សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 6, 2011

លោកស្រី ​មួរ ​សុខហួរ​ បញ្ជូន​ពាក្យ​បណ្តឹង​ឲ្យ​​ម៉ាឡេស៊ី​ស៊ើបអង្កេត​ករណី​ពលការិនី​ខ្មែរ​ស្លាប់

ដោយ ជន សក្តា វីអូអេ​ខ្មែរ | ភ្នំពេញ

នាង​ ហុក ពៅ ជា​ពលការនី​ខ្មែរ​បំរើ​តាម​ផ្ទះ​ម្នាក់​ អាយុ​៣១​ឆ្នាំ។​ នាង​បាន​យំ​ខ្សឹកខ្សួល​នៅ​
ពេល​ដែល​ផ្តល់​ការសម្ភាស​ន៍​មួយនៅ​ក្រុង Petaling Jaya ដែល​នៅ​ក្បែរ​ទីក្រុង​កូឡា​ឡាំពួរ​
 (Kuala Lumpur) នៃ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ទី​១៦ សីហា ២០១១។​ នាង​ ហុក ពៅ​ 
ជា​ជន​ក្រីក្រ​ តែ​នាង​មិន​ដែល​ទទួល​ការ​វាយ​ដំ​ ឬ​ស្រេក​ឃ្លាន​នោះ​ទេ តែ​នៅ​ពេល​នាង​ទៅ​
ធ្វើការ​បំរើ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី​ នាង​បាន​រង​ការ​វាយ​ដំ​ និង​ស្រេក​ឃ្លាន។ នាង​ស្ថិត​ក្នុង​
ចំណោម​ពលការនី​ខ្មែរ​៤១នាក់​ ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅឆ្នាំនេះ​ដោយ​សកម្មជន​​ម៉ាឡេស៊ី។
 លោកស្រី ​មួរ ​សុខហួរ ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​​ បាន​បញ្ជូន​ពាក្យ​បណ្តឹង​ជា​ផ្លូវការ​ជា​លើក​ដំបូង​ទៅ​កាន់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​នៃ​រដ្ឋសភា​របស់​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ទៅ​លើ​ករណី​​ពលការិនី​ខ្មែរ​ស្លាប់។​

 ពៅ ​និច​ អាយុ​១៨​ឆ្នាំ​ ដែល​ត្រូវ​បាន​បញ្ជូន​ឱ្យ​ទៅ​បម្រើការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ក្នុង​ខែ​សីហា ​ឆ្នាំ​២០១១​ បាន​ស្លាប់​ដោយ​គេ​​អះអាង​ថា​ បាន​លេប​ថ្នាំ​ខុស។ ​ពៅ ​និច​ ដែល​ជា​ពលការិនី​ខ្មែរ​បម្រើ ការ​តាម​ផ្ទះ​ម្នាក់​ក្នុង​ចំណោម​១១​នាក់ ​បាន​ស្លាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​ ក្នុង​ឆ្នាំ​២០១១​នេះ។​
លោកស្រីមួរ ​សុខហួរ​ តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី​ បាន​ថ្លែង​ប្រាប់​សន្និសីទ​កាសែត​នៅ​វិមាន​រដ្ឋសភា​ថា​ នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​បញ្ហា​ដ៏​ធំធេង​ជុំវិញ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​លើ​ពលការិនី​ខ្មែរ​បម្រើការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ​ហើយ​ភាព​មិន​ច្បាស់លាស់​នៃ​ការ​ស្លាប់​នេះ​ទាមទារ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​តាម​ពាក្យ​បណ្តឹង​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នេះ។​
«ខ្ញុំ​សូម​ឱ្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​នៃ​ប្រទេស​ម៉ាឡេស៊ី​ធ្វើការ​ស៊ើបអង្កេត ​(ករណី​ស្លាប់​នេះ)​ ទៅ​តាម​កាតព្វ​កិច្ច​របស់​ខ្លួន​ និង​សូម​ផ្តល់​នូវ​របាយការណ៍​ឱ្យ​ច្បាស់លាស់​ពី​ការ​ស្លាប់​នៃ​ករណី​នេះ។​ ខ្ញុំ ​ក្នុង​នាម​ជា​តំណាងរាស្ត្រ​ បាន​ជួប​ឪពុក​ម្តាយ​សព ​ហើយ​ឪពុក​ម្តាយ​សព​ដាក់​ពាក្យ​បណ្តឹង។ ​ខ្ញុំ​ត្រូវ​តែ​បន្ត​ពាក្យ​បណ្តឹង​នេះ​ទៅ​គណៈកម្មាធិការ​នេះ»។​
ពលការិនី​ខ្មែរ​បម្រើការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ទទួល​រង​ការ​ធ្វើ​ទារុណកម្ម​ ការ​បរិភោគ​មិន​គ្រប់គ្រាន់​ ការ​រំលោភ​ផ្លូវភេទ​ ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​គ្មាន​ថ្ងៃ​ឈប់​សម្រាក ​និង​ការ​បើក​ប្រាក់​ខែ​មិន​បាន​ពេញលេញ។​


