សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 29, 2011

ក្រុម​កាយរឹទ្ធិ​ជាង​៥០​នាក់​ដួល​សន្លប់​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក


យុវសិស្ស​ជា​សមាជិក​ក្រុម​កាយរឹទ្ធិ​ជាង ៥០​នាក់ បាន​ដួល​សន្លប់​ភ្លាមៗ​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១១។

ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ពេល​ដែល​ពួក​គេ​បាន​ជួប​ប្រជុំ​គ្នា​ក្នុង​កម្មវិធី​បំពាក់​បូ​ដល់​សមាជិក​ថ្មី​នៅ​ឯ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដែល​មាន​សមាជិក​ចូល​រួម​ប្រហែល ១.៥០០​នាក់។ ក្រុម​គ្រូពេទ្យ​បាន​ស្វះស្វែង​ដឹក​ក្រុម​សិស្ស​ដែល​ដួល​សន្លប់​ទាំង​នោះ​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់ ដើម្បី​យក​ទៅ​សង្គ្រោះ​ព្យាបាល។
ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ភ្នំពេញ ហៅ​ពេទ្យ​សម្ភព​ក្រុង និង​មន្ទីរ​ពេទ្យ​ព្រះសីហនុ មណ្ឌល​នៃ​ក្ដី​សង្ឃឹម បាន​ព្យាយាម​ជួយ​សង្គ្រោះ​ដល់​ក្រុម​សិស្ស​ដោយ​ដាក់​សេរ៉ូម និង​ដាក់​អុកស៊ីហ្សែន ដើម្បី​ជំនួយ​ការ​ដក​ដង្ហើម​ដល់​ក្រុម​យុវសិស្ស​ដែល​បាន​ដួល​សន្លប់​ជាង ៥០​នាក់​នោះ។
អ្នកស្រី​វេជ្ជបណ្ឌិត ហ្គឺលីនដា លូកាស (Gerlinda Lucas) ប្រធាន​មន្ទីរ​ពេទ្យ​ព្រះសីហនុ មណ្ឌល​នៃ​ក្ដី​សង្ឃឹម មាន​ប្រសាសន៍​ថា ក្រុម​គ្រូពេទ្យ​គ្រប់​ផ្នែក​ទាំង​អស់​បាន​ជួយ​សង្គ្រោះ​ក្រុម​សិស្ស​ដែល​ដួល​សន្លប់​នោះ បាន​ទាន់​ពេល​វេលា និង​បាន​ធូរស្រាល​ហើយ៖«ដល់​ពេក​ក្ដៅ​អ៊ីចឹង​ទៅ ដូច​ថា អុកស៊ីហ្សែន​មិន​គ្រប់ ហើយ​ក្មួយ​ៗ​ហ្នឹង​មាន​អាការៈ​មិន​ស្រួល។ ឃើញ​អាការៈ​មិន​ស្រួល​ខ្ញុំ​ក៏​បាន​ទាក់​ទង​ទៅ​មន្ទីរ​សុខាភិបាល​ឲ្យ​ដឹក​ចេញ​ភ្លាមៗ​មក​កុំ​ឲ្យ​ទុក។ ដូច្នេះ​គាត់​ដឹក​មក​ភ្លាមៗ​មក ដាក់​នៅ​ទី​នេះ (មន្ទីរ​ពេទ្យ​បង្អែក​ក្រង និង​មន្ទីរ​ពេទ្យ​ព្រះសីហនុ មណ្ឌល​នៃ​ក្ដី​សង្ឃឹម)»
ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា ក្រុង​ភ្នំពេញ លោក ជា ជាតិ មាន​ប្រសាសន៍​ថា មុន​ពេល​កើត​ហេតុ​គឺ​អាកាសធាតុ​ក្ដៅ​ខ្លាំង ហើយ​ហប់​ខ្យល់ ដែល​ធ្វើ​ឲ្យ​សុខភាព​របស់​សិស្ស​មួយ​ចំនួន​មិន​អាច​ទប់​ទល់​បាន ទើប​បណ្ដាល​ឲ្យ​សន្លប់​បែប​នេះ។ 
