ​លោក​កាដាហ្វ៊ី។ នៅ​ប្រទេស​ Tanzanie​គាំទ្រ​លោក​កាដាហ្វ៊ី ព្រោះថា លោក​កាដាហ្វ៊ី​ធ្លាប់​បាន​ផ្តល់​លុយច្រើន​ដើម្បី​សាងសង់​វិហារអ៊ីស្លាម​ ជាច្រើន​ក្នុង​ប្រ​ទេសនេះ។ វិហារ​សាសនា​មួយ​ថែម​ទាំង​ដាក់ឈ្មោះ​លោក​កាដាហ្វ៊ីទៀតផង។
​រឿង​ Tanzanie តែមួយ​គាំទ្រ​លោក​កាដាហ្វ៊ី​មិន​សូវ​ជាបញ្ហា​ប៉ុន្មានទេ ប៉ុន្តែ គេ​បារម្ភ ថា នឹង​អាច​មាន​ការប្រឆាំង​កាន់​តែច្រើន នឹង​ប្រតិបត្តិការ​យោធា​នៅលីប៊ី ជាពិសេស បើ​សិន​ជា​ពួកអ្នកកាន់​សាសនា​អ៊ីស្លាម​ជាច្រើន​យល់ឃើញ​ថា អន្ត​រាគមន៍​យោធា​របស់​អន្តរជាតិ ជា​ការឈ្លានពាន​របស់អ្នកកាន់សាសនា​គ្រិស្តរបស់​លោក​ខាងលិច។
​នៅថ្ងៃ​អង្គារ ទី ២២​មីនា មេដឹកនាំ​ប្រទេស​ទាំងបី​ អាមេរិក បារាំង និង​អង់គ្លេស បាន​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ និង​បាន​សម្រេចថា អូតង់​នឹង​ដឹកនាំ​ប្រតិបត្តិការ​យោធា​(ផ្នែក​បច្ចេកទេស) នៅលីប៊ី ប៉ុន្តែ ស្ថិតនៅក្រោម​ការសម្របសម្រួល​របស់​រដ្ឋមន្រ្តី​ការបរទេស​របស់​ប្រទេស​ សម្ព័ន្ធមិត្ត។ នៅថ្ងៃ​អង្គារ​ម្សិលមិញ​ដែរ អូតង់ ក៏​បាន​ចាត់វិធានការ​របស់ខ្លួន​ផងដែរ ដើម្បី​កុំ​ឲ្យ​មាន​ការដឹកអាវុធ​ចូល​លីប៊ី​ទៅ​តាម​ការដាក់ទណ្ឌកម្ម​សម្រេច​ ដោយ​អង្គការ​សហប្រជាជាតិ។
​ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃ​នេះ ទ័ពសម្ព័ន្ធមិត្ត​បាន​ជួយ​ពួកប្រឆាំង​មិន​ឲ្យ​រង​ការ​វាយប្រហារ​ពី​ទ័ពអាកាស​ កាដាហ្វ៊ី ប៉ុន្តែ ពួកប្រឆាំង​ដែល​ខ្សត់ខ្សោយ​ខាង​អាវុធ​យុទ្ធភណ្ឌ​នៅតែ​រងការវាយប្រហារ​ពី​ យោធា​កាដាហ្វ៊ី ដែលវាយប្រហារ​តាមផ្លូវគោក។ នៅថ្ងៃ​ពុធទី ២៣ មីនា នេះ អ្នកតំណាង​ប្រឆាំង​នៅភាគខាងលិច​លីប៊ី បាន​មក​ដល់​ទីក្រុង​ប៉ារីស ដើម្បី​ទទូច​សុំ​ឲ្យ​អន្តរជាតិ​ផ្តល់​អាវុធ​ដល់​ខ្លួន។ ក្រុមប្រឹក្សា​ជាតិ​ដែល​តំណាង​ឲ្យ​អ្នកប្រឆាំង​នៅ លីប៊ី បាន​សន្យា​ថា ពេល​លោក​កាដាហ្វ៊ីធ្លាក់ គេ​នឹង​សាង​ប្រទេស​លិប៊ី​ជា​រដ្ឋឯករាជ្យ គឺ​មិន​មែន​​រដ្ឋដែល​មាន​សំបូរ​ដោយ​ពួកអ៊ីស្លាម​ជ្រុលនិយម ពួកអាល់កៃដា។ ក្រុមប្រឆាំង​រហូតនៅបាន​សន្យា​ទៀតថា នៅពេល​ខ្លួន​ឈ្នះ​កាដាហ្វ៊ី ខ្លួន​នឹង​ជួយ​ឲ្យ​រដ្ឋាភិបាល​ថ្មី ផ្តល់​កិច្ចសន្យា​លក់ប្រេង​លីប៊ី ដល់​ប្រទេស​ណា​ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​យោធា​លើកនេះ។
​ការផ្តល់​អាវុធ​ដល់ក្រុមប្រឆាំង​ដើម្បី​យក​ទៅ វាយតប​នឹង​កម្លាំង​របស់​កាដាហ្វី​ជា​យុទ្ធសាស្រ្ត​មួយ​ដែល​អាច​ឲ្យ​ អន្តរជាតិ​បោសដៃ ដកខ្លួន​ចេញពី​ការប្រយុទ្ធ​នៅលិប៊ី និង​ដើម្បី កុំ​ឲ្យ​ពិភព​អារ៉ាប់​ចោទ​ថា មាន​គំនិត​ឈ្លានពាន លីប៊ី។ ប៉ុន្តែ បញ្ហា នៅត្រង់ថា គេ​មិន​អាច​ធ្វើ​ដូច្នេះ​បាន ពីព្រោះថា បើតាម​សេចក្តីសម្រេច​របស់អង្គការ​សហប្រជាជាតិ ប្រតិបត្តិការ​ទ័ព​នៅលីប៊ី​គឺ​ដើម្បី​ឲ្យ​កាដាហ្វ៊ី​គោរព​បទ​ឈប់បាញ់
និង​លែង​វាយប្រហារ​ទៅ លើ​ប្រជាជន។ សហគមន៍ អន្តរជាតិ​បាន​សន្យា​ការពារ​ប្រជាជន តែ​គេ​មិន​បាន​សន្យា​ជួយ​ពួកប្រឆាំង​ដើម្បី​វាយបក​កាដាហ្វ៊ី​នោះទេ។ ត្រង់​ចំណុច​នេះ សំណួរ​ជា​ច្រើន​ត្រូវ​គេ​ចោទ​ថា តើ​សហគមន៍​អន្តរជាតិ​ចង់​ឲ្យ​វិបត្តិ​នៅលីប៊ី​វិវឌ្ឍ​ទៅ យ៉ាងណា។ ទប់​កុំ​ឲ្យ​ទ័ព​កាដាហ្វ៊ី​វាយប្រហារ​មកលើ​ពួកប្រឆាំង ប៉ុន្តែ មិន​ចង់​ផ្តល់​អាវុធ​ដល់​ក្រុមប្រឆាំង ទៅវិញ.....
​កន្លងមក​ពួកប្រឆាំង​នៅលីប៊ី​បាន​សង្ឃឹម​ថា អន្តរាគម​យោធា​អន្តរជាតិ​លើកនេះ​នឹង​អាច​ដូច​អន្តរាគមន៍​ដែល​អង្គការ​អូតង់ ធ្វើនៅ នៅកូសូវ៉ូ ដែល​កាលនោះ អង្គការ​អូតង់​បាន​ជួយ​ពួកឧទ្ទាម​ដែល​រង​ការវាយប្រហារ​ពី​រដ្ឋាភិបាល​ស៊ែប៊ី នៅឆ្នាំ ១៩៩៩។ ទីបំផុត​ពួកឧទ្ទាម​បានជ័យជំនះ រហូត​កាត់ផ្តាច់​កូសូវ៉ូ ទឹកដី​មួយផ្នែក​របស់​ស៊ែប៊ី ឲ្យ​ទៅ​ជា​រដ្ឋឯករាជ្យ។ សហគមន៍​អន្តរជាតិ​រារែក​ជួយ​ ពួកប្រឆាំង​នៅលីប៊ី​ ព្រោះ​បើប្រៀបធៀប​នឹង​ពួកឧទ្ទាម​នៅ​កូសូវ៉ូ ពួកប្រឆាំង​នៅលីប៊ី​មិនមាន​រចនា​សម្ព័ន្ធ និង​ផែនការ​ច្បាស់លាស់ និង​ធ្លាប់​ជិតស្និទ្ធិ​ជាមួយ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​នៅលីប៊ី។ ភាពមិនច្បាស់លាស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អន្តរជាតិ ជា​ពិសេស​មហា​អំណាច​អាមេរិក​រារែក​មិន​ចង់​ពាក់ព័ន្ធ ប្រលូកជ្រៅ​ទៅក្នុង​វិបត្តិ​នៅលីប៊ី៕
​ពីវិទ្យុ បារាំង អន្តរជាតិ RFI ​

No comments:

Post a Comment

yes