 លោកស្រី​មួរ​ សុខហួរ​បាន​បញ្ជាក់​ថា​ លោកស្រី​បាន​ផ្ញើរ​ពាក្យ​បណ្តឹង​ដំបូង ​ជូន​ទៅ​លោក​ Muhammad Sha’ ani Bin Abdullah​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​សភា​ម៉ាឡេស៊ី​តាម​អ៊ីម៉ែល ​និង​តាម​ប្រៃសណីយ៍​នៅ​ថ្ងៃ​នេះ។​
វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំ​អត្ថាធិប្បាយ​ពី​លោក​ Muhammad ​តែមិន​អាច​ទាក់ទង​បាន​ទេ។​ មន្ត្រី​ព័ត៌មាន​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា​បាន​បដិសេធ​មិនព្រម​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ។​
លោក​ជីវ​ ផល្លី ​អនុ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការ​ការពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ ​បាន​ថ្លែង​ថា​ បន្ទាប់​ពី​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​គ្រួសារ​សព ​នាយកដ្ឋាន​របស់​លោក​បាន​ស្នើសុំ​ទៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី ​ឲ្យ​សហការ​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី​ ដើម្បី​បញ្ជាក់​ឡើងវិញ​អំពី​មូលហេតុ​នៃ​ការ​លេបថ្នាំ​ស្លាប់​នេះ​បណ្តាល​មក​ពី​កត្តា​អ្វី​ ហើយ​ថ្នាំ​អ្វី​ដែល​សព​បាន​លេប។​
«យើង​ជួយ​គាត់​ដើម្បី​រក​ការណ៍​ពិត ​ប៉ុន្តែ​ការណ៍​​ដែល​ជួយ​ហ្នឹង​ យើង​អត់​មាន​វិសាលភាព​ពង្រីក​អំណាច​យើង​ទៅ​ស៊ើប​អង្កេត​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ទេ។ ​ការ​ធ្វើ​ការ​ស៊ើប​អង្កេត​របស់​យើង​ស្នើ​សុំ​ទៅ​ស្ថានទូត​ (កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី) ​ហើយ​សុំ​ឱ្យ​ស្ថានទូត​ជួយ​ទំនាក់​ទំនង​ជាមួយ​ខាង​អាជ្ញាធរ​នៅ​ប្រទេស​ម៉ាឡេស៊ី​ នៅ​ទីតាំង​ដែល​គាត់​បាន​ស្លាប់​ ដើម្បី​រក​ ថា​តើ​ការ​ស្លាប់​របស់​គាត់​ពិតជា​ស្លាប់​ដោយ​លេបថ្នាំ ​រឿងរ៉ាវ​មុន​លេប​ថ្នាំ​ កត្តា​អ្វីខ្លះ​ ដែល​នាំ​ឱ្យ​គាត់​លេប​ថ្នាំ​ស្លាប់»។​
លោក​អាន​ ប៊ុនហាក់ ​ប្រធាន​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​ បាន​ថ្លែង​ថា​ លោក​បាន​សាទរ​ដល់​សកម្មភាព​របស់​រដ្ឋាភិបាល ​និង​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ សំដៅ​ជំរុញ​ស្វែងរក​មូលហេតុ​ពិត​នៃ​ការ​ស្លាប់​ពលការិនី​ខ្មែរ​បម្រើការ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី​ដែល​ជា​សញ្ញា​វិជ្ជមាន​ឆ្ពោះ​ទៅ​ការពារ​សិទ្ធិ​របស់​ពលការិនី​ខ្មែរ។
«យើង​ស្វាគមន៍​ចំពោះ​អ្វី​ ដែល​ជា​ការ​ចង់ដឹង​ ចង់​ឮ​របស់​លោក​ជំទាវ​មួរ ​សុខហួរ​ ប៉ុន្តែ​ករណី​នេះ​ ខ្ញុំ​គិត​ថា​ មិនមែន​មាន​តែ​លោក​ជំទាវ​ម្នាក់​ឯង​នោះ​ទេ​ ដែល​យក​ចិត្ត​ទុក​ដាក់។​ យើង​ក៏​បាន​ទាមទារ​ឱ្យ​គេ​ជួយ​ផ្តល់​ជូន​ឯកសារ​មួយ​ចំនួន​ទៀត​ដើម្បី​បំពេញ​បន្ថែម​ទៅ​លើ​អ្វី​ដែល​​ជា​ចម្ងល់​ដែរ»។​
ពលការិនី​ខ្មែរ​បម្រើការ​តាមផ្ទះ​ចំនួន​១១​នាក់​បាន​ស្លាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ​២០១១​នេះ​ ដោយ​មាន​ការ​អះអាង​ថា​ ការ​ស្លាប់​នេះ​បាន​បណ្តាល​មក​ពី​ជំងឺ ​និង​ការ​សម្លាប់​ខ្លួន។ ​ប៉ុន្តែ​អង្គការ​សង្គម ស៊ីវិល​ និង​គណបក្ស​ប្រឆាំង​សង្ស័យ​ថា​ ការ​សម្លាប់​នេះ​អាច​បណ្តាល​មក​ពី​មូលហេតុ​ផ្សេង។​
លោកស្រី ​មួរ​ សុខហួរ​បាន​បញ្ជាក់​ថា​ លោកស្រី​នឹង​ធ្វើ​ពាក្យ​បណ្តឹង​មួយ​ករណី​ម្តង​មួយ​ករណី​ម្តង​អំពី​ការ​ស្លាប់​នេះ៕


VOA

No comments:

Post a Comment

yes