លោក​បាន​បន្ត​ទៀត​ថា ការ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល និង​ឆាប់​បំផុត ដោយ​សារ​តែ​មាន​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​បន្ទាន់​នៅ​ប្រចាំការ​នៅ​នឹង​កន្លែង​រៀបចំ​ពិធី​ជួប​ជុំ​គ្នា នា​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ​នោះ៖ «ខ្ញុំ​គិត​ថា ខ្លួន​មនុស្ស​ខ្លះ​វា​អត់​ស៊ាំ​នឹង​កម្ដៅ​ថ្ងៃ ហើយ​ក្មេង​ខ្លះ​ស៊ាំ​នឹង​កម្ដៅ​ថ្ងៃ។ ករណី​ហ្នឹង​មិន​មែន​កើត​ឡើង​តែ​ចំពោះ​ក្មេង​នោះ​ទេ វា​កើត​ឡើង​លើ​មនុស្ស​ទូទាំង​ពិភពលោក។ ពេល​ដែល​យើង​មិន​បាន​ត្រៀម​សម្រាប់​នៅ​ក្រោយ​ឲ្យ​បាន​ស្រួល​បួល អ៊ីចឹង​យើង​ត្រូវ​សន្លប់ ព្រោះ​យើង​ខ្សោះ​ជាតិ​ទឹក។ អ៊ីចឹង​រឿង​ហ្នឹង គឺ​យើង​អាច​ការពារ​បាន ប្រសិន​បើ​យើង​ឲ្យ​ទឹក​ទៅ​ក្មេង​ទាំង​នោះ​ញាំ​មុន​ពេល​ដែល​ក្មេង​ទាំង​នោះ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ ហើយ​មិន​មែន​តែ​ក្មេង​ទេ សូម្បី​តែ​មនុស្ស​ចាស់​ក៏​ដូច​គ្នា​ដែរ»
ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ​របស់​សិស្ស​ដែល​ដួល​សន្លប់​ខ្លះ ស្លន់ស្លោ​មក​ដល់​មន្ទីរ​ពេទ្យ​នៅ​ពេល​ដែល​ទទួល​ដំណឹង​ថា កូន​របស់​ពួក​គាត់​ដួល​សន្លប់ ហើយ​សិស្ស​ខ្លះ​ជួយ​បក់​ខ្យល់​បន្ថែម ឲ្យ​អ្នក​រងគ្រោះ។ 
យុវសិស្ស អន ស្រីល័ក្ខ មាន​ទឹកមុខ​ស្រស់​ស្រាយ​បន្តិច​វិញ ក្រោយ​ពី​បាន​ជួយ​សង្គ្រោះ​បាន​ថ្លែង​ថា នាង​អង្គុយ​យូរ​ពេក​ធ្វើ​ឲ្យ​ស្ពឹក​ជើង ហើយ​វិល​មុខ​ដក​ដង្ហើម​លែង​រួច៖ «ប្រហែល​ជា​អង្គុយ​យូរ​ដែរ ទើប​ស្ពឹក​ដៃ​ស្ពឹក​ជើង។ ប៉ុន្តែ​ឥឡូវ​បាន​ស្រួល​វិញ​ហើយ»
ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គឺ​កើត​មាន​ករណី​យុវ​សិស្ស​ដួល​សន្លប់​ជា​ច្រើន​លើក ដូច​ជា​នៅ​ខេត្ត​កំពង់ចាម នៅ​ខេត្ត​ពោធិ៍សាត់ និង​នៅ​ទី​ក្រុង​ភ្នំពេញ នេះ​ជា​ដើម។ ចំណែក​ឯ​មូលហេតុ​ពិត​ប្រាកដ​នោះ ក្រុម​មន្ត្រី​ជំនាញ​នៅ​មិន​ទាន់​ហ៊ាន​អះអាង​​ថា យ៉ាង​ណា​នៅ​ឡើយ​​ទេ៕


វិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes